ជាតិ
សេដ្ឋកិច្ច
៨ខែ កម្ពុជានាំចូលទំនិញជិត ២២ពាន់លានដុល្លារ ខណៈការនាំចេញជាង ១៥ពាន់លានដុល្លារ
12, Sep 2022 , 8:29 am        
រូបភាព
កុងតឺន័រនៅកំពង់ផែស្ងួត ហុង ឡេងហួរ ។ រូបថតដោយ ភារម្យ/ Xinhua ។
កុងតឺន័រនៅកំពង់ផែស្ងួត ហុង ឡេងហួរ ។ រូបថតដោយ ភារម្យ/ Xinhua ។
កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ៣៧,៤លានដុល្លារក្នុងរយៈពេល៨ខែនេះ​។ ក្នុងនោះការនាំចូលទំនិញមកកម្ពុជា គិតជាតម្លៃ ២១,៧៦ពាន់លានដុល្លារ ខណៈការនាំចេញទំនិញទៅក្រៅប្រទេសវិញ មានតម្លៃ ១៥,៦៤ពាន់លានដុល្លារ។ទំហំពាណិជ្ជកម្មដែលមានតម្លៃ ៣៧,៤ពាន់លានដុល្លារនេះ បានកើនឡើងប្រមាណ ២១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២១។


 
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញទំនិញរបស់កម្ពុជាដែលមានតម្លៃ ១៥,៦៤ពាន់លានដុល្លារ កើនក្នុងអត្រា ២៦,៣ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២១ មានប្រមាណ ១២,៣៨ពាន់លានដុល្លារ។ ចំណែកការនាំចូលទំនិញមកកម្ពុជាវិញ មានតម្លៃរហូតដល់ជាង ២១,៧៦ពាន់លានដុល្លារកើនឡើងប្រមាណ ១៨,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ដែលមានតម្លៃប្រមាណ ១៨,៤០ពាន់លានដុល្លារ។ 
 
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប គ្រឿងសង្ហារិម កៅស៊ូ បំណែកគ្រឿងអគ្គីសនី​និងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ
ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត...។ រីឯមុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃរ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក កប្បាស ក្រដាស ឱសថ ស្បែកសត្វ និងជី ...។ 
 
គួរបញ្ជាក់ថា ចិនឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជាខណៈអាម៉េរិកឈរនៅលំដាប់លេខទី២ តាមពីក្រោយដោយវៀតណាមឈរនៅលំដាប់លេខរៀងទី៣ ។ ទន្ទឹមនឹងនេះថៃឈរនៅលំដាប់លេខរៀងទី៤ ហើយសិង្ហបុរីឈរនៅលំដាប់លេខរៀងទី៥ ។ ទាំងនេះជាលំដាប់ថ្នាក់ប្រទេសមានទំហំពាណិជ្ជកម្មច្រើនជាមួយកម្ពុជា​៕
 
 
 

Tag:
 ទំហំពាណិជ្ជកម្ម នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com