អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃដិន បដិសេធបញ្ចូលរុស្សីក្នុងបញ្ជីរដ្ឋគាំទ្រភេវរកម្ម
07, Sep 2022 , 12:09 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត Xinhua
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានច្រានចោលការទាមទារឱ្យដាក់ឈ្មោះរុស្សីក្នុងបញ្ជីខ្មៅជារដ្ឋគាំទ្រភេវរកម្ម ទោះបីអ៊ុយក្រែន និងសមាជិកសភាអាម៉េរិកខ្លះស្នើឱ្យធ្វើបែបនេះក៏ដោយ។


 
ខណៈសង្គ្រាមអ៊ុយក្រែនរុស្សីនៅតែបន្ត និងមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់រុស្សីដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យអាម៉េរិកដាក់ឈ្មោះរុស្ស៊ីជាផ្លូវការជារដ្ឋគាំទ្រភេរវកម្ម។ ទន្ទឹមនេះ សមាជិកសភាអាម៉េរិកខ្លះ រួមទាំងប្រធានសភាលោកស្រី ណាន់ស៊ី ផេឡូស៊ី ក៏បានស្នើឱ្យលោក បៃដិន ធ្វើបែបនេះដែរ ព្រោះជាមធ្យោបាយមួយដើម្បីបង្កើនសម្ពាធបន្ថែមទៀត។
 
ពាក់ព័ន្ធរឿងនេះ លោក បៃដិន ប្រាប់អ្នកយកពត៌មាននៅថ្ងៃទី៥ ខែកញ្ញាថា លោកប្រឆាំងនឹងការដាក់ឈ្មោះរុស្សីជារដ្ឋគាំទ្រភេរវកម្ម។ ចម្លើយរបស់លោក បៃឌិន ជាការបង្ហាញច្បាសលាស់មួយរបស់ទីក្រុងវ៉ាស៊ីនតោនជុំវិញសំណើដ៏ចម្រូងចម្រាសមួយនេះ។
 
ចំណែកលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre នៅថ្ងៃទី៦ ខែកញ្ញាបញ្ជាក់ថា ការកំណត់រុស្សីជារដ្ឋគាំទ្រភេរវកម្ម មិនមែនជាវិធីដែលមានប្រសិទ្ធភាពក្នុងការឱ្យ​រុស្សីទទួលខុសត្រូវចំពោះសង្គ្រាមនោះទេ។ លោកស្រីអះអាងថា ការកំណត់នេះនឹងអាចប៉ះពាល់ដល់ការដឹកជញ្ជូនជំនួយទៅកាន់អ៊ុយក្រែន ឬរារាំងក្រុមជំនួយ និងក្រុមហ៊ុនក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែន។ 
 
បើតាមអ្នកនាំពាក្យដដែល ការបញ្ចូលរុស្ស៊ីក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្ម ក៏អាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃពហុភាគីនិយមដើម្បីឱ្យលោក ពូទីន ទទួលខុសត្រូវចំពោះសង្រ្គាមមួយនេះ និងសមត្ថភាពក្នុងការចរចារដើម្បីគាំទ្រអ៊ុយក្រែនផងដែរ។ 
 
សូមបញ្ជាក់ថា អាម៉េរិកដាក់ឈ្មោះបួនប្រទេសប៉ុណ្ណោះជារដ្ឋគាំទ្រភេវរកម្មមាន អ៊ីរ៉ង់ ស៊ីរី កូរ៉េខាងជើង និងគុយបា៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com