អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំអាហ្រ្វិក៖ បណ្ដាប្រទេសអ្នកមានត្រូវផ្តល់លុយបន្ថែមដើម្បីជួយលើបញ្ហាអាកាសធាតុ
07, Sep 2022 , 8:29 pm        
រូបភាព
រូបថត The Africa Report
រូបថត The Africa Report
បណ្ដាមេដឹកនាំអាហ្វ្រិកនៅថ្ងៃទី៥ ខែកញ្ញា បានអំពាវនាវឱ្យប្រទេសអ្នកមានដែលជាប្រទេសបំពុលបរិស្ថានខ្លាំង បង្កើនលុយជំនួយសម្រាប់គម្រោងនានាទាក់ទិនបញ្ហាអាកាសធាតុ។ គម្រោងទាំងនោះនឹងជួយប្រទេសនៅអាហ្រ្វិកដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។



ប្រទេសនានានៅទ្វីបអាហ្រ្វិកកំពុងស្វែងរកកញ្ចប់ជំនួយបន្ថែមឱ្យបាន២៥ពាន់លានដុល្លារ សម្រាប់វិនិយោគលើគម្រោងនានាដែលរៀបចំដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងរយៈពេល៣ឆ្នាំ។ គម្រោងទាំងនោះរួមមានការកែលម្អភាពធន់ក្នុងវិស័យកសិកម្ម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលវានឹងជួយឱ្យអាហ្រ្វិកសម្របខ្លួនជាមួយបញ្ហាបម្រែបម្រួលអាកាសធាតុបានប្រសើរជាងមុន។
 
«ប្រសិនបើយើងចង់ឱ្យទ្វីបរបស់យើងរីកចម្រើន យើងត្រូវសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហើយដើម្បីសម្រេចបានចំណុចនេះបញ្ហាហិរញ្ញវត្ថុគឺត្រូវការជាចាំបាច់»។

ប្រធានាធិបតីហ្គាណា Nana Afuko-Addo បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំកំពូលសម្របខ្លួននឹងអាកាសធាតុរបស់អាហ្រ្វិក នៅទីក្រុង Rotterdam របស់ហូឡង់នៅថ្ងៃទី៥ ខែកញ្ញា។
ធនាគារអភិវឌ្ឍអាហ្រ្វិកបានបញ្ជាក់ថា ប្រទេសអាហ្រិ្វកបច្ចុប្បន្នមានលុយពាក់កណ្ដាលនៃចំនួនលុយដែលត្រូវការសម្រាប់គម្រោងការសម្របខ្លួនជាមួយបម្រែបម្រួលអាកាសធាតុរួចហើយ ប៉ុន្តែប្រទេសទាំងនោះកំពុងស្វែងរកជំនួយបន្ថែមពីបណ្ដាប្រទេសអ្នកមាន ពិសេសប្រទេសដែលបំពុលបរិស្ថានដ៏ធំរបស់ពិភពលោក។
 
ថ្លែងក្នុងកិច្ចប្រជុំដដែល ប្រធានធនាគារអភិវឌ្ឍអាហ្រ្វិក Akinwumi Adesina បានអះអាងថា អាហ្រ្វិកបំភាយឧស្ម័នផ្ទះកញ្ចក់មិនលើសពី ៣ភាគរយនៃការបំភាយក្នុងពិភពលោកទេ ប៉ុន្តែបានរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ។
 
ប្រទេសសចំនួន៤ ដែលបានប្រកាសផ្ដល់ជំនួយក្នុងគម្រោងរបស់អាហ្រ្វិកមានដូចជា អង់គ្លេស ន័រវែស បារាំង និងដាណឺម៉ាក។ ប្រទេសទាំងនេះបានផ្ដល់លុយសរុប៥៥លានដុល្លារ។ 
យ៉ាងណាមិញ ប្រធានាធិបតីសេណេហ្គាល់ Macky Sall មានការអាក់អន់ចិត្តដោយសារមានមេដឹកនាំប្រទេសអឺរ៉ុបតិចតួចប៉ុណ្ណោះដែលមានវត្តមានដោយផ្ទាល់ក្នុងកិច្ចប្រជុំក្រុង Rotterdam។ នាកិច្ចប្រជុំកំពូលនោះ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte ជាមេដឹកនាំប្រទេសអឺរ៉ុបតែម្នាក់គត់ដែលបានចូលរួមដោយផ្ទាល់ជាមួយប្រមុខរដ្ឋមកពីបណ្ដាប្រទេសអាហ្វ្រិក៕
 

Tag:
 អាហ្វ្រិក
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com