កីឡាជាតិ
ជាតិ
ស្វាយរៀង វេស្ទើនចាប់ផ្តើមប្រកួត ខណៈណាហ្គា បឹងកេត រំពឹងឈ្នះបន្ថែមទៀត លោក សំ វ៉ាន់ដេត នាំស្វាយរៀងបើកយុទ្ធនាការការពារជើងឯកនារសៀលនេះ
× ការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក២០១៤ ឈានដល់សប្តាហ៍ទីពីរហើយនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ នេះ ប៉ុន្តែសម្រាប់ស្វាយរៀង និងសាកលវិទ្យាល័យវេស្ទើន វាជាការប្រកួតលើកដំបូង។ ជំនួបពីរប្រកួតនឹងត្រូវរៀបចំឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ខណៈពីរប្រកួតទៀតនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ។
នៅស្តាតចាស់នាវេលាម៉ោង១:៣០រសៀល ណាហ្គាខប រំពឹងរកបានបីពិន្ទុបន្ថែមទៀត នៅពេលពួកគេត្រូវប៉ះជាមួយគិរីវង់សុខសែនជ័យ មកពីខេត្តតាកែវ។ កាលពីសប្តាហ៍មុន ណាហ្គាខប បានយកឈ្នះក្រសួងការពារជាតិ ៣-០ ខណៈ ខ្សែបម្រើកូរ៉េខាងត្បូង Jang In Yong បង្ហាញសមត្ថភាពលេងដ៏គួរឲ្យកត់សម្គាល់។ ដោយឡែក គិរីវង់ដែលតែកីឡាករក្នុងស្រុកនោះ បានចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ២-០។ ខ្សែប្រយុទ្ធ អ៊ិន វិច្ឆិកា និងសាវ័ន្ត រតនវិសារ គឺជាកម្លាំងដ៏សំខាន់ដែលអាចស្តារស្ថានភាពក្រុម។
នៅម៉ោង៣:៤៥នាទី ម្ចាស់ការពារតំណែងជើងឯកស្វាយរៀងដែលខកខានកាលពីសប្តាហ៍ដោយសារដំណើរប្រកួតមិត្តភាពនៅវៀតណាមនោះ ត្រូវជួបជាមួយក្រុម Albirex Niigata Phnom Penh។ ស្វាយរៀងត្រូវបានរំពឹងថា នឹងបង្ហាញវត្តមានកីឡាករបរទេសសំខាន់ៗមួយចំនួន ខណៈ Albirex ដែលមានម្ចាស់ជាជនជាតិជប៉ុនអាចទាញបានបទពិសោធន៍នៃការបរាជ័យ ៤-១ ដោយសារបឹងកេតកាលពីសប្តាហ៍មុន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
ដោយឡែកនៅពហុកីឡដ្ឋានជាតិ នៅវេលាម៉ោង៣:៣០នាទី គឺជាជំនួបរវាងក្រុមដែលមានប្រភពចេញមកពីសាកលវិទ្យាល័យ។ វេស្ទើនដែលមានកីឡាករនីហ្សេរីយ៉ា២រូប និងកាម៉េរូន១រូបនោះ នឹងបើកយុទ្ធនាការលើកដំបូងរបស់ខ្លួននៅរដូវកាលនេះ ខណៈអាស៊ីអឺរ៉ុបដែលតែកម្លាំងកីឡាករក្នុងស្រុក បានរងនូវការខកចិត្តកាលពីសប្តាហ៍មុន ដោយចាញ់ភ្នំពេញក្រោន ៤-០ នៅតង់ទីពីរ។
ជំនួបនាម៉ោង៦ល្ងាច គឺជាការប៉ះគ្នារវាងចម្ការកៅស៊ូបឹងកេត និងត្រាយអេស៊ីភ្នំពេញ។ អតីតខ្សែប្រយុទ្ធភ្នំពេញក្រោន Elroy van der Hooft រំពឹងថានឹងបង្ហាញខ្លួនសារជាថ្មីនៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីរូបគេបានចុះកិច្ចសន្យាលេងឲ្យចម្ការកៅស៊ូបឹងកេតសម្រាប់រដូវកាលថ្មីនេះ។ ចាន់ វឌ្ឍនាកា គឺជាកីឡាករដែលកំពុងនាំមុខគេលើការស៊ុតបាល់បញ្ចូលទី ដោយរូបគេរកបានបីគ្រាប់ក្នុងជ័យជម្នះ ៤-១ លើ Albirex។ សម្រាប់ត្រាយអេស៊ីភ្នំពេញ កីឡាករជើងចាស់ ចាន់ រិទ្ធី នឹងត្រូវប្រឈមជាមួយក្រុមចាស់របស់ខ្លួន ប៉ុន្តែមិនដឹងថា រូបគេនឹងត្រូវបានដាក់ឲ្យចូលលេងឬយ៉ាងណានោះទេ ខណៈ ខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី បានទទួលនូវការចាប់អារម្មណ៍ច្រើនពីព្រោះ រូបគេតែងតែរកបានគ្រាប់បាល់បញ្ចូលទីនារយៈពេលចុងក្រោយនេះ។
កម្មវិធីប្រកួត៖
ស្តាតចាស់
-១:៣០នាទី៖ ណាហ្គាខប v គិរីវង់សុខសែនជ័យ
-៣:៤៥នាទី៖ ស្វាយរៀង v Albirex Niitaga Phnom Penh
ពហុកីឡដ្ឋានជាតិ
-៣:៣០នាទី៖ វេស្ទើនយូនីអែហ្វស៊ី v អាស៊ីអឺរ៉ុប
-៦:០០ល្ងាច៖ ចម្ការកៅស៊ូបឹងកេត v ត្រាយអេស៊ីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com