ជាតិ
សេដ្ឋកិច្ច
EuroCham ជំរុញកម្ពុជាឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងវិស័យឧស្សាហកម្ម
05, Sep 2022 , 9:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ភ្នំពេញ៖ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដោយលុបបំបាត់ការគិតថ្លៃលើការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការទទួលយកថាមពលកកើតឡើងវិញឱ្យបានពេញលេញ។



បើតាមលោក Tassilo Brinzer ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ការជួយគាំទ្រដល់ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ធ្វើឱ្យកម្ពុជាមានទំនើបកម្មផលិតកម្មជាងមុន ដែលមានរូបភាពជាប្រទេសបៃតង ស្របពេលការប្រកួតប្រជែងនៅក្នុងតំបន់កាន់តែខ្លាំង។  
 
លោក Tassilo Brinzer បានបញ្ជាក់ថា ៖ «វានឹងជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគថ្មីមួយ ព្រោះការវិនិយោគលើថាមពលកកើតឡើងវិញ អាចត្រូវបានគាំទ្រជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងច្បាប់វិនិយោគថ្មី ។ ដូច្នេះវានឹងទាក់ទាញក្រុមហ៊ុនផលិតថាមពលស្អាត ដើម្បីបំពេញតម្រូវការនៅទីនេះ»។
 
នៅក្នុងសេចក្តីប្រកាសព័ត៌មាន EuroCham នៅថ្ងៃទី ២កញ្ញា បានឱ្យដឹងថា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន  នឹងបើកលំហកាន់តែច្រើន សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម។ ជាមួយការអភិវឌ្ឍនេះ ការចំណាយរបស់រដ្ឋាភិបាលលើថ្លៃថាមពល នឹងត្រូវកាត់បន្ថយផងដែរ។
 
ការយកពន្ធគយរបស់កម្ពុជា បានកាត់បន្ថយអត្ថប្រយោជន៍ប្រមាណ៥០ ភាគរយ ពីដំឡើងបន្ទះសូឡា ដែលនឹងត្រូវរង់ចាំរហូតដល់ពី ៤ ទៅ ៨ឆ្នាំ ទើបទទួលបានអត្ថប្រយោជន៍ពីការវិនិយោគទាំងនោះ ត្រលប់មកវិញ។ នេះបើតាមលោក Rogier van Mansvelt អនុប្រធានគណៈកម្មាធិការពាណិជ្ជកម្មបៃតងរបស់ EuroCham ។
 
លោក Rogier van Mansvelt​ បានបញ្ជាក់ថា ៖« ប្រសិនបើកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគផ្នែកកាត់ដេរកាន់តែច្រើននោះ ការបើកចំហ និងគាំទ្របទប្បញ្ញត្តិ ជុំវិញថាមពលពន្លឺព្រះអាទិត្យគឺជារឿងចាំបាច់»។
 
បច្ចុប្បន្ន ក្នុងចំណោមការប្រើប្រាស់ថាមពលទាំងអស់នៅកម្ពុជា ៥១ភាគរយ ជាការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ថាមពលកកើតឡើងវិញនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៣៥ភាគរយនៅឆ្នាំ ២០៣០ និងកើនឡើងវិញបន្តិចដល់ ៤៣ ភាគរយនៅឆ្នាំ ២០៤០។
 
កម្ពុជា គឺជាប្រទេសមួយ ដែលច្បាមយកថាមពលកកើតឡើងវិញយ៉ាងលឿន ដោយបានបង្កើនការផលិត ថាមពលកកើតឡើងវិញ ពីគម្រោងសាកល្បង ១០ មេហ្កាវ៉ាត់ ក្នុងឆ្នាំ ២០១៧ ដល់ ៣៧២​មេហ្កាវ៉ាត់ត្រឹមចុងឆ្នាំ ២០២១ ។ គេរំពឹងថាការផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ បញ្ចូលទៅក្នុងបណ្តាញអគ្គិសនីរបស់រដ្ឋ នឹងកើនឡើងសរុបដល់ ១ ៨១៥ មេហ្កាវ៉ាត់ ត្រឹមឆ្នាំ ២០៣០។ នេះបើតាមកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) ។
 
គិតចាប់ពីខែមករា​ ដល់ខែឧសភា មានក្រុមហ៊ុនចំនួន ១០ ដែលកំពុងធ្វើអាជីវកម្ម ផលិត និងដំឡើងបន្ទះសូឡានៅកម្ពុជា។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម៕
 

Tag:
 សូឡា
© រក្សាសិទ្ធិដោយ thmeythmey.com