ជាតិ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ អាជ្ញាធរ អំពាវនាវឲ្យពលរដ្ឋ បង្ការ និងទប់ស្កាត់គ្រោះថ្នាកចរាចរណ៍
13, Sep 2022 , 6:59 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នា​ឱកាសភ្ជុំបិណ្ឌ។ នេះបើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី១២ កញ្ញា។

 
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហាក់កើនឡើងវិញ គួរឲ្យព្រួយបារម្ភស្របពេលកម្ពុជា កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ។ ដូច្នេះគណៈកម្មាជំនាញ ស្នើឱ្យពលរដ្ឋទាំងអស់ បើកបរដោយប្រុងប្រយ័ត្ន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់លើដងផ្លូវនេះ។
 
 គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវ៩ចំណុចដូចខាងក្រោម ៖
 
១.អ្នកបើកបរត្រូវបន្ថយល្បឿនបើកបររបស់ខ្លួន និងតាមស្ថានភាពជាក់ស្ដែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លួវចង្អៀត ឬផ្លូវរអិល។ 
២.អ្នកបើកបរត្រូវគោរពសិទ្ធអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបន្ថយល្បឿននៅពេលជិត ដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិឲ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើផ្លូវធំ និងត្រង់ទៅមុន។
៣. អ្នកបើកបរមុននឺងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ជៀសវាងការវ៉ាជែង ដោយប្រថុយប្រថាន ដែលបង្កឲ្យមានគ្រោះថ្នាក់។
៤. ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសកំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនត្រូវតម្លើងថ្លៃធ្វើដំណើរក្នុងឳកាសភ្ជុំបិណ្ឌនោះទេ។
៥. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើដំណើរ។
៦. អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវ៉ាត់សុវត្ថភាពឲ្យបានត្រឹមត្រូវ។
៧. អ្នកបើកម៉ូតូ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទោះធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា។ 
៨. មិនត្រូវបើកបរនៅពេលងងុយ ឬក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀនឡើយ។ សូមចងចាំនូវពាក្យស្លោក «បើពិសារគ្រឿងស្រវឹង កុំបើកបរ»។
៩. នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ឬសម្រួលស្ថានភាពកកស្ទះចរាចរណ៍។ 
 
គ.ស.ច.គ សង្ឃឹមថា ​សាធារណជននឹងអនុវត្តតាមការអំពាវនាវនេះ ដើម្បីសុវត្ថិភាព នាថ្ងៃភ្ជុំបិណ្ឌ៕
 

Tag:
 ចរាចរណ៍ផ្លូវគោក
© រក្សាសិទ្ធិដោយ thmeythmey.com