អន្តរជាតិ
អ៊ុយក្រែនថា មនុស្ស២២នាក់បានស្លាប់ក្រោយការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃទិវាឯករាជ្យជាតិ
25, Aug 2022 , 11:58 am        
រូបភាព
ក្រុមពន្លត់អគ្គិភ័យអ៊ុយក្រែន បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះមួយកន្លែងដែលរងការវាយប្រហារដោយរុស្ស៊ី។ រូបថត AFP
ក្រុមពន្លត់អគ្គិភ័យអ៊ុយក្រែន បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះមួយកន្លែងដែលរងការវាយប្រហារដោយរុស្ស៊ី។ រូបថត AFP
ទីក្រុងកៀវ នៅថ្ងៃទី២៤ ខែសីហា បានអះអាងថា មនុស្ស២២នាក់ បានស្លាប់ក្នុងការវាយប្រហារមួយលើស្ថានីយ៍រថភ្លើង Chaplyne ដោយកងកម្លាំងរុស្ស៊ី។ អ៊ុយក្រែនក៏បានសន្យា​ នឹងធ្វើឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​លើ​អ្វីដែលបានធ្វើទៅលើប្រជាជនរបស់ខ្លួន។


ដូចការរំពឹងទុក រុស្ស៊ី បានវាយប្រហារគោលដៅអ៊ុយក្រែននៅថ្ងៃទី២៤ ខែសីហា ចំទិវាបុណ្យជាតិរបសអ៊ុយក្រែនតែម្ដង។ បើតាមអ៊ុយក្រែន រុស្ស៊ីបានបាញ់គ្រាប់រ៉ុក្កែត​ធ្លាក់លើស្ថានីយរថភ្លើង​នៅទីក្រុង​តូច​មួយដែលស្ថិតនៅតំបន់ Chaplyne មានចម្ងាយ១៤៥គីឡូម៉ែត្រពីតំបន់គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនដូណេត្ស។
 
«តំបន់ Chaplyne គឺជាសេចក្ដីឈឺចាប់របស់ពួកយើងថ្ងៃនេះ។ ត្រឹមពេលនេះមនុស្ស២២នាក់​បាន​ស្លាប់»។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងបែបនេះ​នៅក្នុង​សុន្ទរកថា​ជា​វីដេអូដែលថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃ២៤ ខែសីហា។ មេដឹកនាំអ៊ុយក្រែនរូបនេះ បន្តថា រុស្ស៊ីនឹងត្រូវទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន​ផងដែរ។
 
ចំណែកអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Kyrylo Tymoshenko បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍មួយផ្សេងថា កងកម្លាំងរុស្ស៊ីបានវាយប្រហារលើតំបន់ Chaplyne ចំនួនពីរដង។ ក្នុងការវាយប្រហារលើកទីមួយ មីស៊ីលមួយគ្រាប់បានធ្លាក់ត្រូវផ្ទះ ប្រជាជន​ដែលបា​នធ្វើឱ្យ​កុមារា​ម្នាក់​ស្លាប់។ បន្ទាប់មកក្នុងការវាយប្រហារលើកទីពីរ គ្រាប់ រ៉ុក្កែតបានធ្លាក់លើស្ថានីយរថភ្លើងមួយ និ​ង​បង្ក​ឱ្យ​ឆេះទូររថភ្លើងចំនួនប្រាំដែលបណ្ដាលឱ្យជនស៊ីវិលចំនួន២១នាក់ផ្សេងទៀតបានស្លាប់។
 
ជុំវិញការវាយប្រហារនេះ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបយ៉ាងណានោះឡើយ។ កន្លងមក រុស្ស៊ីតែងតែច្រាលចោលការចោទប្រកាន់ទាំងឡាយណាដែលថាខ្លួនកំណត់គោលដៅលើជនស៊ីវិល។
 
ចំណែកឯសម្ព័ន្ធមិត្តអ៊ុយក្រែនក្រុងវ៉ាស៊ីនតោនបានរិះគន់ទង្វើរបស់រុស្ស៊ីខាងលើ ជាការអំពើដ៏​ឃោរ​ឃៅ​។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន បានលើកឡើងតាមបណ្ដាញសង្គម Twitter ថា ក្រុងវ៉ាស៊ីនតោននឹងធ្វើការជាមួយដៃគូមកពីប្រទេសផ្សេងៗទៀតដើម្បីឈរជាមួយ​ក្រុងកៀវ និង​ទាម​ទារការទទួលខុសត្រូវពីក្រុងមូស្គូ៕
 
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com