ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ ករណីគ្រឿងញៀនក្នុងឃុំកណ្ដោល ថយចុះជាងឆ្នាំមុនព្រោះការបង្ក្រាបជាបន្តបន្ទាប់
06, Sep 2022 , 8:59 am        
រូបភាព
ដោយ៖ ហាក់ ស្រីពេជ្រ 
 
ស្រុកបូទុមសាគរ, កោះកុង៖ កម្លាំងប៉ុស្តិ៍នគរបាលឃុំកណ្ដោល ស្រុកបទុមសារគ ខេត្តកោះកុង តែងតែចុះល្បាតតាមភូមិនីមួយៗ ក្នុងឃុំកណ្ដោលជារៀងរាល់ថ្ងៃ ដើម្បីការពារសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ។ បើតាមលោក សុខ រចនា មេប៉ុស្តិ៍ស្តីទីនៃរដ្ឋបាលឃុំកណ្ដោល ដើមឆ្នាំ២០២២នេះ បញ្ហាការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមានការថយចុះជាងឆ្នាំមុន ខណៈបញ្ហាក្មេងទំនើងក៏មិនសូវកើតមានដែរ។ លោក សុខ រចនា មេប៉ុស្តិ៍នគរបាលឃុំកណ្ដោល ពន្យល់ថាមូលហេតុនៃការថយចុះគឺមកពីអាជ្ញាធរបានបង្រ្កាបបទល្មើសជាបន្តបន្ទាប់ ស្របពេលដែលប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហាប្រឈមដែលបង្កដោយគ្រឿងញៀន។

 
មេប៉ុស្តិ៍ស្តីទីនៃរដ្ឋបាលឃុំកណ្ដោល លោក សុខ រចនា បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញតាមដាន និងចុះល្បាត នៅក្នុងឃុំកណ្ដោល ដើម្បីទប់ស្កាត់កុំឱ្យមានក្មេងទំនើង អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនជាដើម។
 
​លោក សុខ រចនា បានឱ្យដឹងថា នៅក្នុងឃុំកណ្ដោលមន្ត្រីបម្រើការងារមានចំនួន ៥នាក់ បច្ចុប្បន្នបានចុះដើរល្បាតតាមភូមិឃុំយ៉ាងយកចិត្តទុកដាក់ និងផ្លាស់ប្ដូរវេនគ្នាចុះល្បាតជារៀងរាល់ថ្ងៃ។ ចំពោះការចុះល្បាតនេះ កម្លាំងសមត្ថកិច្ចបានផ្ដោតសំខាន់ទៅលើក្មេងទំនើង និងបញ្ហាគ្រឿងញៀន ព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់យុវជននៅក្នុងសហគមន៍មូលដ្ឋាន និងសណ្ដាប់ធ្នាប់របស់សង្គមជាតិ។


 
មេប៉ុស្តិ៍រងឃុំកណ្ដោលរូបនេះ បានលើកឡើងថា៖ « បច្ចុប្បន្នក្មេងទំនើងក្នុងឃុំកណ្ដោលពុំសូវមាននោះទេ ហើយអ្នកប្រើប្រាស់គ្រឿងញៀនក៏ថយចុះដែរ ព្រោះពួកគេយល់ដឹងច្រើនពីផលប៉ះពាល់នៃការប្រើប្រាស់វា។ កាលពីឆ្នាំមុនពួកខ្ញុំចាប់បាន ៣ករណី តែឆ្នាំនេះចាប់បានតែ ១ករណី គឺកាលពីខែកុម្ភះ ដូច្នេះគ្រឿងញៀនមានការថយចុះគួរឱ្យកត់សម្គាល់»។
 
លោក សុខ រចនា បានបញ្ជាក់ថា គ្រឿងញៀន វាជាសារធាតុញៀនមួយប្រភេទដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ប៉ះពាល់ដល់សហគមន៍ និងអសន្តិសុខនៅក្នុងសង្គមជាតិផងដែរ។ ជាក់ស្ដែងកាលពីខែកុម្ភៈឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីគ្រឿងញៀនបានមួយករណី ដែលឃាត់បានជនសង្ស័យជាស្រ្តី មានអាយុ ៣១ឆ្នាំ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
 
លោក សុខ រចនា បានបន្ថែមបែបនេះ ចំពោះផលលំបាកក្នុងការបំពេញការងាររបស់សមត្ថកិច្ចគឺ បញ្ហាផ្ទះរបស់ប្រជាពលរដ្ឋនៅឆ្ងាយ និងផ្លូវពិបាកធ្វើដំណើរ។ ប៉ុន្តែលោកបានបញ្ជាក់ថា ទោះបីមានការលំបាកយ៉ាងណាក៏ដោយ លោកនឹងតាំងចិត្តធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងទប់ស្កាត់ក្មេងទំនើង ក៏ដូចជាគ្រឿងញៀនមិនឱ្យកើតមាននៅក្នុងឃុំកណ្ដោលទៀតនោះទេ។
 
អាជ្ញាធរឃុំកណ្ដោល បានរៀបចំផែនការដើម្បីទប់ស្កាត់ក្មេងទំនើង និងការបង្រ្កាបការប្រើប្រាស់ គ្រឿងញៀនរួចរាល់ផងដែរ គឺបែងចែកកម្លាំងការពារសន្តិសុខក្នុងសហគមន៍នីមួយៗ។ ធ្វើការជាមួយប្រជាពលរដ្ឋ និងមានការសហការណ៍ទៅវិញទៅមកជាមួយពលរដ្ឋយ៉ាងសម្ងាត់។ សមត្ថកិច្ច ត្រូវរក្សាការសម្ងាត់ឱ្យប្រជាពលរដ្ឋដែលផ្តល់ឱ្យព័ត៌មានឱ្យសមត្ថកិច្ច។ លើកទឹកចិត្តប្រជាពលរដ្ឋ ដែលមាន បញ្ហាណាមួយត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយដោះស្រាយ។ នេះបើតាមលោក សុខ រចនា។
 
លោក រចនា តែងតែដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងក្មេងទំនើងដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេបានយល់ដឹងកាន់តែច្បាស់ និងជួយណែនាំកូនៗ កុំឱ្យពួកគេលង់ខ្លួនតាមមិត្តភក្ដីអូសទាញ រហូតឈានដល់ការប្រើប្រាស់គ្រឿងញៀន៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 គ្រឿងញៀន
  ក្មេងទំនើង
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com