ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក កឹម សុខា៖ ខ្ញុំ អត់ដែលឃើញសំណុំរឿង ដែលកាត់ក្តីដល់៥៦លើក ហើយចំណាយពេលជាង៥ឆ្នាំ នៅតែមិនចប់នោះទេ
14, Sep 2022 , 3:30 pm        
រូបភាព
លោក កឹម សុខា មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទៅសួរសុខទុក្ខ ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុក Mao Monyvann
លោក កឹម សុខា មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទៅសួរសុខទុក្ខ ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុក Mao Monyvann
មេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅតែត្អួញត្អែរដូចលើកៗមុនដដែល អំពីការអូសបន្លាយសំណុំរឿងដ៏យូរ និងការឆ្លងកាត់សវនាការជាច្រើនលើកច្រើនសា តែតុលាការ នៅតែមិនទាន់អាចធ្វើសេចក្តីសម្រេចបាន។



ក្រោយចេញពីសនាវនាការលើកទី៥៦ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅមុខតុលាការភ្នំពេញ ដូច្នេះថា៖«ខ្ញុំ អត់ដែលឃើញសាច់រឿង ឬសំណុំរឿងដទៃទៀត ដែលកាត់ក្តីនៅតុលាការជាតិរបស់យើងនេះ ចំណាយពេលវេលារហូតដល់៥៦លើក អត់ទាន់ចប់ ហើយប្រើរយៈពេលជាង៥ឆ្នាំទេ»។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបបែបចាក់បណ្តោយថា ការលើកឡើងរបស់មេធាវីការពារក្តីឲ្យលោក កឹម សុខា គឺត្រឹមត្រូវ។ តាមការបកស្រាយរបស់លោករដ្ឋលេខាធិការ ត្រឹមត្រូវ ស្ថិតនៅត្រង់ថា សំណុំរឿងរបស់លោក កឹម សុខា មិនមែនជាសំណុំរឿងតូចតាចឡើយ គឺជាសំណុំរឿងធំ ដែលពាក់ព័ន្ធដល់សន្តិសុខជាតិទាំងមូល ដូច្នេះ ត្រូវចំណាយពេលយូរ ក្នុងការកាត់សេចក្តី។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗតាមបណ្តាញតេឡេក្រាមបែបនេះថា៖«ណាមួយ ភាគីពាក់ព័ន្ធ និងជនជាប់ចោទ ត្រូវបាផ្តល់សិទ្ធិពេញលេញក្នុងការការពារខ្លន និងការតតាំងគ្នាតាមផ្លូវច្បាប់ឲ្យអស់លទ្ធភាព អ៊ីចឹង ការចំណាយពេលយូរ វាជារឿងធម្មតា»។
 
លោកមេធាវី ចាន់ ចេន ចាត់ទុកសវនាការរបស់លោក កឹម សុខា ដែលត្រូវចំណាយពេលដ៏យូរបែបនេះ ថាជាសវនាការ ដែលមានលក្ខណៈប្រវត្តិសាស្រ្ត សម្រាប់តុលាការនៅកម្ពុជា។ ជាថ្មីម្តងទៀត លោក នៅតែជំរុញឲ្យតុលាការ បើកសវនាការឲ្យបានច្រើនដងក្នុង១សប្តាហ៍ ដើម្បីសំណុំរឿងនេះ អាចដល់ទីបញ្ចប់បានលឿន។ លោក យល់ថា សំណុំរឿង ចប់បានលឿនកាលណា គឺល្អកាលនុ៎ង។
 
តាមការចង់បានរបស់លោកមេធាវី តុលាការ គួរតែបើកសវនាការឲ្យបាន៣ដង ឬ៣ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ខណៈបច្ចុប្បន្ន តុលាការ ប្រើពេលតែ១ព្រឹក នៅរៀងរាល់ថ្ងៃពុធ ក្នុង១សប្តាហ៍ ដើម្បីបើកសវនាការជំនុំជម្រះលើលោក កឹម សុខា។ លោក បន្តថា លោក កឹម សុខា ប្រជាពលរដ្ឋខ្មែរ រួមទាំងសហគមន៍អន្តរជាតិ សុទ្ធតែចង់ឲ្យតុលាការ បិទបញ្ចប់សំណុំរឿងឲ្យបានលឿន។ លោក បន្ថែមថា តុលាការ គ្មានហេតុផលអ្វី ដែលត្រូវពន្យារសនាការទៀតនោះទេ។ 
 
លោក កឹម សុខា ត្រូវបានចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទលួចពឹងបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ចាន់ ចេន ប្រាប់អ្នកកាសែតថា ការចោទប្រកាន់លោក កឹម សុខា គ្មានអ្វីដែលច្បាស់លាស់ឡើយ៕ 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com