ជាតិ
សេដ្ឋកិច្ច
លោក ជា ចាន់តូ រំពឹងថា អតិផរណាឆមាសទី២ អាចស្ថិតក្រោម ៥ ភាគរយ
14, Sep 2022 , 10:59 pm        
រូបភាព
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ។ រូបពី NBC ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ។ រូបពី NBC ។
អតិផរណាកម្ពុជានៅឆមាសទី២ ត្រូវបានរំពឹងថា អាចស្ថិតក្រោម៥ ភាគរយ ស្របនឹងកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥ភាគរយ នៅឆ្នាំ ២០២២នេះ​។ នេះបើតាលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។



អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថា ថយចុះពី៦,៥ភាគរយនៅឆមាសទី១ មកក្រោមអត្រា ៥ភាគរយ ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈ ,ការរអាក់រអួលច្រវាក់ផ្គត់ផ្គង់សកល និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។ 
 
ចំណែកសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា មានកំណើនក្នុងរង្វង់ ៥ភាគរយ ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជាឆមាសទី១ បានកើនឡើងបន្តិចក៏ដោយ។ នេះបើតាមលោក ជា ចាន់តូ ។ 
 
បើតាមទេសាភិបាលធនាគារជាតិរូបនេះ ទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវា ដែលខ្ពស់ជាងកម្រិតអប្បបរមា ដែលប្រទេសកំពុងអភិវឌ្ឍន៍ គួរមាន ៣ខែ។ ចំពោះ អត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក មានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រាដូចគ្នា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ ដែលសកម្មភាពសេដ្ឋកិច្ចបន្តងើបឡើងជាលំដាប់។
 
លោក ជា ចាន់តូ បានឱ្យដឹងថា ៖« ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ខណៈប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ»។
 
មូលដ្ឋានគ្រឹះនៃអតិផរណា កើតចេញពីការឡើងថ្លៃទំនិញទូទៅ និងវិបត្តិនៃអត្រាប្តូរប្រាក់។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជាប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី១៤កញ្ញា ថា អតិផរណាអាចធ្លាក់ចុះបន្តិច ដោយសារ ការកើនឡើងផលិតកម្មនៅក្នុងស្រុក ដែលអាចទប់ការនាំចូលមួយចំនួន ហើយធ្វើឱ្យទំនិញឡើងថ្លៃទាបជាងមុន។ ទន្ទឹមនេះ រដ្ឋាភិបាលបានធ្វើសម្បទានជាច្រើនទៅក្នុងតម្លៃប្រេងឥន្ធនៈ ដូចដែលបានសន្យា​ ស្របពេលដែលរដ្ឋាភិបាលបានបញ្ចេញអង្ករពីឃ្លាំងច្រើន ទប់ស្កាត់ការឡើងថ្លៃ។
 
សូមជម្រាបថា អត្រាប្តូរប្រាក់គោលផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា​ ប្រចាំថ្ងៃទី១៤ កញ្ញានេះ គឺ ១ដុល្លារ ស្មើនឹង ៤ ១០៩រៀល ខណៈ​អត្រាប្តូរទីផ្សាររបស់ធនាគារអេស៊ីលីដា និងធនាគារABA ១ដុល្លារ ស្មើនឹង​ ៤ ១០៨រៀល។ ដោយឡែក អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃទីកក្កដា​ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា  ១ដុល្លារ ស្មើនឹង ៤ ១១៧រៀល៕
 
 
 

Tag:
 អតិផរណា ជា ចាន់តូ
© រក្សាសិទ្ធិដោយ thmeythmey.com