ដោយ៖ ម៉េង សៀវម៉ី
ភ្នំពេញ៖ សៀវភៅសម្រាប់កុមារដប់ក្បាលទៀត នឹងត្រូវបោះពុម្ពក្នុងកម្មវិធី (App) «Let's Read – Digital Library» ដែលអនុញ្ញាតឱ្យកុមារអានសៀវភៅអប់រំជាច្រើនភាសារួមទាំងភាសាខ្មែរ ទាំងពេលមានអ៊ីនធឺណិត និងអត់មានអ៊ីនធឺណិត។ បណ្ណាល័យឌីជីថលនេះ មានគោលបំណងលើកកម្ពស់វប្បធម៌អានក្នុងចំណោមកុមារកម្ពុជា។
លោក សរ វីរៈតារា មន្ត្រីកម្មវិធីរបស់ Let's Read – Digital Library បញ្ជាក់ថា សៀវភៅទាំងនេះនឹងត្រូវបង្ហាញនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំរបស់ BookLap នៅថ្ងៃទី១៧ ខែកញ្ញា និងថ្ងៃទី១ និងទី២ ខែតុលា ដែលសៀវភៅទាំងនេះផ្ដោតលើបញ្ហាសម្រាម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ កម្មវិធីនេះ មានគោលបំណងបោះពុម្ពសៀវភៅចំនួន១០ក្បាល ឬច្រើនជាងនេះជារៀងរាល់ឆ្នាំ ជាមួយប្រធានបទផ្សេងៗគ្នា។
«អ្នកប្រើប្រាស់អាចទាញយកសៀវភៅដោយឥតគិតថ្លៃពីកម្មវិធី Let's Read – Digital Library របស់យើង ដើម្បីអាននៅពេលក្រោយដោយគ្មានអ៊ីនធឺណិត។ វាជាអត្ថប្រយោជន៍មួយសម្រាប់អ្នកអាន»។ លោក វីរៈតារាបន្ថែមបែបនេះ មុនលើកអត្ថប្រយោជន៍មួយទៀតគឺ ឪពុកម្តាយអាចកំណត់ពេលវេលាសមស្របសម្រាប់ការអានកូនរបស់ពួកគេ ដូច្នេះនៅពេលដល់ពេលអាន កម្មវិធីនឹងជូនដំណឹងតែម្ដង។
លោក សរ វីរៈតារា (ឈរ) ធ្វើបទបង្ហាញ។ រូបថតផ្ដល់ឱ្យ
បង្កើងក្នុងឆ្នាំ២០១៦ ដោយមូលនិធិអាស៊ី (Asia Foundation) កម្មវិធីបណ្ណាល័យឌីជីថលនេះ ផ្តល់សៀវភៅអប់រំលើប្រធានបទដូចជា សមភាពយេនឌ័រ បរិស្ថាន និងសកម្មភាពអាកាសធាតុ ភាពចម្រុះ ការយល់ដឹង និងការយល់ចិត្ត ព្រមទាំងចំណេះដឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEM)។ សៀវភៅនីមួយៗ អាចទាញយក និងបោះពុម្ពបាន។ កម្មវិធីនេះ មានសៀវភៅជាងមួយពាន់ក្បាលជាភាសាអង់គ្លេស និងភាសាដទៃទៀត ហើយសៀវភៅ៥២៣ក្បាលជាភាសាខ្មែរ។
អ្វីទៅជា Let’s Read – Digital Library?
បើតាមលោក វីរៈតារា ជាការទាក់ទាញក្មេងៗ សារអបអរសាទរមួយនឹងលេចឡើយនៅពេលពួកគេអានរឿងដល់ចប់ ដែលនេះជាលើកទឹកចិត្តផង និងប្រៀបដូចជាការទទួលបានរង្វាន់ផង។
លើសពីនេះ កម្មវិធីនេះ ក៏មានសៀវភៅជាសំឡេង (Audiobook) ដែលអនុញ្ញាតឱ្យឪពុកម្តាយដែលមិនអាចអានបាន រៀនជាមួយកូនៗរបស់ពួកគេ។ សៀវភៅជាសំឡេងនេះ មានកម្មវិធីអានតែម្ដង ហើយឪពុកម្តាយអាចអានជាមួយកូនរបស់ពួកគេ ឬឱ្យកូនៗស្តាប់សំឡេងអានក៏បាន។
«យើងបានទទួលមតិវិជ្ជមានជាច្រើនពីអាណាព្យាបាលកុមារ ដែលនិយាយថា កូនរបស់ពួកគេមិនត្រឹមតែស្រលាញ់សាច់រឿងប៉ុណ្ណោះទេ ថែមទាំងចូលចិត្តរូបភាពក្នុងរឿងផងដែរ»។ លោក វីរៈតារាបន្ថែមបែបនេះ។ ជាមួយសមិទ្ធផលនេះ ឪពុកម្ដាយជាច្រើន ចង់ឃើញការចេញផ្សាយសៀវភៅឱ្យបានច្រើនទៀត ហើយអ្នកខ្លះចង់បានសៀវភៅជាស៊េរីនៃសាច់រឿងទៀតផង។
ទោះបីជាកម្មវិធីនេះមានបំណងចង់លើកកម្ពស់ការអានតាមប្រព័ន្ធឌីជីថលក៏ដោយ ក្រុមការងារក៏ចែកសៀវភៅដល់បណ្ណាល័យនៅតាមសាលារដ្ឋ និងឯកជនដែរ។
លោក សាត ឌិច ជាគ្រូបង្រៀន និងជាអ្នកនិពន្ធម្នាក់ ហើយមានក្មួយស្រីអាយុ៨ឆ្នាំ កំពុងរៀនថ្នាក់ទី៣។ ឌិត បានដឹងពីកម្មវិធី Let's Read – Digital Library តាមរយៈបណ្តាញសង្គម ហើយបានដំឡើងកម្មវិធីនៅលើទូរសព្ទរបស់ខ្លួន។
លោក ឌិច ប្រាប់ថា ក្មួយស្រីរបស់លោក ប្រើកម្មវិធីបណ្ណាល័យឌីជីថល៥ខែហើយ។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់នាងក្នុងការរៀន ព្រោះមានរឿងអប់រំជាច្រើនភាសា ដែលវាផ្ដល់ទាំងការកម្សាន្ត និងការអប់រំដំណាលគ្នា។ លើសពីនោះ សៀវភៅនីមួយៗ មានស្នាដៃសិល្បៈដ៏ស្រស់ស្អាត និងទាក់ទាញមិនត្រឹមតែក្មេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់លោកផ្ទាល់ដែរ។
គ្រូបង្រៀនវ័យ២៩ឆ្នាំរូបនេះ បានសម្រេចចិត្តឱ្យក្មួយស្រីខ្លួនប្រើប្រាស់កម្មវិធីខាងលើ ដោយសារតែនាងគ្រប់អាយុដើម្បីគ្រប់គ្រងខ្លួនឯងលើការប្រើប្រាស់ស្មាតហ្វូននេះ។ ប៉ុន្តែលោក ឌិច ក៏អនុញ្ញាតឱ្យប្រើតែកម្មវិធីអប់រំដែលមិនប៉ះពាល់ខួរក្បាលរបស់កុមារដូចប្រព័ន្ធផ្សព្វផ្សាយសង្គមនានាឡើយ។
បន្ថែមពីអ្វីដែលមានស្រាប់ លោក ឌិច ចង់ឱ្យកម្មវិធីនេះបញ្ចូលវីដេអូ ឬបង្កើតឱ្យមានការប្រកួតប្រជែងដែលអាចបង្កើនការយល់ដឹងអំពីកម្មវិធីនេះក្នុងចំណោមប្រជាជន ជាពិសេសឪពុកម្តាយក្មេងៗ។ យ៉ាងណាក៏ដោយ សម្រាប់កុមារ ការមើលអេក្រង់ទូរសព្ទយូរពេកគឺមានគ្រោះថ្នាក់ ហើយលោក ឌិច ខ្លួនឯងមិនលើកទឹកចិត្តក្មេងៗមើលអេក្រង់ទូរសព្ទយូរពេកទេ។
ទោះចង់ទិញសៀវភៅឱ្យក្មេងៗ ព្រោះក្រដាសសៀវភៅល្អសម្រាប់ភ្នែក លោក ឌិច នៅតែយល់ថា កម្មវិធីបណ្ណាល័យខាងលើ គឺល្អ និងមានប្រយោជន៍ដែលឪពុកម្តាយគួរមានសម្រាប់កូនៗរបស់ពួកគេដែលធំល្មម ហើយមិនងាយមានបញ្ហាពេលមើលអេក្រង់ទូរស័ព្ទ។
របៀបបញ្ចូលសៀវភៅក្នុង App
បើតាមមន្ត្រីកម្មវិធីខាងលើ ការបញ្ចូលសៀវភៅក្នុង App ចំណាយពេលជិត៣ខែ ដោយរាប់ចាប់ពីការជ្រើសរើសបេក្ខជនដែលបញ្ជូនរឿងដើមមកអ្នកកាន់កម្មវិធីដើម្បីត្រួតពិនិត្យនិងបញ្ចប់រឿង ក៏ដូចជាការកែសម្រួល និងការបង្កើតរូបភាពសម្រាប់សាច់រឿង។
រៀងរាល់ឆ្នាំ ក្រុមលោក វីរៈតារា ជ្រើសរើសបេក្ខភាព១០នាក់ដើម្បីផ្សាយរឿងរបស់ពួកគេ។ លោកពន្យល់ថា ក្រុមរបស់លោក មានសិក្ខាសាលារយៈពេលបីសប្តាហ៍ ដែលម្ដងក្នុងមួយសប្តាហ៍ ដើម្បីបណ្តុះបណ្តាលអ្នកនិពន្ធ ឬសិល្បករដែលមានបទពិសោធតិចតួច ហើយចង់រៀនពីអ្នកជំនាន់មុន ឬអ្នកប្រឹក្សាយោបល់ទាក់ទងសៀវភៅកុមារ។
កម្មវិធី Let's Read ក៏កំពុងធ្វើការជាមួយក្រសួងអប់រំផងដែរលើការបញ្ចូលរឿងរបស់ខ្លួនទៅក្នុងកម្មវិធីសិក្សាថ្នាក់មត្តេយ្យ និងបង្កើតសម្ភារៈបន្ថែមទាក់ទងនឹងការអប់រំ។ រឿងទាំងនោះត្រូវបានអនុម័តដោយក្រសួង មុននឹងចុះផ្សាយ។
«ឥឡូវនេះ យើងមានទាំងបណ្ណាល័យឌីជីថល និងសម្ភារនៅក្នុងកម្មវិធីសិក្សា ដែលអនុញ្ញាតឱ្យកុមារស្វែងយល់បន្ថែមអំពីភាសាខ្មែរ ក្រៅពីខ្លឹមសារអប់រំនៅក្នុងរឿង»។ លោក វីរៈតារា បន្ថែមដូច្នេះ។
បញ្ហាប្រឈមមុខសម្រាប់ Let’s Read – Digital Library
ជាការពិត ការអានលើអេក្រង់ទូរស័ព្ទយូរពេកអាចប៉ះពាល់ដល់ភ្នែករបស់កុមារ។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធី Let's Read រំពឹងថា ឪពុកម្តាយរបស់ក្មេងៗ នឹងដឹងអំពីកត្តានេះ និងកំណត់ពេលអានសម្រាប់កូនៗរបស់ពួកគេរៀងរាល់ថ្ងៃ។
ឆ្លើយតបនឹងបញ្ហានេះ លោក Virakdara លើកឡើងថា៖ «នៅពេលអនាគត យើងអាចពិចារណាដំឡើងមុខងារមួយនៅលើកម្មវិធី ដែលផ្ដល់ការណែនាំលើរយៈពេលសម្រាប់ការអាន ដើម្បីជៀសវាងការប៉ះពាល់ភ្នែកពេលមើលអេក្រង់ទូរស័ព្ទ»។
បញ្ហាប្រឈមមួយទៀត គឺកម្មវិធីនេះមិនអាចចូលប្រើបានដោយអ្នករាល់គ្នាឡើយ ជាពិសេសអ្នកនៅតំបន់ជនបទមិនដឹងអំពីកម្មវិធីនេះ ខ្លះមិនមានការតភ្ជាប់អ៊ីនធឺណិតល្អ ឬខ្លះទៀតមិនមានសូម្បីឧបករណ៍ដើម្បីចូលប្រើវាតែម្ដង។
«នោះហើយជាមូលហេតុដែលយើងព្យាយាមបើកឱ្យចូលអានដោយឥតគិតថ្លៃ ដោយសហការជាមួយអង្គការក្នុងស្រុកដែលជាដៃគូរបស់យើង ដើម្បីបង្កើតសកម្មភាពផ្សព្វផ្សាយនៅក្នុងសហគមន៍ ដើម្បីផ្ដល់ព័ត៌មាន និងបង្រៀនពួកគេពីរបៀបប្រើប្រាស់កម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។» មន្រ្តីកម្មវិធីដដែលលើកឡើងបែបនេះ។
លោក វីរៈតារា បន្ថែមថា ទោះបីជាពួកគេមិនអាចទៅដល់គោលដៅនៅគ្រប់កន្លែងក្ដី ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា ក្រុមការងាររបស់លោកសង្ឃឹមថា ឪពុកម្តាយកាន់តែច្រើននឹងអាចចូលប្រើកម្មវិធីសម្រាប់កូនៗរបស់ពួកគេនាពេលអនាគត។
បញ្ហាប្រឈមមួយទៀត គឺការព្យាយាមផ្សព្វផ្សាយការយល់ដឹងពីអត្ថប្រយោជន៍របស់កម្មវិធីដល់ឪពុកម្តាយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នេះក៏ដោយសារឪពុកម្តាយមួយចំនួនមិនខ្វល់ពីការប្រើប្រាស់ស្មាតហ្វូនរបស់កូនៗពួកគេឡើយដូចជាការប្រើប្រាស់បណ្ដាញសង្គម ខណៈដែលស្មាតហ្វូនអាចផ្តល់អត្ថប្រយោជន៍ច្រើនជាងនោះ។
«យើងចង់ឱ្យឪពុកម្តាយយល់ដឹងអំពីវិធីបង្រៀនកូនរបស់ពួកគេឱ្យប្រើស្មាតហ្វូនដើម្បីទទួលបានអត្ថប្រយោជន៍ មិនត្រឹមតែការកម្សាន្ត ឬប្រើ TikTok ឬ YouTube នោះទេ។ ស្មាតហ្វូនអាចមានអត្ថប្រយោជន៍ច្រើនជាងការគិតរបស់យើង ប្រសិនបើឪពុកម្តាយអនុញ្ញាតឱ្យកូនប្រើវាតាមវិធីត្រឹមត្រូវ។ យើងកំពុងព្យាយាមផ្សព្វផ្សាយការយល់ដឹងអំពីកម្មវិធីមានប្រយោជន៍សម្រាប់កូនៗរបស់ពួកគេ។» មន្រ្តីកម្មវិធីខាងលើពន្យល់ដូច្នេះ៕