ជាតិ
សេដ្ឋកិច្ច
កម្ពុជាស្នើសុំ ADB ពិចារណាផ្តល់ជំនួយទាក់ទង ICT ដើម្បីជំរុញវិស័យធុរកិច្ចឌីជីថល
04, Sep 2022 , 11:29 pm        
រូបភាព
លោក សុខ សុភ័ក្រ្ត (ឆ្វេង) រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Albert Park (ស្តាំ) ប្រធានក្រុមសេដ្ឋកិច្ចវិទូប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងជំនួបទ្វេភាគី នាកិច្ចប្រជុំវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ រូបពី MOC ។
លោក សុខ សុភ័ក្រ្ត (ឆ្វេង) រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Albert Park (ស្តាំ) ប្រធានក្រុមសេដ្ឋកិច្ចវិទូប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងជំនួបទ្វេភាគី នាកិច្ចប្រជុំវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ រូបពី MOC ។
កម្ពុជាបានស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យពិចារណាផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ដើម្បីគាំទ្រសមាហរណកម្មឌីជីថល និងជំរុញកិច្ចសម្របសម្រួលពាណិជ្ជកម្មឌីជីថល។



ដោយមើលឃើញពីកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ICT ដែលធ្វើឱ្យប៉ះពាល់ដល់ការជំរុញធ្វើសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថលនៅកម្ពុជា មន្ត្រីជាន់ខ្ពស់កម្ពុជា បានស្នើសុំ ADB ពិចារណាផ្តល់ជំនួយជុំវិញបញ្ហានេះ។ សំណើនេះ ត្រូវបានធ្វើឡើងនាឱកាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលរៀបចំដោយ ADB និងគណៈកម្មការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិដើម្បីអាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរី ចាប់ពីថ្ងៃទី២៩ សីហា ដល់ថ្ងៃទី០១ កញ្ញា។

តាមរយៈជំនួបទ្វេភាគីជាមួយលោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងគោលបំណងផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានស្នើឱ្យ ADB ពិចារណាផ្ដល់ការគាំទ្រទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ដ្រសម្រាប់ការស្ដារឡើងវិញនូវខ្សែច្រវាក់តម្លៃ ជាមួយការផ្គត់ផ្គង់ក្នុងតំបន់ និងសកល។

ជាពិសេសជួយរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ដើម្បីគាំទ្រការសមាហរណកម្មឌីជីថល និងកិច្ចសម្របសម្រួលពាណិជ្ជកម្មឌីជីថល ព្រមទាំងបណ្តុះបណ្តាលសមត្ថភាព ជំនាញក្នុងការចរចាពាពាណិជ្ជកម្មសេរី សម្រាប់មន្ត្រីកម្ពុជាដែលធ្វើការពាក់ព័ន្ធ។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការផ្តល់ជំនួយពាក់ព័ន្ធ ICT គឺជាភាពចាំបាច់មួយរបស់កម្ពុជា សម្រាប់គ្រប់គ្រងប្រព័ន្ធទិន្ន័យ ដើម្បីជំរុញឱ្យធុរកិច្ចឌីជីថលមានដំណើការ។

ប្រសិនបើការគ្រប់គ្រងប្រព័ន្ធទិន្ន័យមិនបានល្អ កម្ពុជានឹងបាត់បង់ចំណូលពន្ធពីអាជីវកម្មតាមប្រព័ន្ធអនឡាញមួយចំនួន ដែលមិនមានការចុះបញ្ជីពន្ធត្រឹមត្រូវ ឬគេចវេះមិនបង់ពន្ធ ជាពិសេសទៅលើការលួចទន្និន័យ (Cyber Crime) ។

ដោយឡែក ដើម្បីជំរុញឱ្យដល់គោលដៅនៃការដាក់ផែនការកំណត់កម្ពុជានៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ២០៥០ មានចំណូលកម្រិតខ្ពស់ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមថា៖ «កម្ពុជាត្រូវការគ្រប់គ្រងប្រព័ន្ធទិន្ន័យឱ្យបានត្រឹមត្រូវ ជាមួយការបង្កើនសមត្ថភាពធនធានមនុស្សក្នុងវិស័យ ICT ព្រមទាំងបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញផងដែរ«។

គិតត្រឹមឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងបច្ចេកទេស សរុប ៣១៩គម្រោង ដែលមានតម្លៃប្រមាណ ៤,២ពាន់លានដុល្លារដល់កម្ពុជា។ ជំនួយឥតសំណង និងជំនួយបច្ចេកទេសទាំងនោះ ផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អភិវឌ្ឍន៍ជនបទ ថាមពល ហិរញ្ញវត្ថុ ដឹកជញ្ជូន និងពាណិជ្ជកម្ម៕

Tag:
 ADB
  ICT
  គី សិរីវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com