អន្តរជាតិ
កាមេរូន៖ យុវជនម្នាក់​រត់​គេចខ្លួន ក្រោយប្រមូល​ប្រាក់តុងទីនតាម WhatsApp បានជាង១៥០០ដុល្លារ
10, Sep 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
​យុវជន​កាមេរូន​ម្នាក់ បាន​រត់គេច​ខ្លួន​ជាមួយប្រាក់ជាង​១លាន​ហ្វ្រង់អាហ្វ្រិក​ខាងលិច (CFA franc) ឬជាង​១៥០០​ដុល្លារអាម៉េរិក បន្ទាប់ពី​រូបគេ​ប្រមូល​លុយពីសមាជិក​ដែលបាន​លេង​តុងទីន​ជាមួយគ្នា​តាមបណ្តាញសង្គម WhatsApp។



យោងតាម​ការផ្សាយ​របស់សារព័ត៌មាន​យុវជនអាហ្វ្រិក​ L.frii កាលពី​ថ្ងៃទី៤ ខែកញ្ញា យុវជនឈ្មោះ Kammi Franck បាន​ជួប​មិត្តភក្តិ​របស់ខ្លួន​នៅ​សង្កាត់ Deido តំបន់ Douala ប្រទេសកាមេរូន។ ពេលនោះ គេ​បាន​លើកឡើងពីគម្រោង​របស់ខ្លួន​ក្នុងការ​បង្កើត​ក្រុមហ៊ុនមួយ​ដើម្បីរួម​ចំណែក​កាត់បន្ថយ​ភាពគ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​។ គំនិត​របស់ Franck ទទួលបាន​នូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិ ប៉ុន្តែ​ដោយសារ​បញ្ហា​ហិរញ្ញ​វត្ថុ ជន​ឆបោក​រូបនេះ បាន​ស្នើ​ឲ្យមាន​ការ​បង្កើត​តុងទីនតាមបណ្តាញសង្គម WhatsApp ហើយ​ប្រមូល​បាន​សមាជិក​ប្រមាណ​១៥នាក់។ L.frii បាន​បញ្ជាក់ថា Franck ទទួល​បន្ទុក​ទាំងអស់​សម្រាប់ក្បាល​តុងទីននេះ ដោយ​គេ​ធ្វើ​ជាមេតុងទីនផង ជា​លេខាផង និងជាហិរញ្ញឹក​ផង។ ប៉ុន្តែ​ក្រោយ​ប្រមូល​បាន​ប្រាក់​ដំបូង​ជាង​១៥០០​ដុល្លារអាម៉េរិក រាល់​ទំនាក់ទំនង​ទៅកាន់យុវជន​រូបនេះ ត្រូវបាន​កាត់ផ្តាច់ ហើយ​សមាជិក​ទាំងអស់​លែងទទួលបាន​ដំណឹង​ពីមេតុងទីន​របស់ខ្លួន។ នៅ​កាមេរូន​ ក៏ដូចជា​បណ្តា​ប្រទេសមួយចំនួនដែល​ប្រើ​ប្រាស់​ភាសា​បារាំង​​នៅអាហ្វ្រិក ការលេង​តុងទីន បាន​ក្លាយជាផ្នែកមួយ​ដ៏សំខាន់​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ (Informal Financial Sector-IFS)។ យោងតាម Fair Observer ពលរដ្ឋកាមេរូនជាង​៥០ភាគរយ ចូល​រួម​លេងតុងទីន ដែល​ក្នុងនោះ​មាន​ដូចជាអ្នកជំនួញ អ្នក​មាន​ចំណូល​កម្រិតកណ្តាល និង​កម្រិតទាប ជាពិសេស​ស្ត្រី៕


Tag:
 តុងទីន
© រក្សាសិទ្ធិដោយ thmeythmey.com