ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖លោក ខឹម វាសនា យកអបិយជំនឿមកលេងមួយចាននេះ នឹងចាញ់
31, Aug 2022 , 9:06 am        
រូបភាព
សម្ដេច ហ៊ុន សែន ស្នើឱ្យលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចេញសារថា «គ្មានអ្វីកើតឡើងតាមជំនឿឡើយ» ហើយអាជ្ញាធរមិនចាប់ទោសពៃនោះទេ។ សម្ដេច មិនបង្ខំលោក ខឹម វាសនា បោះបង់ចោលជំនឿខ្លួនឡើយ ។



ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងផ្លូវ៦០ម៉ែត្រ នាព្រឹកថ្ងៃទី៣១ សីហា សម្ដេច ហ៊ុន សែន បាននិយាយថា លោក ខឹម វាសនា ត្រូវបើកចំហឱ្យពលរដ្ឋចាកចេញពីទីតាំងខ្លួន ដោយមិនត្រូវរារាំងពួកគេឱ្យបន្តជឿលើជំនឿឡើយ។ «អ្នកនៅជុំវិញលោក ខឹម វាសនា មិនត្រូវរារាំងពលរដ្ឋ ដែលចង់ចាកចេញពីតំបន់នោះឡើយ ព្រោះគាត់ទៅក៏គ្មានការបង្ខំ គេចេញវីញក៏មិនត្រូវរារាំង»។ នេះបើតាមសម្ដេច។
 
សម្ដេច ហ៊ុន សែន ក៏បាននិយាយពីសារជេរប្រមាថរបស់លោក ខឹម វាសនា មកលើសម្ដេចផងដែរ។ សម្ដេចយល់ថា សារដ៏ធ្ងន់ធ្ងរដែលលោក ខឹម វាសនា ប្រើពាក្យ«អាខ្វាក់»មកលើសម្ដេចនេះ គឺជាយុទ្ធសាស្រ្តរបស់លោក វាសនា ដែលប្ដូរពីរឿងអបិយជំនឿ ទៅជារឿងនយោបាយ។ សម្ដេច បាននិយាយថា វាជាអន្ទាក់របស់លោក ខឹម វាសនា ដែលចង់ឱ្យរដ្ឋាភិបាលចាប់ខ្លួនលើករណីនេះ ដែលបង្កើតទៅជារូបភាពថ្មីមួយទៀត។
 
«អ្វីដែលលោក ខឹម វាសនា លេងមួយចាននេះ ដោយយកអបិយជំនឿមកលេង គាត់នឹងចាញ់ បើករណីនេះមិនកើតដូចព្យុះស៊ូណាមី អីមិនកើតឡើង…»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា សម្ដេចអាចទ្រាំនឹងពាក្យជេរប្រមាថរបស់លោក ខឹម វាសនា បាន។

ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏ស្នើទៅរដ្ឋាភិបាល ដែលមានពលករខ្មែរធ្វើការក្នុងប្រទេសទាំងអស់ កុំដាក់ពាក្យប្ដឹងរដ្ឋាភិបាលកម្ពុជា ដោយសារតែពួកគេសម្រុកមកមាតុភូមិវិញ ព្រោះជឿលើការបំផុសបំផុលរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រះព្រហ្មមកជួយសង្គ្រោះពិភពលោក។
 
«សូមមេត្តាកុំប្ដឹង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងប្ដឹងទៅកាន់ពលករ។ កម្ពុជាទទួលស្គាល់កំហុសនេះ»។ នេះជាសំណើរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដែលស្នើទៅកាន់រដ្ឋាភិបាលកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងថៃ យោគយល់លើករណីនេះ។
 
សម្រាប់បញ្ហានេះ សម្ដេច បានបញ្ជាទៅអាជ្ញាធរខេត្តសៀមរាប កុំទាន់ធ្វើសកម្មភាពអ្វីទាំងអស់ ប៉ុន្តែត្រូវមានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នលើជនឆ្លៀតឱកាស ដែលបង្កចលាចលតាមរយៈការបំផ្ទុះគ្រាប់បែក និងសម្រុកយកដី នៅតំបន់ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលរដ្ឋកំពុងរៀបចំកាត់ដីឱ្យពលរដ្ឋរស់នៅ៕
 

Tag:
 ហ៊ុន សែន
  ខឹម វាសនា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com