ជាតិ
សេដ្ឋកិច្ច
យូនីសេហ្វ នឹងប្រើលុយជាង៣,៤លានដុល្លារ ជួយ​ដោះស្រាយបញ្ហាស្គមស្គាំងកុមារនៅខេត្ត៦
11, Sep 2022 , 2:31 pm        
រូបភាព
ភ្នំពេញ៖ យូនីសេហ្វ (UNICEF) បានទទួលជំនួយថវិកា ចំនួនជាង ៣,៤ លានដុល្លារ ពីមូលនិធិវិនិយោគលើកុមាររបស់ចក្រភពអង់គ្លេស (CIFF) យូនីសេហ្វ កាលពីថ្ងៃទី៩ ខែកញ្ញា នេះ។ យូនីសេហ្វ នឹងនាំយកជំនួយនេះ ផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាបន្ថែម លើការដោះស្រាយបញ្ហាភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារ នៅខេត្តចំនួន៦ រួមមាន តាកែវ កំពង់ធំ សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងឧត្តរមានជ័យ។ ។

 
ភាពស្គមស្គាំងធ្ងន់ធ្ងរ ឬហៅថាបញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាល់ ត្រូវបានគេរកឃើញថា បានប៉ះពាល់ដល់កុមារកម្ពុជាមានអាយុក្រោមប្រាំឆ្នាំ ១នាក់ ក្នុងចំណោម ១០នាក់ ដោយពួកគេមានទម្ងន់ស្រាលបើធៀបនឹងកម្ពស់។ ភាពស្គមស្គាំងធ្ងន់ធ្ងរនេះ អាចបណ្ដាលមកពី ស្ថានភាពសង្គមសេដ្ឋកិច្ចរបស់គ្រួសារ អសន្តិសុខស្បៀង ការផ្តល់ចំណីអាហារដល់កុមារមិនបានត្រឹមត្រូវ បញ្ហាខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ឬបញ្ហាខ្វះអនាម័យជាដើម។​
 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា កុមារដែលរងគ្រោះពីបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ អាចស្លាប់ដល់ទៅ១១ ដងច្រើនជាងកុមារដែលមាន អាហារូបត្ថម្ភគ្រប់គ្រាន់។ ហើយកុមារដែលនៅរស់រាន​មានជីវិតពីបញ្ហានេះ អាចនឹងជួបការលំបាក​ក្នុងការអភិវឌ្ឍពេញមួយជីវិតរបស់ខ្លួន។ 


 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ អះអាងថា តាមរយៈថវិកាជំនួយនេះ នឹងផ្តល់លទ្ធភាពដល់យូនីសេហ្វ ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាល ​​ដើម្បីទប់ស្កាត់ និងព្យាបាល​ភាពស្គមស្គាំងធ្ងន់ធ្ងរលើកុមារ ដោយ​បង្កើនការផ្តល់សេវាថែទាំសុខភាពបឋមសំខាន់ៗក្នុងខេត្តគោលដៅ។ « យើងត្រូវដោះស្រាយបញ្ហានេះដើម្បីឱ្យកុមារគ្រប់រូបអាចទទួលបានសិទ្ធិក្នុងការលូតលាស់ និងរីកចម្រើន»។
 
ថវិកាជំនួយនេះ ត្រូវបានគាំទ្រដល់រដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំ ដែលនឹងអាចសង្គ្រោះជីវិត កុមារចំនួន ៥ ២០០០នាក់ ខណៈបច្ចុប្បន្ននេះ មានកុមារកម្ពុជា តិចជាង ១០ ភាគរយនៃកុមារប្រមាណ ៦០ ០០០ នាក់ ដែលមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ទទួលបានការព្យាបាល។ 
 
ជំនួយនេះ នឹងបង្កើនដល់ការព្យាបាលកុមារមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរពីចំនួន ៥ ០០០ ទៅ ២០ ០០០ នាក់ ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០២៥ ផ្អែកតាមគោលដៅរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀត កុមារជាង ៩០០ ០០០ នាក់ អាយុក្រោម៥ឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍ពីការកំណត់រក ការប្រឹក្សា និងការតាមដានការលូតលាស់ និងសេវាផ្សព្វផ្សាយ ដែល​ត្រូវបានកែលម្អឱ្យមានភាពប្រសើរជាងមុន។  
 
ជាមួយគ្នានេះ ឪពុកម្តាយ និងអ្នកថែទាំជាង ៥០០ ០០០ នាក់ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនចំណេះដឹងកាន់តែច្រើន និងឧបករណ៍នានាដើម្បីទប់ស្កាត់បញ្ហាខ្វះអាហារូបត្ថម្ភគ្រប់ទម្រង់ទៀតផង។ 
 
គួរជម្រាបថា នៅក្នុងខែមីនា ឆ្នាំ២០២០ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំ រួមទាំងយូនីសេហ្វ បានចេញផ្សាយក្របខ័ណ្ឌសកម្មភាពសកល (GAP) ស្តីពីភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារដោយមានគោលដៅពន្លឿនវឌ្ឍនភាពក្នុងការកាត់បន្ថយភាពស្គមស្គាំងកុមារនៅជុំវិញពិភពលោក។ នៅក្នុងខែឧសភា ឆ្នាំ២០២១ កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេចំនួន២១ ដែលបានបង្កើតផែនទីបង្ហាញផ្លូវ GAP ​មានកំណត់នូវតម្រូវការថវិកាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ 
 
ផែនទីបង្ហាញផ្លូវនេះបានកំណត់ចំណុចដៅនៃការកាត់បន្ថយចំនួនកុមារដែលមានរោគសញ្ញាស្គមស្គាំងធ្ងន់ធ្ងរពី១០% មកត្រឹម ៥% នៅត្រឹមឆ្នាំ២០២៥។ ផែនទីបង្ហាញផ្លូវនេះ បាននាំឲ្យមានកិច្ចពិភាក្សាតុមូលអន្តរវិស័យមួយ ដែលបានកំណត់ពីបញ្ហាខ្វះខាតថវិកាជាង៨លានដុល្លារ សម្រាប់ការកំណត់រក និងព្យាបាលបញ្ហាស្គមស្គាំងធ្ងន់ធ្ងររបស់កុមារ៕ 
 
 
 
 

Tag:
 យូនីសេហ្វ
 កុមារស្គមស្គាំង
© រក្សាសិទ្ធិដោយ thmeythmey.com