ជាតិ
បុរសម្នាក់ ត្រូវអាជ្ញាធរពិន័យ១លានរៀល ដោយសារចោលសំរាមទីសាធារណៈ
14, Sep 2022 , 10:29 am        
រូបភាព
បុរសម្នាក់រងការពិន័យ១លានរៀល ពីការចោលសំរាមនៅទីសាធារណៈ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
បុរសម្នាក់រងការពិន័យ១លានរៀល ពីការចោលសំរាមនៅទីសាធារណៈ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុផាកពិន័យ បុរសម្នាក់ ១លានរៀល ពីបទចោលសំរាមនៅទីសាធារណៈ បង្កឲ្យប៉ះពាល់ដល់បរិស្ថានក្នុងទីក្រុង។ នេះបើតាមការចេញផ្សាររបស់រដ្ឋបាលខេត្តព្រះសីហនុ។

 
បុរសម្នាក់ បានដឹកសំរាមយកទៅបោះចោលនៅក្រោយស្ថាននីយប្រេងឥន្ធនៈកាល់តិច ដែលស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ សកម្មភាពចោលសំរាមនេះ ធ្វើឡើងនៅយប់ថ្ងៃទី១០ កញ្ញា។ 
 
ក្រោយឃើញមានករណីនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រកាសឲ្យជនបង្កចេញមុខទទួលខុសត្រូវ។ បើតាមលោកអភិបាលខេត្ត  ការចោលសំរាមនេះ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ អនាម័យ និងសោភ័ណភាពក្រុងយ៉ាងខ្លាំង។ 
 
លុះដល់ថ្ងៃទី១៣កញ្ញា បុរសខាងលើ ក៏បានទទួលស្គាល់កំហុស ហើយបង់ប្រាក់ពិន័យ១លានរៀល ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។ អ្នកចោលសំរាមរូបនេះ ក៏បានធ្វើកិច្ចសន្យាឈប់ចោលសំរាមនៅទីសាធារណៈទៀតផង។ 
 
«សូមសន្យាថា ឈប់បោះចោលសំរាមនៅតាមទីសធារណៈទៀតហើយ បើសិនមានលើកក្រោយខ្ញុំសូមទទួលខុសត្រូវតាមច្បាប់កំណត់»។ នេះជាកិច្ចសន្យាដែលសរសេរផ្ទាល់ដៃ របស់បុរសចោលសំរាមខាងលើ។ 
 
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងលើកស្ទួយសោភ័ណ្ឌភាពទីក្រុង។ លើសពីនេះ អាជ្ញាធរ ទទូចស្នើសុំពលរដ្ឋ កុំបោះចោលសំរាមនៅតាមទីសាធារណៈ ព្រោះប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង សុខភាពសាធារណៈ ការអភិរក្សជីវចម្រុះ និងបង្កឱ្យមានការបំពុលដល់បរិស្ថាននៅក្នុងខេត្តព្រះសីហនុទាំងមូលផងដែរ៕ 
 

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com