ជាតិ
សេដ្ឋកិច្ច
ទេសចរកម្ពុជា ទៅលេងវៀតណាមច្រើនជាងគេ ក្នុងតំបន់អាស៊ាន
05, Sep 2022 , 11:59 pm        
រូបភាព
សាលាក្រុងហូជីមិញ ។ រូបពី nofixedaddress ។
សាលាក្រុងហូជីមិញ ។ រូបពី nofixedaddress ។
ទេសចរកម្ពុជា ទៅលេងប្រទេសវៀតណាមច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ក្នុងរយៈពេល ៨ខែចុងក្រោយនេះ ។


 
បើតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម នៅក្នុងខែសីហា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរកំសាន្តទៅវៀតណាម កើនឡើងចំនួន ២០៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩។ 
 
រយៈពេល ៨ខែ នៃឆ្នាំ ២០២២នេះ ភ្ញៀវទេសចរកម្ពុជា បានទៅលេងកំសាន្តនៅវៀតណាម នាំមុខគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រមាណ ៨,២ម៉ឺននាក់ ខណៈដែលសិង្ហបុរីមាន ៦,៨ម៉ឺននាក់ តាមពីក្រោយដោយថៃ ៦,១ម៉ឺននាក់ និងម៉ាឡេស៊ី ៥,២ម៉ឺននាក់...។  នេះបើតាមសាព័ត៌មានអេឡិកត្រូនិច CafeF នាថ្ងៃទី ៤កញ្ញា។ 
 
ភ្ញៀវ​ទេសចរ​កម្ពុជាទៅ​វៀតណាម​ភាគ​ច្រើន​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ ទៅ​លេង​សាច់​ញាតិ និងលក់ដូរនៅជិតព្រំដែន។ ភាគតិចណាស់ ដែលធ្វើដំណើរទៅលេង វុងតាវ និង ដាឡាត់។ បើតាមលោក Truong Duc Hai ប្រធានក្រុមហ៊ុនទេសចរណ៍មួយកន្លែង ។
 
ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏មានកញ្ចប់សេវាទេសចរណ៍ពិសេសពីក្រុមហ៊ុនណាមួយ សម្រាប់កម្ពុជាដែរ។ លោក Truong Duc Hai ប្រធានក្រុមហ៊ុនទេសចរណ៍មួយ នៅទីក្រុងហូជីមិញបានលើកឡើងថា៖ «ប្រមាណជា១០ឆ្នាំ​ ក្រុមហ៊ុនយើងខ្ញុំមានកញ្ចប់សេវាកម្មនេះ​ ជារៀងរាល់ចុងសបា្តហ៍។ ប៉ុន្តែក្រោយមកយើងបានឈប់ ព្រោះតែតម្លៃដំណើរកម្សាន្តទាបពេក ហើយចំនួនភ្ញៀវក៏កាន់តែតិចទៅៗ។​ ភ្ញៀវលើសពី ១៥ នាក់ក្នុងមួយដំណើរកំសាន្ត ទើបក្រុមហ៊ុនយើងដំណើរការបាន ប៉ុន្តែថ្ងៃខ្លះមានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយភ្ញៀវធ្វើដំណើរតាមច្រកព្រំដែន បាវិត-ម៉ុកបាយ ។ ការធ្វើដំណើរទៅ ញ៉ាចាង- ដាឡាត់-ហូជីមិញ មានរយៈពេល ៥ថ្ងៃ ៤យប់»។ 
 
ចាប់តាំងពីវៀតណាមបានបើកទ្វារសម្រាប់ទទួលភ្ញៀវទេសចរណ៍វិញ ក្នុងកំឡុងខែមីនាឆ្នាំនេះ ទេសចរកូរ៉េខាងត្បូង  ៣៦,៧ម៉ឺននាក់ ស្មើនឹង ២៦ភាគរយនៃចំនួនភ្ញៀវទេសចរសរុប ១,៤លាននាក់ ដែលបានទៅកាន់វៀតណាម តាមពីក្រោយដោយអាម៉េរិក ដែលមាន ១៤ម៉ឺននាក់ក្នុងអត្រាជិត ១០ភាគរយ ។ បន្ទាប់មកមាន កម្ពុជា ជប៉ុន សិង្ហបុរី ចិន អូស្ត្រាលី ថៃ ម៉ាឡេស៊ី និងតៃវ៉ាន់។
 
ក្នុងលំដាប់ទាំង ១០ប្រទេសខាងលើ មិនមានភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបនោះទេ ទោះបីវៀតណាមបានអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ ជាមួយប្រទេសជាច្រើន ក្នុងសហភាពអឺរ៉ុបក៏ដោយ៕
 

Tag:
 វៀតណាម​ ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com