ជាតិ
សង្គមជាតិ
សម្តេច ស ខេង ជម្រាបអ្នករាយការណ៍ UN ថា កម្ពុជារងគ្រោះ ព្រោះឧក្រិដ្ឋជនយកធ្វើជាកន្លែងជួញដូរមនុស្ស
26, Aug 2022 , 4:57 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ជួបពិភាក្សារការងារជាមួយលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
សម្តេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ជួបពិភាក្សារការងារជាមួយលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ដោយ៖ វ៉ន ស៊ីចេន 

ក្នុងចំណោមប្រធានបទនានា ដែលលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លើកទៅពិភាក្សាជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏មានប្រធានបទអំពីការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្មដោយបង្ខំនៅកម្ពុជាផងដែរ។ ជំនួបរវាងឥស្សរជនទាំង២ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។



«ពាក់ព័ន្ធនឹងការប្រឆាំងអំពើជួញដូរមនុស្ស ការជួញដូរពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម សម្ដេច ស ខេង បាន​ជម្រាបជូនលោក វិទិត មុតតាបន ថា កម្ពុជា ក៏ជាប្រទេស​ ដែលរងគ្រោះដោយសារអំពើទាំងនេះដែរ ដោយហេតុថា ពួកឧក្រិដ្ឋជន ​បានឆ្លៀតកេងចំណេញលើចំណុចខ្សោយមួយចំនួន [របស់កម្ពុជា] ហើយយកកម្ពុជា ជាកន្លែងដើម្បីឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធ​មនុស្សនេះ»។ ប្រសាសន៍នេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច។
 
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ សម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធជាច្រើន ដោយរួមមានទាំងអភិបាលខេត្តផង ដើម្បីពិភាក្សាគ្នាពីផែនការបង្ក្រាបអំពើជួញដូរមនុស្ស អំពើជួញដូរកម្លាំងពលកម្ម និងអំពើជួញដូរផ្លូវភេទ។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ សម្តេច ក៏ចេញសេចក្តីអំពាវនាវមួយ ដោយអំពាវនាវឲ្យសាធារណជនជាតិ-អន្តរជាតិ បន្តផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ដល់អាជ្ញាធរកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។
 
ក្នុងសេចក្តីអំពាវនាវ សម្តេចរដ្ឋមន្រ្តី បង្ហាញតួលេខថា ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញអំពីជួញដូរមនុស្ស និងអំពីជួញដូរកម្លាំងពលកម្ម៨៧ករណី ដោយមានជនបរទេសជាជនរងគ្រោះ៨៦៥នាក់ ត្រូវបានជួយសង្គ្រោះ និងជនល្មើស៦០នាក់ ត្រូវបានកសាងសំណុំរឿងទៅតុលាការ។ ដោយឡែក នាសប្ដាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរ បង្ក្រាបបទល្មើសនេះបាន៧ករណី ដោយជួយសង្គ្រោះជនរងគ្រោះជាជនបរទេស២៥នាក់ និងឃាត់ជនបរទេសជាជនសង្ស័យ២៣នាក់។
 
សម្តេចឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងចំណោមបរទេសជាជនរងគ្រោះទាំងនោះ មានមួយចំនួនធំ ត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេខ្លោងក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញសង្គម ឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា ក្រោមការសន្យាផ្តល់ការងារ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ប៉ុន្តែ តាមពិត ពួកគេ ត្រូវបានបញ្ជូនទៅឲ្យបម្រើការងារខាងល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជន ជួញដូរ និងផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ បើតាមសម្តេចដដែល ការផ្ទេរនោះ ពុំមានការព្រមព្រៀងពីសាមីខ្លួនឡើយ ហើយករណីខ្លះទៀត ត្រូវទទួលរងអំពើហិង្សា និងការគំរាមកំហែង បើមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។
 
សម្តេចប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ដូច្នេះថា៖«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខ្ញុំពិតជា មានការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ»។
 
មានមធ្យោបាយសំខាន់ៗមួយចំនួន ដែលសាធារណជន អាចផ្តល់ព័ត៌មានអំពីការជួញដូរមនុស្សដល់អាជ្ញាធរកម្ពុជា រួមមាន ទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលេខទូរស័ព្ទបន្ទាន់ (១១៧) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាដើម។
 
សូមរម្លឹកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ អាម៉េរិក បានដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសដែលមានការជួញដូរមនុស្សធ្ងន់ធ្ងរ។ បន្ទាប់មក រដ្ឋមន្រ្តីមហាផ្ទៃ ក៏ចេញបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យដល់កន្លែងស្នាក់នៅរបស់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកករណីលួចជួញដូរមនុស្ស។ មានតែមន្រ្តីការទូតទេ ដែលរួចផុតពីការត្រួតពិនិត្យនេះ៕
 
 
 

Tag:
 ស ខេង
  Vitit Muntarbhorn
  ករណីជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com