ជាតិ
សេដ្ឋកិច្ច
លោក តាំង ងួនលី ៖ ទិន្នន័យ និងថ្នាលឌីជីថល ជាស្នូលនៃបរិវត្តកម្មឌីជីថល
12, Sep 2022 , 9:59 pm        
រូបភាព
លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត​៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។
លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត​៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។
ទិន្នន័យ(Data) និងថ្នាលឌីជីថល(Digital Platform) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបង្កើតបានជាអន្តរសកម្មរវាងតួអង្គរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ច ទៅជាបរិវត្តកម្មឌីជីថល។ នេះបើតាម​លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។



លោក តាំង ងួនលី យល់ឃើញថា ការប្រមូលផ្តុំទិន្ន័យ និងការផ្លាស់ប្តូររបៀបរបបធ្វើការបែបឌីជីថល រួមទាំងការពង្រឹងប្រព័ន្ធ និងថ្នាលឌីជីថល បានជំរុញឱ្យរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ច ឈានទៅដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ បរិវត្តឌីជីថល គឺជាគោលដៅចុងក្រោយ ដែលសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យា នៅគ្រប់សកម្មភាពសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ទំនាក់ទំនង និងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ 
 
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ថ្នាលគ្រឹះឌីជីថលកម្ពុជា នៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃទី ៨ កញ្ញា លោក តាំង ងួនលី បន្តថ្លែងយ៉ាងដូច្នេះ ៖« ដើម្បីអាចធ្វើវាបាន មិនមែនគ្រាន់តែមានប្រព័ន្ធ និងទិន្នន័យទេ យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ត្រូវការមានប្រព័ន្ធអ៊ិនធឺណិត និងក្របខណ្ឌគតិយុត្តិមួយចំនួន ដែលជំរុញជំនាញទៅដល់តួអង្គ ដើម្បីមានលទ្ធភាពក្នុងការស្រូបយកបច្ចេកវិទ្យាទាំងអស់ ដែលនឹងក្លាយជាក្របខណ្ឌរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល»។ 
 
បើតាមនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»រូបនេះ ទិន្ន័យរបស់រដ្ឋាភិបាលមានដូចជា ទិន្នន័យពន្ធដារ ពាណិជ្ជកម្ម សុខាភិបាល អប់រំ ដីធ្លី ជាដើម ដែលសុទ្ធសឹងតែជាប្រភពនៃទិន្នន័យគោល​ ហើយរដ្ឋាភិបាលមានតួនាទីក្នុងការចុះបញ្ជី ឬកែសម្រួលអ្វីផ្សេងៗជាដើម។ 
 
ចំណែកថ្នាលឌីជីថលសំដៅលើប្រព័ន្ធទាំងឡាយណា ដែលទាញប្រយោជន៍ពីទិន្ន័យគោល ជាអន្តរសកម្មរវាងថ្នាលទិន្នន័យមួយទៅថ្នាលទិន្នន័យមួយទៀត។ ប្រភេទថ្នាលទាំងនោះរួមមាន ថ្នាលផ្លាស់ប្តូរទិន្ន័យកម្ពុជា (CamDX), ថ្នាលឌីជីថលសម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា (Start Up Cambodia), ថ្នាលភ្ជាប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម (KAS), ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (CamDigiKey), ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធប្លក់ឆេន  (CamDL) ដែលគ្រោងដំណើរការដាក់នាចុងឆ្នាំ ២០២២។ 
កាលណាមានទិន្នន័យគោល និងថ្នាលឌីជីថល គេអាចបង្កើតចំនួនសេវាកម្មបានកាន់តែច្រើនជាងមុន និងមានលក្ខណៈងាយស្រួល ។សេវាកម្មទាំងនោះមានដូចជា សេវាចុះបញ្ជីអាជីវកម្ម ស្នើសុំអាជ្ញាបណ្ណ អត្រានុកូលដ្ឋាន គាំពារសង្គម ការទូទាត់បង់ប្រាក់ បង់វិក្កយបត្រ សេវាសាធារណៈផ្សេងៗជាច្រើនទៀត។ នេះបើតាមលោក​ ងួនលី ។
 
ដើម្បីឈានទៅដល់ការសម្រចនៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា នៅក្នុងក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ គេបានចែកចេញជាបីដំណាក់កាល រួមមានដំណាក់កាលទីមួយ ជាការកសាងមូលដ្ឋានគ្រឹះ និងការចាប់យកឌីជីថល (២០២១-២០២៥), ដំណាក់កាលទីពីរ គឺជាចាប់យក និងការធ្វើបរិវត្តកម្មឌីជីថល (២០២៦-២០៣០) និងចុងក្រោយគឺការធ្វើបរិវត្តកម្មឌីជីថលពេញលេញ (២០៣១- ២០៣៥)។
 
បច្ចុប្បន្ននៅកម្ពុជា គឺមានវិស័យធំៗចំនួន៥ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថល។ ក្នុងនោះមាន ផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce), ផ្នែកដឹកជញ្ជូនចំណីអាហារ(Transport & food ), ផ្នែកលក់សណ្ឋាគារឬទិញសម្ភារមួយចំនួន(Online Travel), ផ្នែកបង្កើតមាតិកានានា(Online Media) និង ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ( Financial Service) ដែលកំពុងមានកំណើនខ្លាំងនៅកម្ពុជា។ 
 
បើតាមធនាគារជាតិនៃកម្ពុជា ចំនួនប្រតិបត្តិការទូទាត់ប្រាក់ឌីជីថលមានចំនួន ៦៩៨,៨លានប្រតិបត្តិការនៅឆ្នាំ ២០២១ ស្របពេលដែលទំហំនៃការទូទាត់ប្រាក់ឌីជីថលមានចំនួន ១៩៩,៧៦ពាន់លានដុល្លារ។ ចំណែកទំហំទីផ្សារនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានចំនួន ៩៧០,១លានដុល្លារ។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។ 
 
ទំហំសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រមាណ ១០០ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ និងកើនដល់ ១៧០ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ គេរំពឹងថា ទំហំសេដ្ឋកិច្ចឌីជីថលនេះ នឹងកើនដល់ ៣៦០ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ខណៈឆ្នាំ២០៣០ អាចនឹងកើនដល់ ១ ០០០ពាន់លានដុល្លារ៕
 
 

Tag:
 ទិន្នន័យ ​ថ្នាលឌីជីថល តាំង ងួនលី
© រក្សាសិទ្ធិដោយ thmeythmey.com