អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលីចង់ផ្ដល់លុយរៀបចំការបោះឆ្នោតឆ្នាំក្រោយ តែកោះសូឡូម៉ូនថា ពេលវេលាមិនសក្តិសម
07, Sep 2022 , 11:09 am        
រូបភាព
នាយករដ្ឋមន្ត្រីកោះសូឡូម៉ូន Manasseh Sogavare។ រូបថត AFP
នាយករដ្ឋមន្ត្រីកោះសូឡូម៉ូន Manasseh Sogavare។ រូបថត AFP
រដ្ឋាភិបាលកោះសូឡូម៉ូន អះអាងនៅថ្ងៃទី៦ ខែកញ្ញាថា ការប្រកាសផ្ដល់ជំនួយហិរញ្ញវត្ថុពីសំណាក់អូស្ត្រាលីដើម្បីរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ ជារឿងមិនសមស្រប ហើយជាការរំលោភប្រជាធិបតេយ្យក្នុងសភារបស់សូឡូម៉ូន។ រដ្ឋាភិបាលកោះសូឡូម៉ូនកំពុងស្នើសំណើពន្យារការបោះឆ្នោតថ្នាក់ជាតិទៅឆ្នាំ២០២៤វិញ។



រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃទី៦ ខែកញ្ញាបានលើកឡើងថា អូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការបោះឆ្នោតលើកក្រោយរបស់កោះសូឡូម៉ូន។ ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកោះសូឡូម៉ូន Manasseh Sogavare ត្អូញត្អែរថា ប្រទេសលោកមិនមានលទ្ធភាពរៀបចំការប្រកួតកីឡាប៉ាស៊ីហ្វិកផង និងការបោះឆ្នោតផងក្នុងឆ្នាំតែមួយឡើយ។ 
 
ការបោះឆ្នោតបន្ទាប់របស់កោះសូឡូម៉ូន ត្រូវធ្វើឡើងនៅខែឧសភា ឆ្នាំ ២០២៣ ។ ប៉ុន្តែលោក Sogavare ចង់ពន្យារពេលរហូតដល់ឆ្នាំ២០២៤ វិញ។​ ទន្ទឹមនេះដែរ នៅថ្ងៃទី៦ ខែកញ្ញាដដែល រដ្ឋាភិបាលលោក ក៏ដាក់សេចក្ដីស្នើកែប្រែរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យមានការពន្យារពេលក្នុងការបោះឆ្នោតដែលរៀបចំ៤​ឆ្នាំម្ដង។ សំណើសុំពន្យារពេលរៀបចំការបោះឆ្នោតនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងពីគណបក្សប្រឆាំង ដោយនិយាយថា ក្រុមអ្នកជំនួញ និងសហគមន៍ក្នុងប្រទេសមិនសប្បាយចិត្តឡើយ​។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញនៅនៅថ្ងៃទី៦ ខែកញ្ញា រដ្ឋាភិបាលកោះសូឡូម៉ូនបានអះអាងថា ខ្លួនអរគុណចំពោះជំនួយរបស់អូស្ត្រាលី ប៉ុន្តែនេះជាពេលវេលាមិនសមរម្យក្នុងការទទួលជំនួយ។ សេចក្តីថ្លែងការណ៍ដដែលក៏បានបន្តថា សមាជិកសភាសូឡូម៉ូនគួរតែមានសិទ្ធិពិភាក្សា និងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យមានការពន្យារពេលនេះ ដូចដែលបានចែងដោយរដ្ឋធម្មនុញ្ញ ហើយវាមិនមែនជារឿងដែលរដ្ឋាភិបាលអូស្ត្រាលីគួរមានលូកដៃនោះទេ។
 
«នេះគឺជាការរំលោភលើលទ្ធិប្រជាធិបតេយ្យក្នុងសភារបស់យើង ហើយជាការជ្រៀតជ្រែកដោយផ្ទាល់ពីរដ្ឋាភិបាលបរទេសទៅក្នុងកិច្ចការក្នុងស្រុករបស់យើង»។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងបែបនេះ។ 
 
ទន្ទឹមនឹងការលើកឡើងរបស់សូឡូម៉ូន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Wong បានប្រាប់វិទ្យុ ABC ថា អូស្ត្រាលីបានគាំទ្រប៉ាពួអាស៊ីនូវែលហ្គីណេ Papua New Guinea រៀបចំបោះឆ្នោតសកលរួចហើយ ហើយការផ្តល់ជំនួយដល់កោះសូឡូម៉ូនក៏ធ្វើឡើងស្រដៀងគ្នានេះដែរ។ 
 
«វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ និងយូរអង្វែងរបស់យើងក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងដំណើរការប្រជាធិបតេយ្យនៅក្នុងកោះសូឡូម៉ុន»។ លោកស្រី Wong​បានបញ្ជាក់បែបនេះ។ ក្នុងឆ្នាំ ២០១៩ អូស្ត្រាលី ក៏បានគាំទ្រការបោះឆ្នោតចុងក្រោយរបស់កោះសូឡូម៉ូនសម្រាប់កម្មវិធីកំណែទម្រង់ ដោយបានផ្តល់ជំនួយជាង៥,៧លានដុល្លារ៕
 

Tag:
 អូស្ត្រាលី
  កោះសូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com