ជាតិ
គ.ជ.ប ប្រកាសរើសមន្ត្រីបម្រើការជាង៣ពាន់នាក់ សម្រាប់បញ្ជីឈ្មោះបោះឆ្នោត
13, Sep 2022 , 11:59 pm        
រូបភាព
ការិយាល័យបោះឆ្នោត។ រូបដោយ វតី
ការិយាល័យបោះឆ្នោត។ រូបដោយ វតី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ៣៣០៤នាក់ ដើម្បីពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិ។

 
គ.ជ.ប បានឲ្យដឹងថា ក្នុងឃុំ-សង្កាត់ នីមួយៗ ត្រូវជ្រើសរើសមន្ត្រី២រូប ជាប្រធានក្រុមចុះឈ្មោះបោះឆ្នោត  និងជាសមាជិកក្រុម។ ដូច្នេះ គ.ជ.ប ប្រកាសដល់សាធារណជនដែលមានបំណងដាក់ពាក្យ ចូលបម្រើការងារតាមមុខតំណែងនេះ អាចទំនាក់ទំនងដាក់ពាក្យនៅតាមសាលាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១៧ដល់២៣ ខែកញ្ញា ឆ្នាំ២០២២។ 
 
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលសារព័ត៌មានថ្មីៗ ទទួលបាននៅថ្ងៃទី១៣កញ្ញានេះ បញ្ជាក់ថាលក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានទីលំនៅក្នុងភូមិឃុំរបស់ខ្លួន និងមានឆន្ទៈបម្រើការការងារដោយជំហរអព្យាក្រឹត មិនលម្អៀង។ បេក្ខជន គឺមិនមែនជាសមាជិកកងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្ត្រីតុលការ និងមន្ត្រីរាជការ។ សម្រប់លក្ខខណ្ឌបច្ចេកទេស បេក្ខជនដែលដាក់ពាក្យត្រូវចេះអានអក្សរ និងចេះប្រើប្រាស់កុំព្យូទ័រ។ ចំពោះ ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ ហើយអាចអាចទាញយកនៅគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។ 
 
អ្នកដែលជាប់ការជ្រើសរើសនេះ នឹងត្រូវចូលបំពេញការងារ ចាប់ពីថ្ងៃទី១៥តុលា ដល់១៤ធ្នូ ឆ្នាំ២០២២។ ប្រធានក្រុមនឹងទទួលបានប្រាក់ខែ ១លាន២០ម៉ឺនរៀល ហើយសមាជិកនឹងទទួលបានប្រាក់ខែ១លាន១០ម៉ឺនរៀល៕ 
 

Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com