ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ៖ កម្ពុជាបានផលចំណេញច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទោះបីចំណូលគយធ្លាក់ចុះ
06, Sep 2022 , 10:29 am        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA ) ជាមួយបណ្តាប្រទេសផ្សេងៗ បណ្តាលឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយជាង ១៨៦លានដុល្លារ ក្នុងឆមាសទី ១ ឆ្នាំ ២០២២នេះ​។ អ្នកជំនាញយល់ឃើញថា ចំណូលដែលបាត់បង់តាមរយៈពន្ធគយ នឹងជំនួសមកវិញតាមរយៈពន្ធដារ  ព្រមទាំងធ្វើឱ្យការនាំចេញទំនិញពីកម្ពុជាកាន់តែច្រើនឡើង។


 
របាយការណ៍សង្ខេបស្តីពីសកម្មភាពការងារប្រចាំឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ការបាត់បង់ចំណូលពន្ធគយ ដោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានចំនួន ១៨៦,៦១លានដុល្លារក្នុងឆមាសទី១នេះ ។ ទំហំនេះ បានកើនឡើងក្នុងអត្រា ៧,៣៤ភាគរយ បើធៀបនិងឆ្នាំ ២០២១។  
 
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា ៖ «ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រាកដណាស់ នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធគយថយចុះ ប៉ុន្តែជំនួសមកវិញនូវចំណូលដែលបានពីការនាំចេញ ដែលក្រុមហ៊ុនបង់ពន្ធជូនរដ្ឋតាមរយៈពន្ធសាជីវកម្ម ពន្ធលើប្រាក់ចំណេញ និងពន្ធលើប្រាក់ចំណូល ...»។
 
តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជាដៃគូមានការកើនឡើង ជាពិសេសទៅលើការនាំចេញ។ តួយ៉ាងដូចជាការអនុវត្តពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដោយភាគីចិនបានអនុវត្តពន្ធសូន្យ ក្នុងការនាំចូលទំនិញពីកម្ពុជាលើមុខទំនិញជាង ៨ពាន់មុខ។ នេះ​បើតាមលោក សុវិជាតិ ។
 
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ចំណូលពន្ធគយថយចុះ បណ្តាលមកពីផលិតកម្មក្នុងស្រុកកើនឡើង ដែលកម្ពុជាអាចផលិតនូវសម្ភារៈប្រើប្រាស់ណាមួយ ដើម្បីជំនួសនូវការនាំចូល។ បើតាមលោក វណ្ណៈ ការអនុវត្តពាណិជ្ជកម្មសេរី ក៏ជាហេតុផលចម្បងដែលនាំឱ្យចំណូលគយធ្លាក់ចុះផងដែរ ព្រោះតែមុខទំនិញមួយចំនួន ត្រូវបានកំណត់រវាងភាគី ឬតំបន់ ត្រូវបានលើកលែងពន្ធក្នុងការនាំចូល។ 
 
សេដ្ឋវិទូរូបនេះ បានបន្ថែមថា អតុល្យភាពជញ្ជីងពាណិជ្ជកម្ម បានធ្វើឱ្យភាគីប្រទេសដែលនាំចូលទំនិញច្រើន ខាតបង់ចំណូលពន្ធគយ ។ ជាពិសេសនាំចូលវត្ថុធាតុដើមច្រើន ដែលបំពេញឱ្យកម្លាំងផលិតក្នុងស្រុកកើនឡើង។ ចំពោះការកើនឡើងនូវផលិតកម្មក្នុងស្រុក នឹងបង្កើតការងារដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូល។
 
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ថា ៖« ចំណូលពន្ធគយថយចុះក៏ពិតមែន តែទំនិញប្រើប្រាស់ក្នុងស្រុកកើនឡើង ហើយរដ្ឋនឹងទទួលចំណូលតាមរយៈពន្ធដារវិញ»។ 
បើតាមការមើលឃើញរបស់លោកបណ្ឌិត ហុង វណ្ណៈ ទោះជាការអនុវត្តពាណិជ្ជកម្មសេរី មានផលប៉ះពាល់មួយចំនួនទៅដល់អ្នកផ្គត់ផ្គង់ក្នុងស្រុកក្តី  ប៉ុន្តែវាបានផ្តល់ផលអត្ថប្រយោជន៍ទៅដល់អ្នកប្រើប្រាស់ ដោយសារទំនិញមានតម្លៃទាប និងជម្រើសច្រើន ព្រមទាំងទទួលបានទំនិញដែលមានគុណភាពជាដើម។ 
 
ទន្ទឹមនឹងការបាត់បង់ចំណូលពីអនុវត្តពាណិជ្ជកម្មសេរី​ កំណើននៃការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ក៏មានសន្ទុះគួរឱ្យកត់សម្គាល់ផងដែរ។ ផលិតផលក្នុងស្រុកទាំងនោះរួមមាន ស៊ីម៉ង់ត៍ ភេសជ្ជៈ  និងយានយន្តជាដើម ។ នេះបើតាមអ្នកជំនាញសេដ្ឋកិច្ច។
 
បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចដដែល ការបាត់បង់ចំណូលពន្ធនាំចូលស្រាបៀរ ស៊ីម៉ង់ត៍ ភេសជ្ជៈ បារី មានប្រមាណ ៥២៦,៧៣លានដុល្លារ ស្របពេលការដំឡើងយានយន្តក្នុងស្រុក បានខាតចំណូលពន្ធនាំចូល ៨៥,២៨លានដុល្លារក្នុងឆមាសទី១ ឆ្នាំ​២០២២។
 
គួរបញ្ជាក់ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន និងបណ្តាប្រទេសអាស៊ាន បន្ថែមប្រទេសប្រាំទៀតរួមមានជប៉ុន ចិន កូរ៉ខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ដែលនៅក្នុងកិច្ចព្រមព្រៀង RCEP ។​ 
 
ទំហំពាណិជ្ជកម្ពុជារវាងកម្ពុជា និងបណ្តាប្រទេសRCEP មានជាង ១៦,២ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣,២៨ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ កើនឡើង ១០ភាគរយបើធៀបគ្រាដូចគ្នានាឆ្នាំ ២០២១។ 
 
ចំណែកឯទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនវិញ គិតជាទំហំទឹកប្រាក់មានជិត ៦ពាន់លានដុល្លារ ខណៈដែលការនាំចេញពីកម្ពុជាមានប្រមាណ ៦១២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ ២០២២នេះ៕
 

Tag:
 FTA ចិន RCEP
© រក្សាសិទ្ធិដោយ thmeythmey.com