ជាតិ
សម្តេច ហ៊ុន សែន៖​ លោក ខឹម វាសនា អត់បានអំពាវនាវឲ្យមនុស្សផ្តួល​រំលំរដ្ឋាភិបាល​ដូចអ្នក​ដទៃ​ឡើយ
31, Aug 2022 , 9:01 am        
រូបភាព
 សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីពិធីបើកការដ្ឋាន​សម្ពោធ​ស្ពាន​អាកាសពីរកន្លែងក្នុងរាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ពុធនេះ បាន​លើក​ឡើងពីករណី​លោក ខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលបាន​តាំងខ្លួនជាព្រះព្រហ្ម។



សម្តេច​បាន​បញ្ជាក់ថា ករណី​លោក ខឹម វាសនា ដែលហ៊ាន​ថែមទាំង​ជេរ​ប្រមាថ សម្តេច នោះ គឺ​ជាអន្ទាក់មួយ ដោយ​លោកមាន​បំណង​ឲ្យអាជ្ញាធរ​ចាប់ខ្លួន នា​ថ្ងៃឱសានវាទនៃការជួបជុំ។ ការជួបជុំ នៅចម្ការ​របស់​លោក ខឹម វាសនា នៅជើងភ្នំគូលែននោះ គឺ​ក្រោយមាន​ការអំពាវនាវថា នឹងមាន​ទឹកលិចពិភពលោក ហើយមាន​តែចម្ការ​លោកប៉ុណ្ណោះ ដែលអាចគេចផុត។

ប្រមុខ​រដ្ឋាភិបាល មិនហ៊ាន​សន្និដ្ឋាន​លើ​ករណី​ស្មារតីរបស់​លោក ខឹម វាសនា នោះឡើយ ដោយសារសម្តេចមិនមែនជាពេទ្យឆ្កួត ប៉ុន្តែ​សម្តេចមើលឃើញថា លោក ខឹម វាសនា អត់បានអំពាវនាវឲ្យមនុស្សផ្តួលរំលំ​រដ្ឋាភិបាល​ដូចអ្នកដទៃឡើយ។ ប្រធានគណបក្ស​រូបនេះ ក៏មិនបានអំពាវនាវឲ្យកងកម្លាំង​ប្រដាប់អាវុធបះបោរ កាត់ជំនួយនោះដែរ ត្រឹម​តែ​អបិយជំនឿប៉ុណ្ណោះ។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ក្រុម​លោក​ខឹម វាសនា មិនមែន​ជាក្រុមជ្រុលនិយមនោះឡើយ គ្រាន់តែ​ស្ថិតក្នុងក្របខណ្ឌអបិយជំនឿប៉ុណ្ណោះ។ សម្តេច​ក៏បាន​ប្រតិកម្ម​ផងដែរ ចំពោះ​ការលើក​ឡើង​មួយចំនួនថា សម្តេចជាអ្នក​បង្កើតព្រឹត្តិការណ៍នេះឡើយ ដើម្បី​បំបាត់ព័ត៌មាន​ទាក់ទងនឹងទស្សនកិច្ច​លោក ហ៊ុន ម៉ាណែត នៅវៀតណាម ឬករណីភ្នំតាម៉ៅ៕

© រក្សាសិទ្ធិដោយ thmeythmey.com