ជាតិ
សង្គមជាតិ
លោក ហ្សង់ ហ្វ្រង់ស័រតាន់៖«ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ»
25, Aug 2022 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជីវិត និងការងារ។ នេះ គឺជាអ្វីដែលមនុស្សគ្រប់រូបមិនអាចចោលវាបាន។ ជីវិតគ្មានការងារធ្វើ គឺជាជីវិតគ្មានន័យ។ មានការងារធ្វើច្រើនជ្រុលពេកគ្មានពេលសប្បាយ ជីវិតក៏គ្មានន័យដែរ។ តើគេត្រូវធ្វើដូចម្តេចដើម្បីឲ្យមានតុល្យភាពជីវិត និងការងារ? ខាងក្រោមនេះ គឺជាការពន្យល់ទាំងស្រុងរបស់លោក លោក ហ្សង់ ហ្វ្រង់ស័រតាន់ អ្នកវិភាគកិច្ចការអន្តរជាតិដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសកម្ពុជា។

 
ហេតុអ្វីងើបពីព្រលឹមហើយចេញទៅធ្វើការ? មានមូលហេតុបួន យ៉ាងតិច។ ទីមួយ ដើម្បីរកលុយមកចិញ្ចឹមជីវិត។ ទីពីរ ដើម្បីលក្ខន្តិកៈសង្គម(social status) បានន័យថា ខ្ញុំធ្វើការដ្បិតខ្ញុំជាពលរដ្ឋសកម្មដែលចូលរួមកសាងសង្គមដើម្បីប្រយោជន៍ជាតិខ្ញុំ តាមរយៈ កិច្ចការទោះតូចឬធំ ក្នុងអាជីពនិងក្នុងជំនាញរបស់ខ្ញុំ។ ទីបី ដើម្បីទំនាក់ទំនងសង្គម បានន័យថា មានការធ្វើ នាំខ្ញុំឱ្យជួបគេឯងដែលជាពលរដ្ឋដទៃ ដែលជាសហការីរួមការងារ ឬដែលជួនកាលក្លាយជាមិត្តភក្តិរួមការងារ។ ទីបួន ដើម្បីបំពេញបំណងរបស់ខ្ញុំ ដើម្បីធ្វើ ឱ្យសុបិនរបស់ខ្ញុំ(អ្នកខ្លះចង់បង្រៀន អ្នកខ្លះចង់ព្យាបាល អ្នកខ្លះទៀតចង់សរសេរ ចង់គូរ ចង់ក្លាយជា…) ក្លាយជាការពិត។
 
ប៉ុន្តែ…ធ្វើការយូរទៅ នាំឱ្យមនុស្សច្រើនឡើងៗ ពិសេស ក្នុងសង្គមទំនើប យល់ឃើញ នៅទីបំផុតថា ខ្លួនជាទាសករ, ទាសករនៃថៅកែ, ទាសករនៃ តម្រូវការ, ទាសករនៃជីវិត…។ ធ្វើការយូរទៅ នាំឱ្យហត់ទាំងកាយហត់ទាំងចិត្ត ពីព្រោះកិច្ចការ ច្រើនពេក ពីព្រោះកន្លែង ការងារ ជាទីនៃការ កកិតប៉ះទង្គិចគ្នារវាងមនុស្សខុសគ្នា រវាងបុគ្គលិក លក្ខណៈខុសគ្នា រវាងចរិតចរិយាខុសគ្នា រវាងប្រយោជន៍ខុសគ្នា…។ ធ្វើការយូរទៅនាំឱ្យធុញថប់ ដ្បិតសុបិនរលាយដូចអំបិលត្រូវទឹក ដ្បិតមិនដូចការគិត ហើយប្រាក់ ខែក៏តិចទៀត។
 
ម្ល៉ោះហើយ ដើម្បីសុខកាយសប្បាយចិត្ត ទន្ទឹមគ្នានឹងការងារដែលត្រូវធ្វើ ម្នាក់ៗគួរស្វែងរក អ្វីផ្សេង…ស្វែងរកសុភមង្គលក្នុងគ្រួសារ មិត្តភក្តិនៅក្រៅរង្វង់ការងារ ឱកាសនៅឃ្លាតឆ្ងាយ ពីការងារពេលថ្ងៃសម្រាកឬពេលវិស្សមកាល និងចំណីសម្រាប់អារម្មណ៍សប្បាយរីករាយ។ ធ្វើបែបនេះ មិនខុសទេ មិនបាបទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com