អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ UN ជំរុញរុស្ស៊ី និងអ៊ុយក្រែនបង្កើតតំបន់គ្មានយោធានៅរោងចក្រ Zaporizhzhia
07, Sep 2022 , 5:59 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
ដោយ:
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី៦ ខែកញ្ញាបានទទូចឱ្យរុស្ស៊ី និងអ៊ុយក្រែនព្រមបង្កើតតំបន់គ្មានយោធានៅជុំវិញបរិវេណរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia។ រោងចក្រ Zaporizhzhia ដែលស្ថិតក្នុងដៃកងកម្លាំងរុស្ស៊ីតាំងពីពេលឈ្លានពានអ៊ុយក្រែនដំបូង ត្រូវបានទីភ្នាក់ងារថាមពលអាតូមិក ​(IAEA) រកឃើញថា រងការខូចខាតផ្នែកខាងក្រៅជាច្រើនកន្លែង។

 
ការប្រយុទ្ធគ្នាទៅវិញទៅមករវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីជុំវិញរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia បង្កជាក្តីបារម្ភជាខ្លាំងជុំវិញការវាយប្រហារប៉ះរ៉េអាក់ទ័រនុយក្លេអ៊ែរដែលបង្កឱ្យសារធាតុវិទ្យុកម្មលេចធ្លាយ ហើយប្រឈមនឹងមហន្តរាយនុយក្លេអ៊ែរដូច Chernobyl។ 
 
ទាក់ទងបញ្ហានេះ ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៦ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញូ ហ្គូតេរ៉េស ជាថ្មីម្តងទៀតទទូចឱ្យភាគីជម្លោះទាំងពីរបញ្ឈប់សកម្មភាពយោធានៅតំបន់រោងចក្ររបស់អ៊ុយក្រែន Zaporizhzhia ដែលរុស្ស៊ីក្តោបក្តាប់បានតាំងពីដើមខែមីនា។ 
 
«ជាជំហានដំបូង កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនត្រូវតែប្តេជ្ញាថា នឹងធ្វើសកម្មភាពយោធាណាមួយឆ្ពោះទៅរកទីតាំងរោងចក្រ ឬពីទីតាំងរោងចក្រទៅវិញនោះទេ»។ លោក ហ្គូតេរ៉េស ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សា UN បែបនេះ។ 
 
បើតាមប្រមុខ UN ដើម្បីទប់ស្កាត់មហន្តរាយនុយក្លេអ៊ែរ ជំហានទី២ រុស្ស៊ី និងអ៊ុយក្រែនគួរតែមានកិច្ចព្រមព្រៀងបង្កើតតំបន់គ្មានយោធានៅបរិវេណរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុបមួយនេះ។ លោកក៏ចង់ឱ្យបញ្ចូលចំណុចដែលកំណត់យោធារុស្ស៊ីត្រូវតែប្តេជ្ញាដកខ្លួនចេញពីបរិវេណរោងចក្រ រីឯយោធាអ៊ុយក្រែនត្រូវប្តេជ្ញាមិនរុលទៅចូលបរិវេណនោះទេ។ 
 
ទន្ទឹមនឹងការចោទប្រកាន់គ្នាទៅវិញទៅមករវាងអ៊ុយក្រែន និងរុស្ស៊ីជុំវិញការវាយប្រហារនៅក្បែររោងចក្រ Zaporizhzhia ទីភ្នាក់ងារថាមពលអាតូមិក (IAEA) បានចេញរបាយការណ៍មួយនៅថ្ងៃទី ៦ ខែកញ្ញា ដែលរកឃើញថា ក្រុមការងារ IAEA រកឃើញការខូចខាតជាច្រើននៅបរិក្ខារខាងក្រៅរោងចក្រ។ ស្រដៀងទៅនឹងអនុសាសន៍របស់ប្រមុខ UN IAEA ស្នើឱ្យភាគីជម្លោះបង្កើតតំបន់ដើម្បីការពារសុវត្ថិភាព​ និងសន្តិសុខរោងចក្រ Zaporizhzhia។ 
 
កាលពីសប្តាហ៍មុន ប្រធាន IAEA និងក្រុមការងារ ១៣ នាក់ទៀតបានទៅបំពេញការត្រួតពិនិត្យស្ថានភាពនៅរោងចក្រ ខណៈសមាជិក ២ នាក់នឹងនៅតែបន្តឈរជើងនៅទីនោះតាមដានស្ថានការណ៍៕
 
 
 

Tag:
 UN
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com