អន្តរជាតិ
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា៖ លោក ពូទីន ជាមេដឹកនាំរៀបចំស្ថិរភាពទូទាំងពិភពលោក
07, Sep 2022 , 6:44 pm        
រូបភាព
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ចាប់ដៃប្រធានាធិបតិរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ចាប់ដៃប្រធានាធិបតិរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
ដោយ:
ក្នុងជំនួបដំបូងជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៧ ខែកញ្ញា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង​ បានសរសើរមេដឹកនាំរូបនេះ ជាមេដឹកនាំដែលគ្រប់គ្រង និងរៀបចំស្ថិរភាពពិភពលោក បើទោះជារុស្ស៊ីកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែនក្ដី។ រីឯ លោក ពូទីន វិញនិយាយថា ទំនាក់ទំនងរុស្ស៊ីជាមួយមីយ៉ាន់ម៉ា អភិវឌ្ឍទៅមុខប្រកប​ដោយភាពវិជ្ជមាន។

 
 
មីយ៉ាន់ម៉ា និងរុស្ស៊ីដែលស្ថិតក្រោមទណ្ឌកម្មលោកខាងលិចដូចគ្នាបានបន្តទំនាក់ទំនងយ៉ាងស្អិតល្មួត។ ជាសញ្ញាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅក្រោយរដ្ឋប្រហារ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេ​នីយ៍ មីន អ៊ុងឡាំងនៅថ្ងៃទី៧ ខែកញ្ញាបានជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនជាលើកដំបូងនៅក្រៅកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ទឹកដីរុស្ស៊ី។ 
 
អំឡុងជំនួប មេដឹកនាំទាំងពីរបានសរសើរពីមិត្តភាពគ្នាទៅវិញទៅមក ក៏ដូចជាជជែកគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយមិត្តភាព​ និងបើកចំហរ ហើយក៏បានដោះដូរគំនិតគ្នាជុំវិញស្ថានភាពពិភពលោកបច្ចុប្បន្នផងដែរ។ 
 
«ខ្ញុំពិតជាមានមោទកភាពចំពោះអ្នកណាស់ ពីព្រោះនៅពេលអ្នកឡើងកាន់អំណាចនៅរុស្ស៊ី អ្នកក្លាយជាមេដឹកនាំលេខ១នៅក្នុងពិភពលោក»។ លោក មីន អ៊ុងឡាំង ប្រាប់លោក ពូទីន បែបនេះក្នុងសេចក្តីថ្លែងការណ៍របស់វិមានក្រេមឡាំង ជាមួយនឹងការបន្ថែមថា លោក ពូទីន មិនមែនត្រឹមតែមេដឹកនាំរុស្ស៊ីប៉ុណ្ណោះទេ តែជាមេដឹកនាំពិភពលោកដែលគ្រប់គ្រង និងរៀបចំស្ថិរភាពពិភពលោកទាំងមូលទៀតផង។ 
 
ចំណែក ប្រធានាធិបតីរុស្ស៊ីវិញសរសើរថា មីយ៉ាន់ម៉ាគឺជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងទ្វេភាគីវិញកំពុងអភិវឌ្ឍទៅមុខប្រកបដោយវិជ្ជមាន។
 
សូមបញ្ជាក់ថា ស្របពេលកាន់តែឃ្លាតឆ្ងាយពីលោកខាងលិចជុំវិញការឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានបង្វែរពង្រឹងទំនាក់ទំនងជាមួយអាស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិក។ រីឯ មីយ៉ាន់ម៉ាវិញក្រោយត្រូវបានដាក់ទណ្ឌកម្ម និងទម្លាក់ទំនាក់ទំនងការទូតជុំវិញរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល មានចិន និងរុស្ស៊ីជាបង្អែកទាំងផ្នែកយោធា និងពាណិជ្ជកម្ម៕
 
 

Tag:
 រុស្ស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com