ជាតិ
​អភិបាលខេត្តសៀមរាប ព្រមានពីវិធានការច្បាប់ បើលោក ខឹម វាសនា និងអ្នកគាំទ្រ មិនបំបែកការជួបជុំ
30, Aug 2022 , 5:29 pm        
រូបភាព
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ព្រមានពីវិធានការច្បាប់លើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ បើសិនមិនព្រមបំបែកការជួបជុំគ្នា។


 
« ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ »។ នេះជាសំណេរបស់លោក ទៀ សីហា នៅលើហ្វេសប៊ុក ដោយបានបន្ថែមថា៖« យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤:០០នាទីយប់» ។
 
អភិបាលខេត្តសៀមរាបរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត នឹងមិនទុកឱ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបិយជំនឿនោះទេ។ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។
 
«សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថានឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ »។ នេះជាការបញ្ជាក់របស់លោក ទៀ សីហា ដែលភ្ជាប់ជាមួយលិខិតឱ្យបញ្ឈប់សកម្មភាពប្រមូលផ្ដុំនៅត្រឹមម៉ោង១២យប់នេះ។
 
ស្របពេលដែលអាជ្ញាធរដាក់ឱសានវាទឱ្យរំសាយការជួបជុំគ្នានេះ ពលរដ្ឋខ្លះក៏ចាកចេញពីចម្ការលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ។ ចំណែកពលរដ្ឋខ្លះទៀត នៅបន្តស្នាក់នៅក្នុងវត្តសសី និងផ្ទះអ្នកភូមិ នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីផ្ទះចម្ការលោក ខឹម វាសនា។ ពួកគេទាំងនោះ នៅតែជឿលើការបំផុសបំផុលរបស់លោក ខឹម វាសនា តាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយអង្គរវត្ត»។
 
តែយ៉ាងណាអាជ្ញាធរចាត់ទុកការបំផុសបំផុលរបស់លោក ខឹម វាសនា នេះ ជាការបង្ករឱ្យមានចលាចលក្នុងសង្គម និងប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕
 
 
 

Tag:
 ទៀ សីហា
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com