ជាតិ
សេដ្ឋកិច្ច
«ខ្ញុំចង់ដឹង ស្វែងយល់ពីលុយ» ជាសៀវភៅបណ្តុះកុមារលើចំណេះដឹងហិរញ្ញវត្ថុ និងស្រលាញ់លុយជាតិ យុវតី សែម ប្រាក់ដាវ កំពុងអានសៀវភៅ«ខ្ញុំចង់ដឹង ស្វែងយល់ពីលុយ»
× «ខ្ញុំចង់ដឹង ស្វែងយល់ពីលុយ» ជាសៀវភៅអប់រំមួយក្បាលដែលបានបញ្ជ្រាបនូវ ចំណេះដឹងហិរញ្ញវត្ថុ ដល់ ពលរដ្ឋកម្ពុជា ពិសេសកុមារ អំពីរបៀបសន្សំប្រាក់។ សៀវភៅកម្រាស់៤០ទំព័រ នេះ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់កុមារនិងសិស្សានុសិស្ស ក្នុងការប្រើប្រាស់ប្រាក់ឱ្យមានប្រសិទ្ធភាព។
សៀវភៅ «ខ្ញុំចង់ដឹង និងស្វែងយល់ពីលុយ» បានផ្តោតសំខាន់លើរបៀបសន្សំប្រាក់របស់កុមារ ដើម្បីទិញទំនិញណាមួយដែលខ្លួនស្រលាញ់ ពេញចិត្ត។ សៀវភៅនេះ ក៏បង្ហាញពីការចរាចរណ៍លុយ, របៀបនៃការចំណាយ, ការគ្រប់គ្រងចំណាយ រួមទាំងតួនាទីរបស់ធនាគារជាតិនៃកម្ពុជា...ជាដើម។
សៀវភៅនេះ បានបង្កប់នូវសារអប់រំខ្លីៗ ស្តីពី វិស័យហិរញ្ញវត្ថុ សារខ្លះពញ្ញាក់ស្មារតីកុមារឱ្យបានដឹងអំពីប្រវត្តិលុយ រួមទាំងសារបណ្តុះនូវគំនិតចេះសន្សំលុយតាំងពីក្មេង រួមទាំងការបណ្តុះនូវគំនិត ការប្រើប្រាស់លុយរៀល គឺជាការស្នេហាជាតិ លើកតម្កើងអត្តសញ្ញាណជាតិ និងជួយដល់សេដ្ឋកិច្ចជាតិ ផងដែរ។ ខ្លឹមសារនីមួយៗនៃសៀវភៅនេះ គឺអមទៅដោយរូបភាពសម្បូរបែប ទាំងរូបភាពគំនូរជីវចល និងរូបភាពពិតៗនៃសង្គមជាក់ស្ដែង ដែលផ្ដល់ភាពងាយស្រួលសម្រាប់កុមារក្នុងការអាន និងស្វែងយល់។
សៀវភៅនេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា(ABC) ក្រោមកិច្ចសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការស៊ីប៉ា(Sipar)។ បើតាមលោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា ការសម្រេចបោះពុម្ពសៀវភៅនេះឡើង គឺសមាគមមានគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុ ដូចជា ចូលរួមជំរុញនូវប្បធម៌នៃការសន្សំប្រាក់របស់ពលរដ្ឋកម្ពុជាតែម្តង។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ ចាន់ បានបញ្ជាក់ថា៖ «យើងផលិតសៀវភៅនេះឡើង គឺសម្រាប់កុមារ ដែលមានអាយុ១៧ឆ្នាំចុះ។ ព្រោះ យើងឃើញថា មនុស្សដែលស្ថិតនៅក្នុងវ័យនេះ គឺមិនមានឧបករណ៍អាន និងរៀនសូត្រច្រើនទេ ដែលទាក់ទងវិស័យហិរញ្ញវត្ថុ»។ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជារូបនេះបានបន្តថា៖ «យើងចង់ចូលរួមផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កុមារ ដើម្បីឱ្យពួកគាត់មានមូលដ្ឋានគ្រឹះក្នុងការចេះសន្សំលុយតាំងពីក្មេងទៅ និងចេះប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព»។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនៅកុមារ សមាគមធនាគារនៅកម្ពុជានឹងចុះចាយចែកសៀវភៅស្វែងយល់ពីលុយនេះនៅតាមជនបទ និងនៅតាមសាលារៀននានាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមលើនេះ នៅតាមបណ្តាល័យនានារបស់អង្គការស៊ីប៉ា ក៏មានសៀវភៅនេះសម្រាប់សិស្សរៀន ដែរ។ បើតាមលោក សុខ ចាន់ សៀវភៅស្វែងយល់ពីលុយនេះ ក៏មានដាក់លក់នៅតាមបណ្តាគារនៅរាជធានី-ខេត្ត ផងដែរ។
លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា
ជាមួយគ្នានេះសមាគមធនាគារនៅកម្ពុជា នឹងជំរុញដល់សមាជិកនិងដៃគូសហការនានាទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយសៀវភៅនេះបន្តដល់ប្រជាពលរដ្ឋ តាមរយៈរូបភាពផ្សេងៗ។ លោក សុខ ចាន់ បន្តនិយាយដូច្នេះ៖ « ជាគោលដៅ គឺយើងនឹងបោះពុម្ពបន្តទៀត ប៉ុន្តែយើងចង់ឱ្យមានការចូលរួមពីសមាជិក និងដៃសហការរបស់យើងក្នុងការបោះផ្សាយសៀវភៅនេះដែរ។ ព្រោះ ការផ្សព្វផ្សាយចំណេះហិរញ្ញវត្ថុដល់កុមារ ក្រៅពីការបោះពុម្ពសៀវភៅហើយនោះ យើងគ្រោងបង្កើតជាសំឡេង[Podcast] ជាវីដេអូ និងជារូបភាពនានាបន្តទៀត សម្រាប់លើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋក្នុងវិស័យហិរញ្ញវត្ថុ»។
សូមជម្រាបថា បច្ចុប្បន្ន ក្រសួងអប់រំ ក៏បានដាក់បញ្ចូននូវមេរៀនពីចំណេះដឹងហិរញ្ញវត្ថុមួយចំនួន ចូលក្នុងកម្មវិធីសិក្សារបស់សិស្សថ្នាក់ទី៤ និងទី៧ នៅតាមបឋមសិក្សានិងអនុវិទ្យាល័យនានា ទូទាំងប្រទេស ផងដែរ។ ក្រសួងអប់រំ មានសៀវភៅ និងសម្ភារផ្សេងទៀតសម្រាប់បង្រៀនសិស្ស ដើម្បីចូលរួមចំណែក លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សាជាតិ៕
Tag:
អប់រំ
ចំណេះដឹងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com