ជាតិ
សេដ្ឋកិច្ច
៦ខែ កម្ពុជាអនុម័តគម្រោងជាង ២ពាន់​ ប៉ុន្តែអ្នកជំនាញថា នៅមានសន្ទុះទាប
24, Aug 2022 , 9:59 pm        
រូបភាព
គម្រោងសាងសង់ដែលកម្ពុជាបានអនុម័តនៅក្នុងឆមាសទី១នេះ មានប្រមាណ ២ពាន់គម្រោង ។ អ្នកជំនាញបានយល់ឃើញថា ចំនួននេះហាក់នៅមានសន្ទុះទាបនៅឡើយ បើប្រៀបធៀបបណ្តាឆ្នាំកន្លងទៅ។


កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់ប្រមាណ ២ពាន់គម្រោង ក្នុងទំហំទឹកប្រាក់ជាង ១ ២០០លានដុល្លារ ក្នុងឆមាសទី១​ ឆ្នាំ២០២២ ។ នេះបើតាមលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី ២៤ សីហា។ 
 
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាយល់ថា សន្ទុះនៃការសាងសង់ក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន ហាក់ដូចជាមានភាពយឺតយ៉ាវ និងមានចំនួនតិច។ 
 
អ្នកជំនាញរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ៖«គម្រោងសាងសង់ថ្មីៗមួយចំនួនធំ ជាការវិនិយោគរបស់ម្ចាស់គម្រោងនៅក្នុងស្រុក ចំណែកឯគម្រោងរបស់អ្នកវិនិយោគក្រៅស្រុក ភាគច្រើនជាគម្រោងដែលបន្តពីឆ្នាំចាស់ៗ»។ 
 
កម្ពុជាមានអ្នកវិនិយោគនៅក្នុងស្រុកលើវិស័យសំណង់ច្រើន ប៉ុន្តែដើម្បីឱ្យមានការរីកចម្រើនជាងនេះ ត្រូវការរំពឹងលើអ្នកវិនិយោគិនបរទេសបន្ថែម ។ នេះជាការបញ្ជាក់របស់លោក សុខនីម ដែលបន្ថែមថា ចិន ជប៉ុន និងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប បានវិនិយោគលើវិស័យសំណង់ច្រើនក្នុងប្រទេសកម្ពុជា។
 
លោក សុខនីម រំពឹងថា គម្រោងសាងសង់នឹងកើនឡើងជាងមុន ដោយសារស្ថានភាពកូវីដ-១៩ នៅកម្ពុជា ធូរស្រាលខ្លាំង។ ទន្ទឹមនេះ រដ្ឋាភិបាលរំពឹងថា វិស័យសំណង់នឹងងើបឡើងវិញក្នុងអត្រា ៣ ភាគរយក្នុងឆ្នាំ២០២២នេះ ។
 
គួរបញ្ជាក់ថា គម្រោងសាងសង់ភាគច្រើននៅរាជធានីភ្នំពេញ បន្ទាប់មកគឺខេត្តព្រះសីហនុ ខណៈខេត្តសៀមរាបក៏មានគម្រោងសាងសង់ច្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ។ ដោយឡែក អ្នកវិនិយោគក្នុងស្រុក ភាគច្រើនសាងសង់ជាប្រភេទលំនៅឋានបុរី និងផ្សារ រីឯវិនិយោគិនបរទេសវិញ សាងសង់ជាប្រភេទលំនៅឋានខុនដូ។ 
 
សូមជម្រាបថា ក្នុងឆ្នាំ ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់មានជាង ៤ពាន់គម្រោង ដែលមានទុនវិនិយោគជាង ៥លានដុល្លារ។ នេះបើយោងតាមទិន្ន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
 

Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com