ជាតិ
សង្គមជាតិ
ពលរដ្ឋ ៨ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់
12, Sep 2022 , 10:59 pm        
រូបភាព
បញ្ហាជំនន់ទឹកភ្លៀង បានផ្ដល់ផលប៉ះពាល់ដល់ពលរដ្ឋជាង៨ម៉ឺននាក់ ក្នុងនោះនៅខេត្តកណ្ដាល តាកែវ ស្វាយរៀង ព្រៃវែង និងភ្នំពេញ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ 
គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ពលរដ្ឋកម្ពុជាជាង២ម៉ឺនគ្រួសារ សរុប៨៣៨៥៦នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង។ ក្នុងចំណោមនោះ ពលរដ្ឋសរុប១២២៨នាក់ បានជម្លៀសទៅទីទួលមានសុវត្ថិភាព ដ្បិតរងការប៉ះពាល់ធ្ងន់ធ្ងរ។



តាមរបាយការណ៍របស់គណៈកម្មាការគ្រប់គ្រង់គ្រោះមហន្តរាយ ផ្ទះពលរដ្ឋជាង៣ម៉ឺនខ្នង សាលារៀន១៤កន្លែង វត្តអារាម៧ មន្ទីរពេទ្យ២ និងស្នាក់ការកងកម្លាំងតាមព្រំដែន៦កន្លែង បានខូចខាត លិចលង់ដោយសារជំនន់ទឹកភ្លៀងផងដែរ។ គ្រោះធម្មជាតិនារយៈពេលជាង៨ខែមកនេះ បានបង្កឱ្យមនុស្ស៩នាក់ស្លាប់ មានក្មេង៦នាក់ និងស្រី៣នាក់។
 
ក្រៅពីនេះដំណាំកសិកម្ម ក៏រងការប៉ះពាល់មិនតិចនោះដែរ មានស្រូវជាង១ម៉ឺនហិកតា ដំណាំរួមផ្សំជាង១ពាន់ហិកតា និងសត្វចិញ្ចឹមមួយចំនួនផងដែរ។ នេះបើតាមរបាយការណ៍រដដែល ផ្លូវលំជនបទជាង៥ម៉ឺនម៉ែត្រ ស្ពាន២៦ និងទំនប់៣៥០ម៉ែត្រ ក៏បានលិចទឹកផងដែរ។
 
ទន្ទឹមនឹងនេះ អាជ្ញាធរអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ព្រោះភ្លៀងនឹងនៅតែបន្តធ្លាក់ក្នុងបរិមាណពីមធ្យមទៅច្រើននៅទូទាំងប្រទេស នាអំឡុង២ខែទៀត ដែលងាយបង្កការជន់លិចនៅតាមតំបន់ទំនាបមួយចំនួន៕ 
 

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com