ជាតិ
រដ្ឋាភិបាល អនុម័តសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០
09, Sep 2022 , 4:29 pm        
រូបភាព
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២។ រូបពី SPM
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២។ រូបពី SPM
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ២០២២-២០២៣ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកកម្ពុជា។

 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបង្ហាញលើហ្វេសប៊ុករបស់ខ្លួន ថា វិស័យប្រៃសណីយ៍ មានសក្ដានុពល ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតប្រជាជននៅកម្ពុជា ដោយផ្សារភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ 
 
ទន្ទឹមនឹងការរីកចម្រើនសេដ្ឋកិច្ច និងការវិវត្តនៃបច្ចេកវិទ្យា ដូចជា ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុង និងក្រៅប្រទេស ដែលជានិន្នាការកើនឡើង ស្របតាមប្រព័ន្ធអេឡិចត្រូនិក។ ដូច្នេះ សេវាប្រៃសណីយ៍ មានលក្ខខណ្ឌអំណោយផល សម្រាប់ជំរុញការអភិវឌ្ឍវិស័យនេះ នៅទូទាំងប្រទេស។ នេះបើតាមសំណេរលោក ផៃ ស៊ីផាន ដែលបានបន្ថែមថា សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ២០២២-២០២៣ មាន៨ជំពូក។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបន្ថែមថា គោលនយោបាយដែលរដ្ឋាភិបាលសម្រេចនេះ នឹងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធផលសុវត្ថិភាព និងភាពជឿទុកចិត្ត ដើម្បីទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ 
 
គោលនយោបាយកំណត់គោលដៅនេះ មានចំនួន៤។ ក្នុងនោះគោលដៅទី១ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។ គោលដៅទី២ ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ គោលដៅទី៣ បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុច្ចរិត និងគោលដៅទី៤ លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍។
 
ដើម្បីសម្រេចបានគោលដៅ និងគោលបំណងនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ រដ្ឋាភិបាលបានកកំណត់យុទ្ធសាស្រ្ត សំខាន់ៗចំនួន ៨ចំណុច  រួមមានទី១ ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍។
 
ទី២បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ 
ទី៣លើកកម្ពស់សុវត្ថិភាពការងារ និងចីរភាពបរិស្ថានក្នុងប្រតិបត្តិការអាជីវកម្មប្រៃសណីយ៍
ទី៤អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបណ្ដាញភស្តុភារកម្មប្រៃសណីយ៍ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលលើប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ សេវាកម្ម និងបណ្ដាញប្រៃសណីយ៍។
 
យុទ្ធសាស្ត្រទី៥ គ្រប់គ្រងឱ្យបានល្អប្រសើរនូវការធ្វើអាជីវកម្មផ្តល់សេវាក្នុង
វិស័យប្រៃសណីយ៍របស់ផ្នែកឯកជន ,ទី៦ ជំរុញការបង្កើនសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា ក្នុងការធ្វើ
ប្រតិបត្តិការអាជីវកម្ម ,ទី៧ បង្កើតកម្មវិធីកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងចូលរួមគាំទ្រការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងចុងក្រោយ ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យប្រៃសណីយ៍៕
 
 
 

Tag:
 គោលនយោបាយ
  ប្រៃសណីយ៍
© រក្សាសិទ្ធិដោយ thmeythmey.com