ជាតិ
សង្គមជាតិ
សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ​៖ ពលរដ្ឋ៦៩៨គ្រួសារស្ម័គ្រចិត្តរុះរើទៅនៅភូមិធម្មជាតិរុនតាឯក វិញ
24, Aug 2022 , 4:02 pm        
រូបភាព
ក្រុមការងារវាស់វែង និងកំណត់និយាមកាក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ កំពុងបំពេញការងារនៅតំបន់១ នៃរមណីយដ្ឋានអង្គរ។
ក្រុមការងារវាស់វែង និងកំណត់និយាមកាក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ កំពុងបំពេញការងារនៅតំបន់១ នៃរមណីយដ្ឋានអង្គរ។
សៀមរាប៖ ជាដំណាក់កាលដំបូងនេះ ប្រជាពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ៦៩៨គ្រួសារ បានស្ម័គ្រចិត្តចាកចេញទៅនៅតំបន់ថ្មី ដែលរាជរដ្ឋាភិបាលរៀបចំ និងដោះស្រាយតាមគោលនយោបាយ ។ ទីតាំងថ្មីនោះ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី។

 
ក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ បានរកឃើញសំណង់ខុសច្បាប់សរុបចំនួន ៩៦៣គ្រួសារ ក្នុងភូមិចំនួន២ប៉ុណ្ណោះ ត្រឹមរយៈពេល៥ថ្ងៃ នៃសកម្មភាពចុះវាស់វែង និងកំណត់និយាមកាក្បាលដី។ តាមសេក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងចំណោមសំណង់ខុសច្បាប់ជិត១ពាន់គ្រួសារនោះ គឺស្ថិតនៅភូមិទក្សិណត្បូង ៣៤៩គ្រួសារ និង ៦១៤គ្រួសារទៀត នៅភូមិត្រពាំងសេះ។ 
 
ក្នុងនោះពលរដ្ឋ ៦៩៨គ្រួសារ ស្មើនឹងជាង៧២ភាគរយ បានស្ម័គ្រចិត្តរុះរើសំណង់ ដើម្បីចាប់ឆ្នោតយកដីឡូតិ៍ទៅនៅភូមិធម្មជាតិរុនតាឯក ដែលមានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួង កម្មវិធីចាប់ឆ្នោតដំណាក់កាលដំបូងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា នៅរដ្ឋបាលខេត្តសៀមរាប។
 
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួង នាទីស្ដីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា​ ការទន្រ្ទានដី និងសំណង់ខុសច្បាប់ខាងលើ គឺធ្វើឡើងដោយពលរដ្ឋចម្រុះមកពីតំបន់ខេត្តរាជធានីផ្សេងៗ មិនមែនមានតែអ្នកខេត្តសៀមរាបផ្ទាល់ទេ។ លោកបន្តថា ក្រុមការងារជំនាញជាង៧០០នាក់ ពីក្រសួងរៀបចំដែនដី និងមួយចំនួនទៀតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន ក៏កំពុងប្រតិបត្តិការវាស់វែងដី ដើម្បីសម្រេចទៅតាមផែនការដែលគ្រោងទុក។ 


 សំណង់ខុសច្បាប់មួយកន្លែង នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដែលក្រុមការងារវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី ចុះបំពេញការងារ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

ចំពោះយន្តការដោះស្រាយបញ្ហាសំណង់ខុសច្បាប់នេះ លោក សេង ឡូត បានលើកឡើងដដែល ដូចទៅនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី១៨ ខែសីហា ដោយបញ្ជាក់ថា​មានតែពលរដ្ឋដែលមានលក្ខខណ្ឌច្បាស់លាស់ និងមានឯកសារពាក់ព័ន្ធដែលចេញដោយអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០០៤ និង២០០៥ប៉ុណ្ណោះ ដែលមានសិទ្ធិគ្រប់គ្រាន់ដើម្បីទទួលបានដីទំហំ ២០គុណ៣០ នៅភូមិធម្មជាតិរុនតាឯក។
 
លោក សេង ឡូត បន្ថែមថា៖« អ៊ីចឹងអ្នកដែលគ្រប់លក្ខខណ្ឌ ទទួលដំណោះស្រាយជាដីទៅនៅទីតាំងថ្មី គឺនៅភូមិធម្មជាតិរុនតាឯក ប៉ុន្តែតែដីទេ គ្មានសំណងអ្វីទាំងអស់ គឺរុះរើពីហ្នឹងទៅរៀបចំនៅទីនោះដោយផ្ទាល់ខ្លួន ហើយប្រជាពលរដ្ឋបានទទួលព័ត៌មាននេះគ្រប់ៗគ្នា ហើយគាត់ស្ម័គ្រចិត្ត។...ហើយអ្នកមិនគ្រប់លក្ខខណ្ឌ ទៅចាប់ដីតាផ្ដេសតាផ្ដាស នោះគឺត្រូវតែចាកចេញ ហើយប្រគល់ដីជូនរដ្ឋវិញដោយស្ម័គ្រចិត្ត នោះគឺជាកាតព្វកិច្ចត្រូវតែអ៊ីចឹង»។
 
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា បានបង្ហាញថា ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ក្រុមការងារបច្ចេកទេសដែលមាន ៦៨ក្រុម មានគ្នាជាង១ពាន់នាក់ បានវាស់វែងក្បាលដីបានចំនួនជាង ២ពាន់ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៤ក្បាលដី និងក្បាលដីគ្មានសំណង់ ៦ ៧៣៧ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ហិកតា ក្នុងទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕
 
 
 

Tag:
 សំណង់ខុសច្បាប់
  អង្គរ
  ភូមិធម្មជាតិរុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com