ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖«ការសម្រេចដោយអគតិ គឺជាអំពើបាប»
07, Sep 2022 , 4:29 pm        
រូបភាព
លោក កឹម សុខា លើកដៃសំពះពីក្នុងរថយន្ត ទៅកាន់អ្នកគាំទ្រនៅមុខតុលាការភ្នំពេញ បន្ទាប់ពីលោក ចេញពីសវនាការ។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា លើកដៃសំពះពីក្នុងរថយន្ត ទៅកាន់អ្នកគាំទ្រនៅមុខតុលាការភ្នំពេញ បន្ទាប់ពីលោក ចេញពីសវនាការ។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
«ការសម្រេចដោយអគតិ គឺជាអំពើបាប»។ នេះជាសាររបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលលោក ទំនងជាចង់សំដៅលើការសម្រេចសេចក្តីរបស់តុលាការ។

 
លោក កឹម សុខា តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអរគុណអ្នកគាំទ្រ ដែលតែងនាំគ្នាទៅប្រមូលផ្តុំនៅមុខតុលាការភ្នំពេញ ដើម្បីបង្ហាញការគាំទ្រដល់លោក និងឃ្លាំមើលសវនាការរបស់លោក ជារៀងរាក់ព្រឹកថ្ងៃពុធ។ លោក បង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីអ្នកគាំទ្ររបស់លោកនៅមុខតុលាការភ្នំពេញ។ 
 
«ខ្ញុំ សូមកោតសរសើរ និងសូមអរគុណជាអនេកចំពោះសហមេធាវីការពារក្តី សហការី អ្នកគាំទ្រខ្ញុំ និងប្រជាពលរដ្ឋខ្មែរ ដែលតែងតែជួយការពារ លើកទឹកចិត្ត និងផ្តល់យុត្តិធម៌ដល់ខ្ញុំ ដោយបានចូលរួមផ្ទាល់ក្នុងតុលាការ និងតាមដាននៅខាងមុខតុលាការ ទោះបីសវនាការនេះត្រូវបានអូសបន្លាយរយៈពេលយ៉ាងយូររហូតដល់ទី៥៥ហើយក៏ដោយ»។ នេះជាសាររបស់មេដឹកនាំប្រឆាំង ដែលត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយ។  
 
ជាមួយគ្នានេះ លោក ជម្រាបប្រជាពលរដ្ឋថា លោក នឹងទៅចូលរួមពិធីបុណ្យកាន់បិណ្ឌ តាមវត្តអារាមនានា។ ពិធិបុណ្យកាន់ថ្ងៃទី១ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ លោក លើកឡើងដូច្នេះថា៖«ជួបជុំគ្នាធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរ គឺអំពើជាកុសល»។
 
សំណុំរឿងរបស់មេដឹកនាំប្រឆាំងរូបនេះ បានអូសបន្លាយអស់រយៈពេល៥ឆ្នាំមកហើយ។ លោក ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ដល់គេហដ្ឋានក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា លោក លួចគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com