ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី ថា ការវិភាគពីការប្រជែងអំណាចរវាងលោក និងបងប្រុស គ្រាន់តែជាការញុះញង់
31, Aug 2022 , 6:46 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត (រាប់ពីលើចុះ) លោក ហ៊ុន ម៉ានី និង លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសសម្តេច ហ៊ុន សែន​
លោក ហ៊ុន ម៉ាណែត (រាប់ពីលើចុះ) លោក ហ៊ុន ម៉ានី និង លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសសម្តេច ហ៊ុន សែន​
ទំនងជាពាក់ព័ន្ធនឹងបុគ្គលភាពផ្ទាល់ខ្លួន ទើបលោក ហ៊ុន ម៉ានី ចេញមុខពន្យល់សាជាថ្មីទៀតថា វាមិនមានការប្រកួតប្រជែងរវាងលោក និងបងប្រុសច្បងចំពោះតំណែងនាយករដ្ឋមន្ត្រីនោះទេ។ សេចក្តីពន្យល់នេះ ត្រូវបានលោក ហ៊ុន ម៉ានី សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនាល្ងាចថ្ងៃទី៣១ខែសីហានេះ។



ជាសេចក្តីពន្យល់ផង ក៏ដូចប្រតិកម្មបន្ថែមផងដែលលោក ហ៊ុន ម៉ានី បានធ្វើឡើង នៅក្រោយការបំភ្លឺរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅព្រឹកថ្ងៃទី៣០សីហានេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្តេច ហ៊ុន សែន បានប្រតិកម្មទៅនឹងអត្ថបទវិភាគរបស់សារព័ត៌មាន The Cambodia Daily ដែលអធិប្បាយថា បងប្អូនប្រុសលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្ដេច ហ៊ុន សែន មានបំណងប្រជែងអំណាចដើម្បីតំណែងនាយករដ្ឋមន្ត្រី។ អ្នកវិភាគអះអាងយ៉ាងនេះ ដោយយោងទៅលើវត្តមាននៃសៀវភៅពីរក្បាលផ្សេងដែលត្រូវបានបោះពុម្ពផ្សាយមុនក្រោយគ្នាបន្តិច។ ពោលគឺសៀវភៅទីមួយដែលមានចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» និពន្ធដោយលោក លាង ដឺលុច និងសៀវភៅទី២ ដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដែលនិពន្ធដោយលោក ឆាយ សុផល។

សម្រាប់លោក ហ៊ុន ម៉ានី ការវិភាគទាំងឡាយកន្លងមកដែលអះអាងពីការប្រជែងអំណាចនោះ រវាងលោក និងបងប្រុសរបស់លោកនោះ គឺជាចេតនាអុជអាល និងញុះញង់ ហើយថាពេលខ្លះ វាបានធ្វើឱ្យលោកអស់សំណើចទៀតផង។

លោក ម៉ានី ដែលសព្វថ្ងៃគឺប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងកំពុងដឹកនាំចលនាយុវជនដ៏ធំជាងគេនៅកម្ពុជា បានសរសេរយ៉ាងដូច្នេះ៖« ខ្ញុំ បងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ច្បាស់ណាស់អំពីចរិតនៃការបកស្រាយ និងការវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ។ យើងអរគុណទៅវិញទេ ដែលការវិភាគទាំងនោះ បានក្លាយទៅជាមូលដ្ឋាននៃសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង។»។

លោក ហ៊ុន ម៉ានី បន្តគូសបញ្ជាក់ថា៖«ដូចអ្វីដែលខ្ញុំធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមក ថាខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបងណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី បន្តពីពុក ហើយការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់ខ្ញុំជាហូរហែប៉ុណ្ណោះទេ វាក៍ស្តែងចេញតាមទង្វើទាំងឡាយដែលខ្ញុំបាន និងកំពុងធ្វើនាពេលកន្លងមកដែរ។»។

លោក ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣នៃគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។ នៅក្នុងសៀវភៅ ក្ដីសង្ឃឹម ហ៊ុន ម៉ានី អ្នកនិពន្ធក៏បានស្រង់សម្ដីរបស់លោក ហ៊ុន ម៉ានី ដែរដែលថាលោកត្រូវជួយជ្រោមជ្រែងការងាររបស់លោក ហ៊ុន ម៉ាណែត ទៀតផង៕

© រក្សាសិទ្ធិដោយ thmeythmey.com