ជាតិ
សង្គមជាតិ
យុវជនម្នាក់ គូររូបតាមកុំព្យូទ័របញ្ជា្របការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ
13, Sep 2022 , 8:59 am        
រូបភាព
យុវជន ឌា ស្ទេផានា កើតនៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៩៨ និងបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ២០២១ ។ រូបថតផ្ដល់ឱ្យ
យុវជន ឌា ស្ទេផានា កើតនៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៩៨ និងបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ២០២១ ។ រូបថតផ្ដល់ឱ្យ
ភ្នំពេញ៖ ការដោះស្រាយបម្រែបម្រួល​អាកាសធាតុ ​អាច​ត្រូវប្រើវិធីសាស្រ្តផ្សេងៗដូចជាគោលនយោបាយ​រដ្ឋាភិបាល ឬ​សកម្មភាព​បុគ្គលម្នាក់ៗ។ យុវជនខ្មែរម្នាក់ បានប្រើជំនាញរបស់ខ្លួនជាអ្នកគូររូបតាមកុំព្យូទ័រ (Illustrator) បង្កើតជារូបបំផុសគំនិតមនុស្សឱ្យយកចិត្តទុកដាក់ចំពោះបរិស្ថាន និងចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ។

 
កើតនៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៩៨ និងបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ២០២១ យុវជន ឌា ស្ទេផានា បានលះបង់ពេលវេលាជាច្រើនរបស់ខ្លួនក្នុងការផលិតស្នាដៃសិល្បៈដែលទាក់ទាញឱ្យមានដំណោះស្រាយផ្នែកបរិស្ថាន។
 
ស្ទេផានា និងក្រុមរបស់រូបគេ កំពុងដំណើរការគម្រោងមួយឈ្មោះថា វីរបុរសអាកាសធាតុពេលអនាគត (The Future Climate Heroes) ដែលមានរយៈពេលប្រាំមួយខែក្រោមការឧបត្ថម្ភពីអង្គការយូនីសេហ្វ។ យុវជនរូបនេះ និយាយថា បេសកកម្មស្នូល គឺជំរុញសកម្មភាពលើបញ្ហាបរិស្ថានក្នុងចំណោមយុវជនកម្ពុជាតាមរយៈការលើកកម្ពស់ការយល់ដឹង និងតាមរយៈយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
 
«ជាមួយនឹងសមាជិកក្រុម៦នាក់ យើងទាំងអស់គ្នាដាក់ឈ្មោះវីរបុរសអាកាសធាតុពេលអនាគតឱ្យគម្រោងរបស់យើង ព្រោះយើងគិតថាពាក្យវីរបុរស សំដៅទៅលើអ្នកដែលធ្វើអំពើល្អដើម្បីជួយសង្គម។» ស្ទេផានា​ រំឭកពីការដាក់ឈ្មោះគម្រោងបែបនេះ។
 
រឿងដែលត្រូវផ្តោតសំខាន់ គឺការលើកកម្ពស់ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេសលើហេតុ និងផលប៉ះពាល់នៃបញ្ហានេះ ក៏ដូចជាសកម្មភាពដែលមនុស្សអាចអាចធ្វើបានដើម្បីកាត់បន្ថយបញ្ហាដែលកើតឡើង។ សម្រាប់សកម្មភាពផ្សព្វផ្សាយ ក្រុមការងាររបស់ ស្ទេផានា បានជ្រើសរើសខេត្តកំពតដើម្បីបង្រៀនសិស្សប្រមាណ៤០០នាក់ចាប់ពីថ្នាក់ទី៧ ដល់ទី១២ លើបញ្ហាបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ។
 
ជាមួយគ្នានេះ ក្រុមការងារដដែល ក៏ធ្វើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រឹងប្រែងផលិតរឿងកំប្លែង និងរូបភាពនានាដើម្បីផ្សព្វផ្សាយចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុទៅកាន់ប្រជាជនគោលដៅក្នុងប្រទេស។
 
«​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គោលបំណង​ចម្បង​របស់​យើង​គឺ​ប្រមូល​យុវជន​ដែល​មាន​គំនិត​ដូច​គ្នា មានការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​ស្រឡាញ់​បរិស្ថានដើម្បី​ឱ្យ​ពួក​គេ​ចូលរួម​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង​ដល់​យុវជន​ជំនាន់​ក្រោយ​» ។ យុវជនមកពីខេត្តបាត់ដំបងបញ្ជាក់ដូច្នេះ។
 
ក្រៅពីសមាជិកក្រុម យុវជនស្ម័គ្រចិត្ត ក៏ត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងគម្រោងនេះដែរ។ បើតាម ស្ទេផានា នៅពេលដែលចូលរួមជាមួយកម្មវិធីផ្សព្វផ្សាយ និងការផលិតមាតិកា អ្នកស្ម័គ្រចិត្តទាំងនោះ នឹងទទួលបានការបង្ហាត់បង្ហាញ និងការគាំទ្រដើម្បីជួយពួកគេផលិតផ្ទាំងរូបភាពស្តីពីបញ្ហាបរិស្ថាន។
ពួកគេក៏ត្រូវតែបង្កើតគំនិតផ្ទាល់ខ្លួនដែរ។ បន្ទាប់​មក លោក ស្ទេផានា ​ជួយ​ណែនាំ​ពួក​គេបន្ថែម និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​បន្ថែម​ទៀត​លើ​ការ​ផលិត​ស្នាដៃ​សិល្បៈ​ឱ្យល្អ។


ស្នាដៃគំនូរលើកកម្ពស់ការយល់ដឹងពីបរិស្ថានរបស់ ឌា ស្ទេផានា ។ រូបថតផ្ដល់ឱ្យ
 
ការគូររូបលើបញ្ហាវិទ្យាសាស្ត្រដូចជាវិបត្តិអាកាសធាតុ ទាមទារការយល់ និងការស្រាវជ្រាវយ៉ាងម៉ត់ចត់។ លោក ស្ទេផានា ​​និយាយ​ថា ការគ្រប់គ្រោងគម្រោងវីរបុរស​អាកាសធាតុពេល​អនាគត ​ជា​ការ​លំបាក​មួយ​ព្រោះ​វា​ជា​គម្រោង​ដំបូង​ ហើយ​សមាជិក​ទាំងអស់​មានចំណេះដឹងខុស​គ្នា​លើ​ការ​ប្រែប្រួល​អាកាសធាតុនេះ។
 
ស្ទេផានាពន្យល់ដូច្នេះ៖ «បញ្ហាប្រឈមចម្បងរបស់យើងគឺការលះបង់ពេលវេលាគ្រប់គ្រាន់សម្រាប់ការងារជាក្រុមរបស់យើង។ លើសពីនេះ យើងក៏មានការងារ និងការខុសត្រូវផ្សេងៗគ្នា ដូច្នេះវាពិបាកបន្តិចសម្រាប់យើង។ បញ្ហាមួយទៀតគឺគម្លាតនៃចំណេះដឹងរបស់យើងអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ប៉ុន្តែ​យើង​ម្នាក់ៗបាន​ព្យាយាម​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ចំណេះដឹង​គ្រប់គ្រាន់​លើ​បញ្ហា​នេះ។»
 
ប្រើគំនូរសិល្បៈដើម្បីបញ្ជា្របចំណេះដឹងផ្នែកបរិស្ថាន
 
និស្សិតដែលបញ្ចប់ការសិក្សាប្រហែលមួយឆ្នាំរូបនេះ អះអាងថា ខ្លួនចាប់ផ្ដើមបារម្ភលើបម្រែបម្រួលអាកាសធាតុតាំងពីនៅក្មេងមក។ ​ក្ដី​បារម្ភចំពោះ​អនាគតរបស់ ស្ទេផានា ក៏មានកាន់តែច្រើន ខណៈដែល​ផលប៉ះពាល់​នៃ​វិបត្តិ​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ។
 
«បច្ចុប្បន្ន ខ្ញុំ​បាន​ឃើញ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ រួម​ទាំង​ការ​បម្រែបម្រួល​អាកាសធាតុផង។ វាមិនដូចអ្វីដែលខ្ញុំបានសម្គាល់កាលពីមុនទៀតទេ។ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុក៏កើនឡើងមានចាប់ពីព្យុះ រលកកំដៅ រហូតដល់គ្រោះរាំងស្ងួត»។ ស្ទេផានា ពណ៌នាបែបនេះពេលនិយាយដល់ការប្រែប្រួលអាកាសធាតុ។
 
ក្ដីបារម្ភ មិនមែនជារបាំងមិនឱ្យ ស្ទេផានា ធ្វើអ្វីនោះឡើយ។ រូបគេចាប់ផ្ដើមគិតពីអ្វីដែលអាចធ្វើបានដើម្បីរកច្រកចេញក្នុងនាមជាពលរដ្ឋម្នាក់ ព្រោះពិភពលោកកំពុងជួបបញ្ហាច្រើនស្រាប់ ហើយក៏នឹងប្រទះរឿងរ៉ាវកាន់តែអាក្រក់ដូចដែលអ្នកវិទ្យាសាស្រ្តបានគិតទុក។
 
ថ្វីបើបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណតិចតួចក្ដី កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសមួយដែលងាយរងគ្រោះបំផុតពីវិបត្តិនេះ។ នេះបើយោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសកល។ កម្ពុជា បានទទួលរង​បានគ្រោះធម្មជាតិ​​ធ្ងន់ធ្ងរ​កាន់តែ​ញឹកញាប់ ជាពិសេស​គ្រោះរាំងស្ងួត និង​ទឹកជំនន់។
 
ជានិស្សិតបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម ស្ទេផានា បង្ហាញទំនុកចិត្តរបស់ខ្លួនក្នុងការប្រើប្រាស់ជំនាញ គួបផ្សំនឹងចំណេះដឹងរបស់ខ្លួន ដើម្បីធ្វើឱ្យស្នាដៃសិល្បៈទាក់ទងនឹងបញ្ហាអាកាសធាតុកាន់តែមានទាក់ទាញ និងងាយស្រួលយល់សម្រាប់មនុស្ស។
 
«ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ចាប់​អារម្មណ៍រូប​​​បង្ហាញ​ជាង​​អត្ថបទ។ ខ្ញុំ​គិត​ថា ​មនុស្ស​ចូល​ចិត្ត​វា​ច្រើន​ជាង ព្រោះ​ម្យ៉ាង​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​ ហើយ​វា​ក៏​ជា​គំនិត​ថ្មី​ផង​ដែរ»។ យុវជនរូបនេះនិយាយបែបនេះ រួចបន្តថា អ្វីដែលពិបាក មិនមែនជា​បង្កើត​ស្នាដៃ​ ប៉ុន្តែ​ការ​ជ្រើសរើស​សារ​ពិសេស​ដើម្បី​បង្ហាញទៅវិញទេ ទើប​ជា​ផ្នែក​​ពិបាក​បំផុត។ លើស​ពី​នេះ​ទៅ​ទៀត រូបគេ ​ត្រូវ​តែប្រាកដ​ថា ​រាល់​ព័ត៌មានទាំងអស់​ត្រឹមត្រូវថែមទៀត​។
 
ជាមួយនឹងការតាំងចិត្តបញ្ចេញសារទៅកាន់សាធារណជន ស្ទេផានា ក៏ប្ដេជ្ញាចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តជំនាញដែលខ្លួនមាន និងផលិតស្នាដៃដ៏ល្អ និងមានតម្លៃបន្ថែមទៀត ទៅតាមការច្នៃប្រឌិត និងចក្ខុវិស័យរបស់ខ្លួន ដោយសង្ឃឹមថា អាចជំរុញមនុស្សឱ្យស្រឡាញ់ និងធ្វើសកម្មភាពដើម្បីការពារធម្មជាតិកាន់តែច្រើន។
 
ទោះបីជាគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល៦ខែទៀតក៏ដោយ ស្ទេផានា មិនចង់បញ្ចប់ដំណើរត្រឹមនេះឡើយ។ រូបគេ ​គ្រោង​នឹង​បន្តរួម​ចំណែក​ដល់ការ​អនុវត្ត​ប្រកប​ដោយ​និរន្តរភាព ជាពិសេស​គោល​គំនិត​បៃតង​នៅ​កម្ពុជា។
 
«គោលដៅចម្បងរបស់ខ្ញុំ គឺចង់ក្លាយជាស្ថាបត្យករ។ ខ្ញុំ​មានបំណង​លើក​កម្ពស់​ការ​យល់​ដឹង និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​អនុវត្ត​គោល​គំនិត​បៃតង​ប្រកប​ដោយ​និរន្តរភាព​ក្នុង​សំណង់អាគារ ឬការ​សាងសង់​ផ្សេងៗ»។ បុរសវ័យ២៤ឆ្នាំខាងលើរំពឹងបែបនេះ។
 
នៅមានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីជំរុញឱ្យមានសកម្មភាពបរិស្ថាន
 
សព្វថ្ងៃ ការប្រើប្រាស់ស្នាដៃសិល្បៈក្នុងយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីអាកាសធាតុ មានសារសំខាន់ និងមានប្រសិទ្ធភាពដែរ។ សម្រាប់ស្ទេផានា ស្នាដៃសិល្បៈកាន់តែច្រើនទៀត គួរមាន ហើយអ្នកដែលមានជំនាញច្នៃប្រឌិតអាចជួយប្រជាជនកម្ពុជាទទួលបានចំណេះដឹងផ្នែកបរិស្ថានកាន់តែប្រសើរ និងជំរុញឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយាតាមនោះដែរ។
 

រូបគំនូររបស់ ឌា ស្ទេផានា ។ រូបថតផ្ដល់ឱ្យ
 
យុវជនស្ទេផានា យល់ថា សិល្បៈប្រៀបដូចជាមូលដ្ឋានគ្រឹះមួយ។ ស្នាដៃសិល្បៈនីមួយៗ មានអត្ថន័យខុសៗគ្នា និងមានឥទ្ធិពលខ្លាំងលើមនុស្ស។ សិល្បករ ពិតជាជាអាចបញ្ជ្រាបចំណេះដឹងដែលពួកគេចង់បាន។ ហើយ​មនុស្សឯទៀត ​នឹង​ព្យាយាម​ស្វែង​យល់​ពី​អត្ថន័យ​ក្នុង​ស្នាដៃ​សិល្បៈទាំងនោះដែរ។
 
រូបគេ ក៏ជឿជាក់យ៉ាងមុតមាំថា ការប្រើប្រាស់ស្នាដៃសិល្បៈ ជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការទំនាក់ទំនងរបស់មនុស្ស និងបណ្តុះចំណេះដឹងថ្មីៗលើបរិស្ថាន។ ប៉ុន្តែ​លោកមើលឃើញ​ថា មានសិល្បករ​ ឬ​អ្នក​ដែល​មាន​ជំនាញ​បែប​នេះតិចតួច ​​ចូល​រួម​ផលិត​ស្នាដៃ​សិល្បៈ​បរិស្ថាន។ នៅពេលសួរថាតើមនុស្សយល់ដឹងគ្រប់គ្រាន់អំពីបញ្ហាបរិស្ថានឬទេ ស្ទេផានា ឆ្លើយថា ចំណេះដឹងប្រែប្រួលទៅកន្លែងដែលពួកគេរស់នៅ។ ជាក់ស្ដែង ប្រជាជននៅតំបន់ជនបទនៅតែខ្វះការយល់ដឹងអំពីបរិស្ថាននេះ។
 
«ប្រជាជននៅក្នុងទីក្រុងដែលអាចប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានស្រួល និងចូលទៅប្រភពព័ត៌មានផ្សេងទៀតបានច្រើន អាចមានចំណេះដឹងកាន់តែប្រសើរឡើងលើបញ្ហាបរិស្ថានដូចជាការប្រែប្រួលអាកាសធាតុជាដើម។»​ អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បញ្ជាក់បែបនេះ។ 
 
ទោះជាយ៉ាងនេះក្តី ស្ទេផានា នៅតែសង្កេតឃើញថា អ្នកដែលមានចំណេះដឹងគ្រប់គ្រាន់មួយចំនួន មិនទាន់បានធ្វើសកម្មភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែរ។ រូបគេ​គិត​ថា ​ពួកគេ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ពី​អ្នក​​នៅ​ជុំវិញ ដើម្បីបោះជំហានទៅមុខ។ សម្រាប់កុមារ រូបគេគិតថា កុមារត្រូវមានការយល់ដឹងពីបរិស្ថានបន្ថែមទៀត ហើយប្រសិនបើ​ពួកគេ​អាច​អាន​សៀវភៅ​ពី​បរិស្ថាន​ជា​រៀងរាល់ថ្ងៃ វា​ក៏ជួយ​ឱ្យ​ពួកគេចេះ​ស្រឡាញ់​បរិស្ថាន​កាន់តែច្រើន​តាំងពី​តូច​ដែរ​។
 
គោលដៅរបស់ ឌា ស្ទេផានា គឺផលិតសៀវភៅកំប្លែងសម្រាប់កុមារអំពីការប្រែប្រួលអាកាសធាតុ។ យុវជនរូបនេះសង្ឃឹមថា ស្នាដៃរបស់ខ្លួននឹងរួមចំណែកកាន់តែច្រើន ហើយក៏ប្តេជ្ញាបង្កើតស្នាដៃសិល្បៈបន្ថែមទៀតដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com