អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសថ្មី អាចនឹងពង្រឹងជំហរកាន់តែតឹងរ៉ឹងជាងមុនលើចិន
07, Sep 2022 , 2:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស Liz Truss។ រូបថត Xinhua
នាយករដ្ឋមន្រ្តីអង់គ្លេស Liz Truss។ រូបថត Xinhua
អតីតរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Truss ត្រូវបានសមាជិកបក្សអភិរក្សជ្រើស​តាំងជាប្រធានបក្ស និងក៏ស្នងតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក បូរីស ចនសុន ។ លោកស្រី Truss តែងតែរិះគន់គោលនយោបាយក្រុងប៉េកាំង ហើយអាចរុញឱ្យអង់គ្លេសប្រកាន់​ជំហរ​កាន់​តែ​រឹង​មាំថែមទៀតលើក្រុងប៉េកាំង។

 
លោកស្រី Liz Truss ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសថ្មីពេញសិទ្ធិដោយ មហាក្សត្រអង់គ្លេស Elizabeth II នៅថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីសមាជិកបក្យអភិរក្សនិយម បា​ន​បោះឆ្នោតឱ្យលោកស្រីធ្វើជាប្រធានបក្ស។ លោកស្រី Truss តែងតែមើលឃើញចិន ជាការគំរាមច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិដើម្បីផលប្រយោជន៍របស់ខ្លួន។ ស្ថិតក្នុងតំណែងថ្មីរបស់លោកស្រី Truss ទំនាក់ទំនងរវាងចិន និងអង់គ្លេស ទំនងជាមិនល្អប្រសើរឡើយ។
 
«ប្រទេសនានាត្រូវអនុវត្តតាមច្បាប់ ហើយរួមមានទាំងចិនផងដែរ»។ លោកស្រី Truss ធ្លាប់ បានលើក​ឡើងបែបនេះនៅក្នុងសុន្ទរកមួយកាលពីដើមឆ្នាំ២០២២ ហើយបានបន្ថែមថា ចិនបានបង្កើតកម្លាំង​យោធាយ៉ាងសម្បើមនៅតំបន់យុទ្ធសាស្ត្រដែលផ្ដល់ផលប្រយោជន៍សម្រាប់បណ្ដាប្រទេសអឺរ៉ុប។
 
ក្នុងការឆ្លើយតបនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន លោកស្រី Truss ក៏ព្រមានថា ​បើ​ក្រុង​ប៉េកាំង​បរាជ័យ​ក្នុងការគោរពតាមច្បាប់អន្តរជាតិនោះ លោកខាងលិចនឹងដាក់សម្ពាធលើចិន។ លោកស្រី​ក៏បាន​ជំរុញ​ឱ្យចិនធ្វើតាមចំណាត់ការលោកខាងលិចក្នុងដាក់សម្ពាធលើរុស្ស៊ីផងដែរ។ ប៉ុន្តែកន្លងមក ចិនមិនធ្វើតាមឡើយ។
 
ទន្ទឹមនេះ ទាក់ទងនឹងបញ្ហាជាមួយកោះតៃវ៉ាន់ លោកស្រីបានបញ្ជាក់ថា ទោះបីជាការកើនឡើង​ឥទ្ធិពលចិនមិនអាចចៀសបាន លោកខាងលិចត្រូវធ្វើឱ្យច្បាស់ថាកោះតៃវ៉ាន់អាចការពារខ្លួនឯងបាន។ ក្នុងសារអបអរបានផ្ញើទៅលោកស្រី Truss លោកស្រី Tsai Ing-wen លើកឡើងថា លោកស្រី Truss បានជួយជ្រោមជ្រែង និងជំរុញឱ្យប្រទេសប្រជាធិបតេយ្យលើពិភពលោកគាំទ្រ និងពង្រឹងតៃវ៉ាន់ឱ្យ​ការពារខ្លួនឯងបាន ខណៈដែលចិនបានបង្កើនការធ្វើសមយុទ្ធយោធាក្បែរកោះមួយនេះ។
 
ចំណែកឯចិនក៏ធ្លាប់បានរិះគន់លោកស្រី Truss ជាមនុស្សដែលជ្រុលនិយម ហើយប្រកាន់គំនិតចក្រពត្តិនិយមដែលហួសសម័យ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានលើកឡើងនៅថ្ងៃទី៦ ខែកញ្ញាថា ចិនសង្ឃឹមទំនាក់ទំនងជាមួយ​ចក្រភព​អង់គ្លេស​នឹង​នៅ​តែ​ដើរលើផ្លូវត្រូវមួយ៕
 

Tag:
 ចិន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com