អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី ទាមទារព័ស្តុតាងពីអាម៉េរិកនិងអង់គ្លេស ក្រោយចោទថាខ្លួនទិញអាវុធពីអ៊ីរ៉ង់និងកូរ៉េខាងជើង
09, Sep 2022 , 7:29 pm        
រូបភាព
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia ។ រូបថត Xinhua
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia ។ រូបថត Xinhua
តំណាងរុស្ស៊ីនៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៨ ខែកញ្ញា បានទាមទារឱ្យអាម៉េរិក និងអង់គ្លេសផ្តល់ព័ស្តុតាងដើម្បីគាំទ្រការចោទប្រកាន់របស់ប្រទេសទាំងពីរដែលថាទីក្រុងមូស្គូចង់ទិញដ្រូនពីអ៊ីរ៉ង់ និងគ្រាប់រ៉ុក្កែត ក៏ដូចជាគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។



រឿងរ៉ាវរុស្ស៊ីទិញដ្រូនពីអ៊ីរ៉ង់ និងទិញគ្រាប់កាំភ្លើងធំ ព្រមទាំងគ្រាប់រ៉ុក្កែតពីកូរ៉េខាងជើង កំពុងរាលដាលខ្លាំង។ តំណាងរុស្ស៊ី អាម៉េរិក និងអង់គ្លេស ឆ្លើយឆ្លងគ្នាពីរឿងនេះនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៨ ខែកញ្ញា។
 
ឯកអគ្គរដ្ឋទូត​រង​អាម៉េរិក លោក Richard Mills ចោទប្រកាន់អ៊ីរ៉ង់ពីការផ្គត់ផ្គង់ដ្រូនរាប់រយគ្រឿងទៅឱ្យរុស្ស៊ី ហើយរុស្ស៊ីប្រហែលកំពុងទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើងដើម្បីប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ ឯតំណាង​ចក្រភព​អង់គ្លេស លោកស្រី Barbara Woodward ថ្លែងក្នុងកិច្ចប្រជុំដដែលថា រុស្ស៊ីកំពុងបំពានទណ្ឌកម្មរបស់ UN ដែលបានហាមឃាត់រដ្ឋជាសមាជិកមិនឱ្យទិញអាវុធពីកូរ៉េខាងជើង។ 
 
តំណាងរុស្ស៊ីបានឆ្លើយតបវិញដោយការទាមទាររកព័ស្តុតាងពីអាម៉េរិក និងអង់គ្លេស។
 
«ឥឡូវនេះ ខ្ញុំចង់សុំព័ស្តុតាងបញ្ជាក់ ឬការទទួលស្គាល់ថា ពួកគេកំពុងផ្សព្វផ្សាយព័ត៌មានដែលមិនគួរឱ្យទុកចិត្ត»។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបែបនេះ។ 
 
តំណាងរុស្ស៊ី ក៏ងាកទៅអំពាវនាវឱ្យកិច្ចប្រជុំពិភាក្សាអំពីរឿងផ្គត់ផ្គង់សព្វាវុធបរទេសដល់អ៊ុយក្រែនវិញ ខណៈអាម៉េរិក អង់គ្លេស បារាំង និងប្រទេសដទៃទៀតបានផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារឱ្យអ៊ុយក្រែនថ្ងៃទី២៤ ខែកុម្ភៈមក។ រុស្ស៊ីបានចោទបណ្ដាប្រទេសផ្ដល់ជំនួយដល់អ៊ុយក្រែនថា បានចូលរួមបង្កើនភាពតានតឹងក្នុងសង្គ្រាម និងអូសបន្លាយសង្គ្រាមឱ្យកាន់តែយូរ។ 
 
យ៉ាងណាមិញ លោក Mills បានច្រានចោលការអះអាងរបស់រុស្ស៊ីនេះ ជារឿងមិនពិត។ 
 
ទោះអ៊ុយក្រែនទទួលបានជំនួយយោធាច្រើនសន្ធឹកសន្ធាប់ក្ដី លោក Nebenzia បានបង្ហាញភាពជឿជាក់ចំពោះការធ្វើសង្គ្រាមរបស់រុស្ស៊ីថា ទីបញ្ចប់នៃសង្គ្រាមនៅឆ្ងាយទៅមុខទៀត ហើយជំនួយសព្វាវុធរបស់​លោក​ខាង​លិច​មិន​អាចសម្រេចទីបញ្ចប់នៃសមរភូមិនេះបានទេ។ 
 
ក្នុងកិច្ចប្រជុំដដដែល ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ លោក Sergiy Kyslytsya អះអាងថា អ៊ុយក្រែននឹងប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ទាហានរុស្ស៊ីទាំងអស់ក្នុងទឹកដីអ៊ុយក្រែនត្រូវចុះចាញ់៕
 

Tag:
 រុស្ស៊ី អង់គ្លេស អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com