កីឡាជាតិ
ជាតិ
ការរៀបចំប្រកួតពេលយប់ហាក់ដូចជាបានទទួលនូវការគាំទ្រច្រើន លោក ថោង ច័ន្ទកិត្យា ធ្វើការកាត់ក្តីកន្លងមកនាការប្រកួតពេលល្ងាចរវាងក្រុមបៀលប្រាយ និងក្រុម TriAsia
× ខុសប្លែកពីរដូវកាលមុនៗ នៅឆ្នាំ២០១៤ នេះ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ដែលប្រកួតនៅពហុកីឡដ្ឋានជាតិ ត្រូវបានរៀបចំកម្មវិធីប្រកួតនៅម៉ោង ៣:៣០ នាទី មួយប្រកួត និង នៅម៉ោង ៦ ល្ងាច មួយប្រកួត ដែលវាផ្តល់អំណោយផលដល់ទស្សនិកជនមានពេលគ្រប់គ្រាន់ក្នុងការទស្សនាផ្ទាល់លើទីលានប្រកួត។
យុវជន សំរឹទ្ធ ដារិទ្ធ ជានិស្សិតឆ្នាំទី២ ផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រាប់គេហទំព័រថ្មីៗ នៅពហុកីឡដ្ឋានជាតិ ជាទីកន្លែងប្រកួតបាល់ទាត់លីកកម្ពុជារាល់ចុងសប្ដាហ៍ថា៖ «ខ្ញុំចូលចិត្តមើលបាល់ទាត់ដែរ តែពេលខ្លះអត់ម៉ោងប្រកួតនិងម៉ោងរៀនជាន់គ្នាទើបខ្ញុំមិនបានមក។ ពេលគេប្រកួតពេលយប់ចឹងខ្ញុំគិតថាល្អ ព្រោះប្រជាជននៅទីក្រុងគេមិនសូវមានពេលទំនេរនៅពេលថ្ងៃទេ បើពេលល្ងាច ឬ យប់បន្តិចទើបទំនេរ ចឹងអ្នកចូលចិត្តគេអាចឆ្លៀតមកទស្សនា ក៏ដូចជាលំហែរបាន។ ខ្ញុំគាំទ្រ ការៀបចំនេះ»។
ក្បែគ្នានោះដែរ លោក គឹម ជាបុគ្គលិកផ្នែកទីផ្សារក្នុងក្រុមហ៊ុនឯកជនមួយកន្លែងនៅជាយក្រុងភ្នំពេញ បានឱ្យដឹងដែលថា៖ «ពីមុនខ្ញុំមកមើលមិនដែលបានពេញភ្នែកសោះ ពេលខ្លះមកទាន់ការប្រកួត ពេលខ្លះមកមិនទាន់ ហើយឆ្លៀតសុំមេចេញមុនម៉ោងទៀត តែឥឡូវលែងអីហើយ អាចមើលគ្រប់ការប្រកួតទាំងអស់។ យើងនៅទាស់តែម៉្យាងគឺស្មៅ និង ភ្លើងបំភ្លឺ មិនទាន់បានកែសម្រួល តែយ៉ាងណាៗ ក៏គ្រាន់ជាងអត់ដែរ»។
ចំណែកយុវតី ទេវី កំពុងអង្គុយទស្សនាការប្រកួតបាល់ទាត់ជាមួយមិត្តភក្តិ ២ , ៣ នាក់ ដែលអះអាងថាមិត្តប្រុសរបស់ខ្លួនជាកីឡាករកំពុងប្រកួតនៅទីលានបានប្រាប់ថា៖ «បានប្រកួតពេលត្រជាក់បែបហ្នឹងខ្ញុំអាចបបួលមិត្តភក្ដិមកមើលគ្រាន់បានជាគ្នា ព្រោះមិនក្ដៅដូចលើកមុន ហើយបងៗ កីឡាករក៏មានកម្លាំងលេង»។
ចុះចំណែកប្រិយមិត្តវិញធ្លាប់បានទស្សនាការប្រកួតនៅពេលយប់ដែរឬទេ? ម៉េចដែរ! ប្លែកអារម្មណ៍អត់?
© រក្សាសិទ្ធិដោយ thmeythmey.com