ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ នឹងកាត់ក្តីលើលោក សុន ឆ័យ នៅថ្ងៃ២៩កញ្ញា
05, Sep 2022 , 5:57 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរនិយាយក្នុងកិច្ចប្រជុំមួយរបស់គណបក្ស ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរនិយាយក្នុងកិច្ចប្រជុំមួយរបស់គណបក្ស ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
តុលាការភ្នំពេញ នឹងបើកសវនាការ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជំនុំជម្រះសេចក្តីលើលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងតាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះជាការអះអាងរបស់លោក ជូង ជូងី មេធាវីរបស់លោក សុន ឆ័យ មកកាន់សារព័ត៌មានថ្មីៗ។



លោក ជូង ជូងី ប្រាប់ថា លោក និងលោក សុន ឆ័យ នឹងទៅចូលរួមសវនាការ។ លោកមេធាវីរូបនេះ បញ្ជាក់ថាដូច្នេះថា៖«រឿងនេះ គឺជារឿងនយោបាយ ខ្ញុំ នឹងទាមទារឲ្យតុលាការ ទម្លាក់ការចោទប្រកាន់លើគាត់»។

លោក សុន ឆ័យ ត្រូវបានគណបក្សកាន់អំណាច និងគ.ជ.ប ប្តឹងទៅតុលាការភ្នំពេញ ក្រោយឮលោក និយាយជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិ៥ ស្ថិតក្រោមការគ្រប់គ្រង់ស្ទើរទាំងស្រុងរបស់គណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ។ ទាំងគណបក្សកាន់អំណាច ទាំងគ.ជ.ប សុទ្ធតែប្រាប់តុលាការក្នុងបណ្តឹងថា អ្វីដែលលោក សុន ឆ័យ និយាយ គឺខុសការពិត។

គណបក្សកាន់អំណាច ទាមទារឲ្យលោក សុន ឆ័យ បង់ប្រាក់ជិត១លាន់ដុល្លារ ទុកជាការសងជំងឺចិត្ត ខណៈគ.ជ.ប គ្រាន់តែទាមទារឲ្យលោក សុំទោសប៉ុណ្ណោះ។ បទដែលលោករងការចោទប្រកាន់ គឺបទបរិហារកេរ្តិ៍៕

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com