ជាតិ
សេដ្ឋកិច្ច
ADB កំពុងរៀបចំគម្រោង«ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត» ដើម្បីគាំទ្រឧស្សាហកម្មកម្ពុជា
08, Sep 2022 , 8:59 pm        
រូបភាព
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ កញ្ញា ។ រូបពី ក្រសួងការងារ។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ កញ្ញា ។ រូបពី ក្រសួងការងារ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងសិក្សាស្រាវជ្រាវរៀបចំគម្រោងថ្មី ឈ្មោះថា  «ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy)» ដែលមានគោលដៅធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាប្រសើរឡើង ។ គម្រោងនេះ ឆ្លើយតបទៅគោលនយោបាយ និងផែនការយុទ្ធសាស្ត្រមួយចំនួន ដែលពាក់ព័ន្ធជុំវិញវិស័យការងារ។



គម្រោងដែល ADB កំពុងតែរៀបចំនេះ គឺជាការរួមចំណែកទៅគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ ព្រមទាំងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជាពិសេសទៅលើការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)​រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា និងការសិក្សាផ្អែកលើការងារ។
 
គម្រោងទាំងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ កញ្ញា ។ 
 
លោក អ៊ិត សំហេង បានលើកឡើងថា កម្ពុជាកំពុងកង្វះពលកម្មជំនាញ ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារការងារ។ បន្ថែមពីនេះ យុវជន និងសហគមន៍មិនទាន់បានផ្តល់តម្លៃទៅលើជំនាញTVETនេះ ឲ្យបានច្រើននៅឡើយទេ ។ បើតាមរដ្ឋមន្រ្តីការងារ ភាគច្រើនអ្នកដែលបានចូលរៀនជំនាញTVETនេះ ជាក្រុមជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកត្រូវការបណ្តុះបណ្តាលបន្ថែម។ 
 
​ដើម្បីសម្រេចកិច្ចការទាំងនេះ រដ្ឋាភិបាលកម្ពុជា ត្រូវការចូលរួមពីADB ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការជួយលើកិច្ចការទាំងនេះបន្ថែមទៀត។
 
ជុំវិញកង្វល់ទាំងនេះ លោកស្រី Jyotsana Varma បានផ្តល់នូវអនុសាសន៍មួយចំនួនដល់កម្ពុជា  ឲ្យបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ និងជំរុញឲ្យមានការចុះឈ្មោះចូលរៀនជំនាញTVET បានច្រើន ព្រមទាំងបង្កើតជាទូតសុឆន្ទៈគំរូឲ្យបានច្រើន ដើម្បីពន្យល់ទៅកាន់យុវជន និងសហគមន៍ឲ្យបានយល់ដឹងកាន់តែទូលំទូលាយពីជំនាញមួយនេះ ។ 
 
លោក អ៊ិត សំហេង ក៏បានស្នើដល់ភាគីADB បន្តជួយជាជំនួយបច្ចេកទេសផ្នែកវិស័យការងារ និងកិច្ចសហប្រតិបត្តិការបន្តទៀតលើវិស័យ TVET ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
 
ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អមួយ ក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ ដោយបានគាំទ្រវិស័យ TVET តាំងពីឆ្នាំ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានលើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET ។ តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទី១ និងទី២, គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET), គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ចំណែកគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥៕
 

Tag:
 ADB អ៊ិត សំហេង
© រក្សាសិទ្ធិដោយ thmeythmey.com