ជាតិ
សេដ្ឋកិច្ច
វារីវប្បករ ១នាក់ អាចបានថវិកា ៤០ភាគរយ ពីគម្រោង CAST សម្រាប់ទិញសម្ភារក្នុងវិស័យវារីវប្បកម្ម
14, Sep 2022 , 7:59 pm        
រូបភាព
លោក អ៊ឹង គឹមលី (ឆ្វេង) ម្ចាស់លាភីទទួលបានថវិកាពីគម្រោង CAST និងលោក អាដូលហ្វូ រូស (ស្ដាំ) ប្រធានបច្ចេកទេសគម្រោង CAST ប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ- កម្ពុជា  (WVI-C)។
លោក អ៊ឹង គឹមលី (ឆ្វេង) ម្ចាស់លាភីទទួលបានថវិកាពីគម្រោង CAST និងលោក អាដូលហ្វូ រូស (ស្ដាំ) ប្រធានបច្ចេកទេសគម្រោង CAST ប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ- កម្ពុជា (WVI-C)។
គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្ម (Commercialization of Aquaculture for Sustainable Trade ហៅកាត់ថា CAST) របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា(WVI-C) ផ្តល់ថវិកា៤០ភាគរយ ដល់វារីវប្បករ សម្រាប់ទិញសម្ភារប្រើប្រាស់ក្នុងវិស័យវារីវប្បកម្ម ។



កញ្ចប់មូលនិធិសហវិនិយោគដែលជាជំនួយឥតសំណងរបស់គម្រោង CASTនេះ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់កសិករចិញ្ចឹមត្រី និងអ្នកផ្គត់ផ្គង់ត្រី ក្នុងវិស័យវារីវប្បកម្ម ឱ្យមានឱកាសទទួលបានអត្ថប្រយោជន៍ជាកញ្ចប់ថវិកា និងជំរុញផលិតភាព និងលទ្ធភាព នៃការចែកចាយរបស់ពួកគេ។
 
លោក អាដូលហ្វូ រូស ប្រធានបច្ចេកទេសគម្រោង CAST ប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ- កម្ពុជា  (WVI-C) បានលើកឡើងថា កង្វះដើមទុនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍ វិស័យវារីវប្បកម្មនៅកម្ពុជា។ ដូច្នេះគម្រោង CAST បានមើលឃើញពីឧបសគ្គនៅក្នុងប្រព័ន្ធទីផ្សារវារីវប្បកម្ម ដែលត្រូវដោះស្រាយ ដើម្បីបង្កើនផលិតភាពនៅក្នុងកម្រិតសហគ្រាសធុនតូច និងមធ្យម និងសន្តិសុខស្បៀងអាហារនៅក្នុងប្រទេសកម្ពុជាទាំងមូល តាមលទ្ធភាពដែលអាចធ្វើបាន។
 
ថ្លែងក្នុងសិក្ខាសាលាស្តីពី ពិធីប្រគល់កញ្ចប់មូលនិធិសហវិនិយោគជាជំនួយឥតសំណង ដល់សហគ្រាសគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យវារីវប្បកម្មនៅកម្ពុជា នៅភោជនីយដ្ឋាន ទន្លេបាសាក់២ នាព្រឹកថ្ងៃទី ១៣កញ្ញា លោក អាដូលហ្វូ រូស បន្តថ្លែងដូច្នេះ ៖ « ការគាំទ្រថវិកាពីគម្រោង CAST គឺមានចំនួន ៤០ភាគរយ នៃការចំណាយ សរុបលើការទិញសម្ភារ ឬមធ្យោយបាយដែលគាំទ្រ នឹងជំរុញឱ្យមានភាពប្រសើរក្នុងអាជីវកម្ម។ គម្រោង CAST ផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេសក្នុងដំណើរការធ្វើលទ្ធកម្មសម្ភារ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួម និងប្រព័ន្ធទីផ្សារវារីវប្បកម្មទាំងមូល»។ 
 
សហគ្រាសចំនួន២៥ ក្នុងចំណោម៧៣ នៃសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យវារីវប្បកម្មបានឈ្នះ ការប្រកួតប្រជែងផែនការអាជីវកម្ម ដើម្បីទទួលបានកញ្ចប់មូលនិធិសហវិនិយោគពីគម្រោង CAST។ 
 
ម្ចាស់ជ័យលាភីមួយរូប មកពីខេត្តបាត់ដំបង លោក​ អ៊ឹង គឹមលី ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រី បានទទួលថវិកាចំនួន ១ម៉ឺនដុល្លារពីគម្រោង CAST ដើម្បីយកទៅសាងសង់អាងភ្ញាស់កូនត្រីបន្ថែម ដែលគ្រោងចំណាយអស់ជាង ៣ម៉ឺនដុល្លារ។ 
 
លោក គឹមលី បានប្រាប់សារព័ត៌មានថ្មីៗថា​ ៖« ដោយសារតម្រូវការនៃការទិញកូនត្រីយកទៅចិញ្ចឹមនាពេលបច្ចុប្បន្នមានការកើនឡើង ធ្វើឱ្យរូបលោកសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងផែនការអាជីវកម្ម ដើម្បីទទួលថិវិកាខ្លះពីគម្រោង CAST ដើម្បីយកទៅពង្រីកអាងភ្ញាស់កូនត្រីបន្ថែម»។ 
 
ក្រៅពីការផ្តល់ថវិកា សម្រាប់ផ្គត់ផ្គង់សម្ភារ ឬមធ្យោបាយផ្សេងៗនេះ  គម្រោងCAST ក៏មានការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងរបៀបនៃការធ្វើទីផ្សារផងដែរ។ តម្រូវការនៅការផ្គត់ផ្គង់ត្រីក្នុងស្រុក មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយគម្រោងមួយនេះ នឹងជួយធ្វើឱ្យប្រសើរឡើងក្នុងវិស័យវារីវប្បកម្មកម្ពុជា។ នេះបើតាមលោក គឹមលី ។
 
គម្រោង CAST ទទួលបានការឧបត្ថម្ភថវិកាជាង ១៧ លានដុល្លារពីក្រសួងកសិកម្មអាម៉េរិក សម្រាប់កំណើន​ និងការអភិវឌ្ឍ​ វារីវប្បកម្មត្រីទឹកសាប នៅកម្ពុជា។ គម្រោងនេះ​អនុវត្តដោយសមាគមសណ្តែកសៀងអាមេរិក និងអង្គការទស្សនៈពិភពលោកអន្តរជាតិ- កម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ចំពោះខេត្តគោលដៅចំនួន ៦ គឺ កណ្តាល សៀមរាប ពោធឹ៍សាត់ បាត់ដំបង កំពង់ធំ និងកំពង់ចាម។ 
 
ចាប់តាំងពីឆ្នាំ២០១៩ គម្រោង CAST បានធ្វើការជាមួយសហគ្រាសចំនួន ៨៤៩ ដែលមានសមាជិកសរុប ១ ១៤៩ នាក់នៅក្នុងវិស័យវារីវប្បកម្ម រាប់ទាំងអ្នកចែកចាយចំណី កសិដ្ឋានភ្ញាស់ និងផលិតកូនត្រី ,កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រី, អ្នកលក់ដុំ និងអ្នកចែកចាយត្រីបន្ត។ ក្នុងនោះសហគ្រាសចំនួន ១៤៩ ដែលមានសមាជិក ១៩០នាក់ បានទទួលអត្ថប្រយោជន៍ពីវគ្គបណ្តុះបណ្តាលផ្នែកអភិវឌ្ឍអាជីវកម្ម ដែលរួមចំណែកដល់ការកែលម្អអាជីវកម្មរបស់ពួកគេ ក៏ដូចជាទីផ្សារត្រីចិញ្ចឹមក្នុងស្រុកផងដែរ ៕
 

Tag:
 CAST
© រក្សាសិទ្ធិដោយ thmeythmey.com