ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ជួបលោក ប្រាយុទ្ធ ចន្ទអូចា
21, Sep 2022 , 11:52 am        
រូបភាព
ជំនួបរវាងលោក ហ៊ុន ម៉ាណែត មេទ័ពជើងគោកកម្ពុជា និងលោក ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្រ្តីការពារជាតិថៃ ក្នុងប្រទេសថៃ នៅថ្ងៃទី២០២២។
ជំនួបរវាងលោក ហ៊ុន ម៉ាណែត មេទ័ពជើងគោកកម្ពុជា និងលោក ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្រ្តីការពារជាតិថៃ ក្នុងប្រទេសថៃ នៅថ្ងៃទី២០២២។
ក្នុងដំណើរទស្សនកិច្ចនៅថៃ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោក ប្រាយុទ្ធ ចន្ទអូចា ដែលទើបត្រូវព្យួរតំណែងនាយករដ្ឋមន្រ្តីថៃ ដោយសល់តែតំណែងជារដ្ឋមន្រ្តីការពារជាតិ។

 
ក្នុងជំនួប នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានអរគុណភាគីថៃ ដែលគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំង២។ លោក លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ដូចជា កិច្ចសហការល្អរវាងកងកម្លាំងតាមបណ្តោយព្រំដែន និង ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី ជាដើម។ លោក បន្តថា ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
 
ចំពោះលោក ប្រាយុទ្ធ ចន្ទអូចា វិញ លោក បង្ហាញការគាំទ្រចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធផ្នែកកងទ័ព ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ ឲ្យកាន់តែរឹងមាំ និងយូរអង្វែង។ លោករដ្ឋមន្រ្តីការជាតិថៃ ថែមទាំងគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ 
 
ខ្លឹមសារអំពីជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ប្រយុទ្ធ ចន្ទអូចា ត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា៕ 
 
 
 

Tag:
 កម្ពុជា-ថៃ
  ហ៊ុន ម៉ាណែត
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com