ជាតិ
សង្គមជាតិ
នៅពេលដែលបវរកញ្ញាពីប៉ោយប៉ែត និងបាវិត បង្ហាញបៀ និងអាប៉ោង ជាសក្តានុពល...
25, Aug 2022 , 1:00 pm        
រូបភាព
ដោយ: រួបរួម
អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន បានបង្ហាញប្រតិកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការដើរបង្ហាញសន្លឹកបៀ និងគ្រាប់អាប៉ោង របស់បវរកញ្ញាពីររូប ក្នុងការប្រកួតប្រជែងសម្លៀកបំពាក់ជាតិ (National Costume) នៃព្រឹត្តិការណ៍ប្រឡងបវរកញ្ញា Miss Grand Cambodia 2022 ដែលផ្សាយផ្ទាល់កាលពីយប់ថ្ងៃពុធ ទី២៤ ខែសីហា។

 
ការប្រកួតប្រជែងដែលមានបេក្ខនារី៣៥រូបពីបណ្តាខេត្ត ក្រុង និងសហគមន៍ជនជាតិខ្មែរនៅបរទេស បង្ហាញនូវទស្សនីយភាពដ៏ទាក់ទាញជាច្រើន ជាមួយនឹងសម្ផស្សដ៏ស្រស់សោភានៃបវរកញ្ញារាល់រូប។ ប្រតិកម្មរិះគន់ និងការកោតសរសើរតែងតែកើតមានជាធម្មតាក្នុងការប្រកួតប្រជែង ប៉ុន្តែសាធារណជនបានចាប់អារម្មណ៍ជាពិសេសនូវវត្តមានរបស់បវរកញ្ញាពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀង។
 
គ្រោងឈុតជាបុគ្គលិកនារីកាស៊ីណូ បវរកញ្ញាពីក្រុងប៉ោយប៉ែត បានធ្វើដំណើរយ៉ាងស្វាហាប់នៅលើវេទិកាដែលមានផ្ទាំងប្រាសាទអង្គរវត្តនៅពីក្រោយ។ នៅជាប់នឹងដៃរបស់កញ្ញារូបនោះ គឺផ្ទាំងសន្លឹកបៀ ហើយបើតាមសំឡេងអត្ថាធិប្បាយ នេះជាការបង្ហាញពីសក្តានុពលនៃអាជីវកម្មកាស៊ីណូនៅតំបន់ព្រំដែនខ្មែរ-ថៃ។
 
សំឡេងអត្ថាធិប្បាយអមជាមួយនឹងវត្តមានរបស់បវរកញ្ញាក្រុងប៉ោយប៉ែត បានលើកឡើងថា ក្រុងនៃខេត្តបន្ទាយមានជ័យមួយនេះ ប្រជុំដោយពលរដ្ឋធ្វើការចំណាកស្រុក ជាពិសេសជាមួយនឹងការងារដឹកជញ្ជូនទំនិញឆ្លងព្រំដែនដ៏មមាញឹក។ «ក្រុងប៉ោយប៉ែត ប្រជុំទៅដោយការអភិវឌ្ឍន៍ជាមួយនឹងលំហូរចូលនៃអាជីវកម្មកាស៊ីណូ ដោយទទួលបាននូវការងារជាច្រើន ជាពិសេសយុវជនដែលអាចរកចំណូលបានបន្ថែម»។ នេះបើការពិព័រណ៌នារៀបរាប់។
 
បេក្ខនារីបន្ទាប់ គឺជាបវរកញ្ញាពីក្រុងបាវិត។ ពេលនេះ បញ្ហាបច្ចេកទេសបន្តិចបន្តួចបានកើតឡើង ដោយសារតែមានការចាក់សំឡេង និងការអធិប្បាយច្រឡំអំពីបវរកញ្ញាខេត្តសៀមរាប។ បវរកញ្ញា ដើរកាន់គ្រាប់ និងបង្វិលគ្រាប់អាប៉ោងជាមួយនឹងស្នាមញញឹម ខណៈអ្នកចូលរួមផ្ទាល់នាំស្រែកថា «ក្រុងបាវិត ក្រុងបាវិត»។
 
ក្រោយការរអាក់រអួល សំឡេងអត្ថាធិប្បាយ បានផ្តោតទៅរៀបរាប់ពីអំពីដើមកំណើតក្រុងបាវិត និងសក្តានុពលក្រុងនៅព្រំដែនខ្មែរ-វៀតណាមនេះវិញ ដោយបញ្ជាក់ថា៖ «ក្រុងបាវិតជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ជាពិសេសបានផ្តល់ការងារជាច្រើនទៅលើវិស័យកាស៊ីណូ»។
 
នៅលើទំព័រហ្វេសប៊ុក និង Youtube របស់ Miss Grand Cambodia មានការបញ្ចេញមតិជាច្រើន ហើយអ្នកខ្លះបានទាញយករូបភាពបវរកញ្ញាទាំងពីរទៅបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយនឹងការរិះគន់បែបបន្ទោស និងការរិះគន់ស្ថាបនា។
 
មតិខ្លះបានលើកឡើងថា ជាការជាន់ពន្លិចវប្បធម៌ជាតិ និងជាការសាបព្រោះល្បែងស៊ីសងនៅក្នុងសង្គមខ្មែរ។ មតិខ្លះ បង្ហាញនូវការហួសចិត្តកាន់តែខ្លាំងដោយសារតែវត្តមានបវរកញ្ញាភ្ជាប់ដោយផ្ទាំងប្រាសាទអង្គរវត្តនៅពីក្រោយ។ មតិមួយចំនួន ក៏មិនទម្លាក់កំហុសទៅលើបវរកញ្ញាទាំងស្រុងនោះដែរ ពីព្រោះពួកគេអនុវត្តទៅតាមតែអ្នករៀបចំ និងអ្នករចនាជូនពួកគេ។
 
ស្របពេលជាមួយគ្នា មនុស្សមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា វាជារឿងពិតមិនអាចប្រកែកបាន ពីព្រោះកាស៊ីណូ ពិតជាអាជីវកម្មដ៏មានសក្តានុពលនៅក្រុងប៉ោយប៉ែត និងបាវិត។
 
ក្នុងការប្រកួតប្រជែងផ្នែកសម្លៀកបំពាក់របស់បវរកញ្ញាទាំង៣៥រូប ក្រៅពីការបង្ហាញសក្តានុពលរបស់បវរកញ្ញពីក្រុងប៉ោយប៉ែត និងក្រុងបាវិត បវរកញ្ញាផ្សេងទៀត បានបង្ហាញពីឈុតផ្សេងដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រតំបន់ សិល្បៈ សាសនា រឿងព្រេងនិទាន ប្រលោមលោក បទចម្រៀង ជំនឿ រុក្ខជាតិ ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗ។
 
បវរកញ្ញាទាំង៣៥រូបនោះ មាន២៥រូបពីបណ្តារាជធានី-ខេត្ត រីឯ១០រូបទៀតជាបវរកញ្ញាពីក្រុងប៉ោយប៉ែត, ក្រុងបាវិត, ក្រុងបូកគោ, ខ្មែរកម្ពុជា-ក្រោម, ខ្មែរ-សុរិន្ទ, ខ្មែរ-អូស្ត្រាលី, ខ្មែរ-នូវែលសេឡង់, ខ្មែរ-បារាំង, ខ្មែរអាមេរិកាំង និងខ្មែរ-កាណាដា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com