ជាតិ
សេដ្ឋកិច្ច
៨ខែនេះ ក.ប.ប ដកហូតទំនិញខូចគុណភាព និងបន្លំម៉ាកជាង ៣ពាន់តោន
12, Sep 2022 , 11:59 pm        
រូបភាព
អាជ្ញាធរ ចុះពិនិត្យរកទំនិញខូចគុណភាព និងផលិតផលក្លែងក្លាយ។ រូបតំណាង៖ ក.ប.ប
អាជ្ញាធរ ចុះពិនិត្យរកទំនិញខូចគុណភាព និងផលិតផលក្លែងក្លាយ។ រូបតំណាង៖ ក.ប.ប
ដោយ:
ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា មន្ត្រីជំនាញបានទទួលពាក្យបណ្ដឹងពាក់ព័ន្ធផលិតផលក្លែងក្លាយប្រមាណ ៥០បណ្ដឹង ក្នុងនោះរឹបអូសទំនិញខូចគុណភាព និងការបន្លំម៉ាកប្រមាណជាង ៣២០០តោន  រយៈពេល ៨ខែ នេះ ។



លោក ផាន អូន ព្រួយបារម្ភពីការលក់ផលិតផលក្លែងក្លាយនៅលើទីផ្សារកម្ពុជា។ លោកបញ្ជាក់ថា បច្ចុប្បន្នមានផលិតក្លែងក្លាយជាច្រើន បានបន្លំម៉ាក និងមានខ្លះទៀតខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ 


លោក ផាត អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។
 
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានបន្ថែមថា រាល់បណ្ដឹងដែលក្រុមការងារទទួលបានហើយ គឺអនុវត្តភ្លាមៗ ដោយរឹបអូសវត្ថុតាង យកទៅដោះស្រាយតាមច្បាប់។ បើតាមលោក ផាន អូន ពាក្យបណ្ដឹងទាំង៥០ ដែលមន្ត្រីជំនាញទទួលបានកន្លងមកនេះ មានករណីបារីក្លែងក្លាយ ៦បណ្ដឹង, ផលិផលបន្លំម៉ាក ១០បណ្ដឹង និងបណ្ដឹងទាក់ទងការឆរបោក, បណ្ដឹងអនឡាញ, និងបណ្ដឹងការផ្ដល់សេវាមិនគោរពតាមកិច្ចសន្យាជាដើម។
 
អ្នកមកដាក់ពាក្យបណ្ដឹង បានកត់សម្គាល់មុខសញ្ញាជាក់លាក់ ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយ ។ លោក ផាន អូន បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ១២ កញ្ញា យ៉ាងដូច្នេះ៖ «បើការផលិតខុសបច្ចេកទេស ដូចជាការស្ងោរក្បាលបារីមិនបានល្អ បណ្ដាលឱ្យអ្នកជក់គ្រោះថ្នាក់។ ការជក់បារីវាប៉ះពាល់ដល់សុខភាព ដូច្នេះបើជក់បារីក្លែងក្លាយទៀត វានឹងកាន់តែគ្រោះថ្នាក់ធ្ងន់ធ្ងរថែមទៀត»។
 
ចំពោះទំនិញខូចគុណភាព គ្មានស្លាកសញ្ញាឬស្លាកសញ្ញា មិនអនុលោមតាមបទបញត្តិ មានសារធាតុគីមីហាមឃាត់ ឬហួសកាលបរិច្ឆេទប្រើប្រាស់មានជាង ១៩តោន។ ទំនិញពាក់ព័ន្ធនឹងការបំពានម៉ាកមានប្រមាណ ៣,២៧២តោន។នេះបើតាមលោក ផាន អូន ដែលបន្ថែមថា​ ប្រជាពលរដ្ឋ មានកម្រិតជីវភាពក្រីក្រ ងាយស្រួលនឹងទទួលការបោកបញ្ឆោតរបស់អាជីវករខិលខូចមួយចំនួន។ 
 
ដើម្បីកាត់បន្ថយបាននូវការចរាចរណ៍ទំនិញក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញានេះ អគ្គនាយកដ្ឋាន ក.ប.ប បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដោយបង្កើនសកម្មភាពត្រួតពិនិត្យ ស៊ើបអង្កេតតាមបណ្តាផ្សារ ឃ្លាំងស្តុក និងទីតាំងផ្សេងទៀត និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះបុគ្គលប្រព្រឹត្តល្មើស។ ជាពិសេសផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ផលិតករ អាជីវករ តាមគ្រប់មធ្យោបាយ៕
 
 
 
 
 
 
 
 
 

Tag:
 ផលិតផលក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com