អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN អំពាវនាវឱ្យស្រីលង្កាបញ្ឈប់ប្រើកម្លាំងយោធាបង្រ្កាបក្រុមបាតុករ
07, Sep 2022 , 7:29 pm        
រូបភាព
កងទ័ពស្រីលង្កា ឈរយាមកាមខាងមុខវិមានប្រធានាធិបតី។ រូបថត AFP
កងទ័ពស្រីលង្កា ឈរយាមកាមខាងមុខវិមានប្រធានាធិបតី។ រូបថត AFP
ដោយ:
ស្រីលង្កាត្រូវតែបញ្ឈប់និន្នាការប្រើកម្លាំងយោធាដើម្បីបង្រ្កាបក្រុមបាតុករភ្លាមៗ ហើយត្រូវនាំអ្នកដែលបង្កឱ្យប្រទេសជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចទៅកាត់ទោសដោយយុត្តិធម៌។ នេះបើតាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា។ អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដែលប្រជាជនចោទថាជាអ្នកបំផ្លាញសេដ្ឋកិច្ចប្រទេសបានវិលចូលស្រុកវិញកាលពីថ្ងៃទី៣ ខែកញ្ញា។

 
ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានតាំងពីឆ្នាំ១៩៤៨ ប្រជាជនស្រីលង្ការាប់ម៉ឺននាក់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ បន្ទាប់ពីការចុះចេញពីតំណែងរបស់អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ប្រធានាធិបតីថ្មី Ranil Wickremesinghe បានដាក់ប្រទេស និងបម្រាមគោចរជាញឹកញាប់ដើម្បីបង្រ្កាបក្រុមបាតុករ។ ច្បាប់នេះអនុញ្ញាតឱ្យយោធាចាត់ការលើបាតុករណាដែលប្រឆាំងនឹងច្បាប់ ហើយកាលពីចុងខែកក្កដាបានកម្ទេចជំរំបាតុករនៅទីក្រុងកូឡុំបូ និងចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែតមួយចំនួនផងដែរ។ 
 
ពាក់ព័ន្ធនឹងការបង្រ្កាបលើបាតុករតវ៉ាដោយសន្តិវិធីបែបនេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN)បានចេញរបាយការណ៍មួយនៅថ្ងៃទី៦ ខែកញ្ញា ដោយទទូចឱ្យរដ្ឋាភិបាលស្រីលង្កាឈប់ប្រើកម្លាំងយោធាបែបនេះទៀត។
 
«រដ្ឋាភិបាលថ្មីគួរតែផ្លាស់ប្តូរទំនោរទៅរកការប្រើកម្លាំងយោធា បញ្ចប់ការពឹងផ្អែកលើច្បាប់សន្តិសុខដ៏ឃោរឃៅ និងការបង្រ្កាបលើការតវ៉ាដោយសន្តិវិធីភ្លាមៗ»។ នេះបើតាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្ស UN។ 
 
បន្ថែមពីនេះ លោកស្រី Michelle Bachelet អតីតឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្សដែលទើបបញ្ចប់អាណត្តិនៅចុងខែសីហា លើកឡើងនៅក្នុងរបាយការណ៍ថា បុគ្គលដែលធ្វើឱ្យស្រីលង្កាក្ស័យធនគួរតែនាំមកកាត់ទោសដោយយុត្តិធម៌។ ជាមួយគ្នានេះ អតីតប្រមុខសិទ្ធិមនុស្សរូបនេះសង្ឃឹមថា រដ្ឋាភិបាលស្រីលង្កាថ្មីនឹងឆ្លើយតបតាមការទាមទាររបស់សាធារណជនក្នុងការទទួលខុសត្រូវលើឧក្រិដ្ឋកម្មសេដ្ឋកិច្ចរួមមានអំពើពុករលួយ និងការបំពានអំណាចជាដើម។ 
 
របាយការណ៍ដដែលក៏បានអំពាវនាវឱ្យកាត់ទោសអ្នកប្រព្រឹត្តអំពើឃោរឃៅដែលសម្លាប់ជនស៊ីវិលតាមិលរាប់ម៉ឺននាក់ អំឡុងសង្រ្គាមស៊ីវិលនៅស្រីលង្កាផងដែរ។ គ្រានោះ អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា ជារដ្ឋមន្រ្តីការពារជាតិដ៏មានឥទ្ធិពល ហើយបានជួយជ្រោមជ្រែងបងប្រុសលោក ម៉ាហ៊ិនដា ដែលជាប្រធានាធិបតីនាពេលនោះបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល៣ទសវត្សរ៍ ដោយបង្រ្កាបការបះបោររបស់ក្រុមសកម្មប្រយុទ្ធខា្លតាមិលដោយជោគជ័យនៅឆ្នាំ ២០០៩៕
 

Tag:
 UN
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com