ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដល់ពេលដែលតុលាការបារាំង កាត់ក្តីសំណុំរឿងរវាងសម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ហើយ
01, Sep 2022 , 10:43 am        
រូបភាព
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ចាប់ដៃគ្នា កាលពីលោក សម រង្ស៊ី នៅក្នុងស្រុកខ្មែរ។
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ចាប់ដៃគ្នា កាលពីលោក សម រង្ស៊ី នៅក្នុងស្រុកខ្មែរ។
កាលបរិច្ឆេទ ដែលត្រូវបានកំណត់ បានមកដល់ហើយ! តុលាការបារាំង នឹងបើកសវនាការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីជំនុំជម្រះលើបណ្តឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបណ្តឹងរបស់លោកអគ្គស្នងការរង ឌី វិជ្ជា ដែលរួមគ្នាប្តឹងលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលមានសញ្ជាតិបារាំង និងកំពុងរស់នៅឯប្រទេសបារាំងស្រាប់។ ដោយសារលោក សម រង្ស៊ី ចោទថា សម្តេច ហ៊ុន សែន នៅពីក្រោយនៃការស្លាប់របស់លោក ហុក ឡុងឌី ទើបសម្តេច ហ៊ុន សែន និងលោក ឌី វិជ្ជា ប្តឹងលោកទៅតុលាការបារាំង។


 
សម្តេច ហ៊ុន សែន ប្រកាសក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ថា ក្រុមមេធាវីនិងក្រុមការងាររបស់សម្តេចបានទៅដល់ប្រទេសបារាំងហើយ ដើម្បីតទល់ក្នុងសវនាការ។ ក្នុងចំណោមមេធាវី៤-៥នាក់របស់សម្តេច ក៏មានមេធាវីជាជនជាតិបារាំងដែរ។ 
 
លោក សម រង្ស៊ី បង្ហោះសារលើទំព័រហ្វេសប៊ុកថា សវនាការនេះ នឹងប្រព្រឹត្តទៅនៅម៉ោង១កន្លះរសៀល។ តាមរយៈសារលើទំព័រហ្វេសប៊ុក ដែលសរសេរចេញកាលពីថ្ងៃទី២៧ ខែសីហា លោក សម រង្ស៊ី បញ្ជាក់ដូច្នេះថា៖«នេះជាលើកទី១ហើយ ដែលខ្ញុំ នឹងតទល់ផ្ទាល់ជាមួយលោក ហ៊ុន សែន នៅចំពោះមុខតុលាការឯករាជ្យមួយ គឺតុលាការនៃប្រទេសបារាំង។ ក្នុងឋានៈខ្ញុំ ជាមេគណបក្សប្រឆាំងនៅកម្ពុជាជិត៣០ឆ្នាំមកហើយ ដែលតទល់ជាមួយលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី [...] ជាង៣០ឆ្នាំមកហើយ ខ្ញុំ ស្វាគមន៍ព្រឹត្តិការណ៍នេះ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់ នឹងតាមដានដោយយកចិត្តទុកដាក់»។
 
លោក សម រង្ស៊ី ចោទថា មរណភាពរបស់លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ ដោយសារការផ្ទុះយន្តហោះ កាលពីឆ្នាំ២០០៨ មានសម្តេច ហ៊ុន សែន នៅពីក្រោយ ហើយលោក ឌី វិជ្ជា មានបំណងសងសឹកឲ្យលោក ហុក ឡុងឌី ជាឪពុក។ លោក សម រង្ស៊ី ថែមទាំងអះអាងថា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគាំទ្រលោក ហុក ឡុងឌី ក្នុងការផែនការសងសឹកនេះ។ នេះជាមូលហេតុ ដែលនាំឲ្យសម្តេច ហ៊ុន សែន និងកូនប្រសារបស់សម្តេច គឺលោក ឌី វិជ្ជា សម្រេចរួមគ្នាធ្វើបណ្តឹងប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងពីបទបរិហារកេរ្តិ៍ តាំងពីអំឡុងខែសីហា ឆ្នាំ២០១៩មកម្ល៉េះ។ សម្តេច ស ខេង ក៏ប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ដែរ តែសម្តេច សម្រេចដាក់បណ្តឹងនៅតុលាការស្រុកខ្មែរ មិនដាក់បណ្តឹងទៅតុលាការបារាំងនោះទេ។ 
 
បើនិយាយពីនៅតុលាការស្រុកខ្មែរវិញ លោក សម រង្ស៊ី រងបណ្តឹងស្ទើរតែរាប់ភ្លេចទៅហើយ ដោយក្នុងនោះ ក៏មានទាំងបណ្តឹងរបស់សម្តេច ហ៊ុន សែន ដែរ។ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុកថា លោក ត្រូវបានតុលាការកម្ពុជា កាត់ទោសលោកជាច្រើនលើកច្រើនសា ឲ្យជាប់ពន្ធនាគាររហូតដល់ទៅជិត «១០០ឆ្នាំ» ទៅហើយ។ 
 
ចំពោះតុលាការនៅស្រុកបារាំង លោក សម រង្ស៊ី ធ្លាប់បានដាក់បណ្តឹងប្តឹងសម្តេច ហ៊ុន សែន យូរមកហើយ។ បណ្តឹងរបស់លោក សម រង្ស៊ី នៅតុលាការបារាំង គឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមានមនុស្ស១០នាក់ស្លាប់ និងជាង១០០នាក់របួស។ ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកដ៏រន្ធត់នេះ កើតឡើងក្នុងអំឡុងក្រុមបាតុករ ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ 
 
មកដល់ពេលនេះ គេ មិនទាន់ដឹងជាផ្លូវការថា តុលាការបារាំងសម្រេចយ៉ាងណានោះទេ ចំពោះបណ្តឹងរបស់លោក សម រង្ស៊ី។ ប៉ុន្តែ លោក សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុកថា កាលពីចុងឆ្នាំ២០២១ តុលាការបារាំង បានសម្រេចឲ្យយកមេអង្គរក្ស២នាក់របស់សម្តេច ហ៊ុន សែន ទៅកាត់ទោសពីបទប៉ុនប៉ងសម្លាប់មនុស្ស៕
 
 
 

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  តុលាការបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com