អន្តរជាតិ
មនុស្សស្លាប់កើនឡើងដល់៧៤នាក់ក្នុងគ្រោះរញ្ជួយដីនៅខេត្តស៊ីឈួន
07, Sep 2022 , 3:29 pm        
រូបភាព
ក្រុមអ្នកជួយសង្រ្គោះ សែងជនរងគ្រោះចេញពីគំនរបែកបាក់នៅខេត្តស៊ីឈួន។ រូបថត Xinhua
ក្រុមអ្នកជួយសង្រ្គោះ សែងជនរងគ្រោះចេញពីគំនរបែកបាក់នៅខេត្តស៊ីឈួន។ រូបថត Xinhua
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​ នៅថ្ងៃទី៧ ខែកញ្ញា បានប្រកាសពីចំនួនជនរងគ្រោះដោយសារគ្រោះរញ្ជួយដី​នៅខេត្តស៊ីឈួនចំនួន៧៤នាក់ ក្រោយក្រុមជួយសង្គ្រោះបានរុករកតាមគំនរថ្មបាក់ និងកម្ទេចផ្សេងៗ។ ក្រុមជួយសង្រ្គោះ ក៏បានបោសសម្អាតផ្លូវដើម្បីបើកឱ្យមានចរាចរណ៍ឡើងវិញ និងសម្រាប់ប្រតិបត្តិការរុករកផងដែរ។

 
យោងតាមរបាយការណ៍កាសែត People's Daily គិតត្រឹមយប់ថ្ងៃទី៦ ខែកញ្ញាមនុស្សស្លាប់ កើនឡើង​ដល់៧៤នាក់ អ្នករងរបួស២៥៩នាក់ ហើយមនុស្សចំនួន២៦បានបាត់ខ្លួនក្រោយ គ្រោះ​រញ្ជួយដី​៦,៨​វ៉ិចទ័រ។ អគារ និងផ្ទះសម្បែងមួយចំនួនត្រូវបានរងការខូចខាត ខណៈហេដ្ឋារចនាសម្ព័ន្ធថាមពល​អគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹក ក៏ដូចជាទូរគមនាគមន៍ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ។
 
ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរកអ្នកជាប់គាំង ស្ដារហេដ្ឋារចនាសម្ព័ន្ធ
សាធារណៈឡើងវិញ និងបញ្ជូនជំនួយសង្គ្រោះបន្ទាន់សម្រាប់មនុស្ស១១,០០០នាក់ ដែលត្រូវបាន​ជម្លៀសចេញពីតំបន់គ្រោះថ្នាក់កាលពីថ្ងៃទី៦ ខែកញ្ញាពីស្រុក​ Luding ដែលជាកន្លែងចំណុចកណ្ដាល​នៃការរញ្ជួយដី។ ផ្លូវភ្ជាប់ទៅខេត្តស៊ីឈួនក៏ត្រូវបានបើកឱ្យដំណើរការឡើងវិញក្រោយបានបោសសម្អាតរួចរាល់។
 
បន្ថែមពីនេះ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានកត់ត្រាការរញ្ជួយ​ដី​កម្រិត​៣រ៉ិចទ័រជម្រៅ១២គីឡូម៉ែត្រនៅទីតាំងមួយទៀត។ ការព្យាករណ៍អាកាសធាតុ​ក៏​បាន​ព្រមានអំពីភ្លៀង​ធ្លាក់ខ្លាំងនៅក្នុងតំបន់រហូតដល់ថ្ងៃទី៩ ខែកញ្ញាផងដែរ៕
 
 
 

Tag:
 ចិន
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com