ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា បន្តផ្ញើសារ៖ យើង រួមគ្នាធ្វើអំពើល្អ កុំបង្កការឈឺចាប់ដល់អ្នកដទៃ
22, Sep 2022 , 4:39 pm        
រូបភាព
លោក កឹម សុខា ជូនទេយ្យវត្ថុដល់ម្តាយ។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក កឹម សុខា ជូនទេយ្យវត្ថុដល់ម្តាយ។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅវត្តជាញឹកញាប់ នារដូវបុណ្យភ្ជុំបិណ្ឌនេះ ហើយរាល់លើកដែលលោកទៅកាន់បិណ្ឌនៅវត្តណា លោក តែងបង្ហោះពីសកម្មភាពទាំងនោះលើទំព័រហ្វេសប៊ុក ដោយភ្ជាប់ជាមួយសារអំពីធម៌អាថ៌ផងដែរ។

 
តាមរយៈសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មេដឹកនាំក្រុមប្រឆាំង ដែលត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយរូបនេះ បានសរសេរដូច្នេះថា៖«យើង រួមគ្នាធ្វើអំពើល្អ កុំបង្កការឈឺចាប់ដល់អ្នកដទៃ»។ នៅថ្ងៃទី២២កញ្ញានេះ លោក បានកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក គឺវត្តសម្តេចពាន់ និងវត្តឧត្តមសូរិយា។ លោក អះអាងថា ក្នុងរដូវកាន់បិណ្ឌឆ្នាំនេះ លោក បានទៅ៧វត្តហើយ។
 
លោក រំលេចសារទៀតថា ទោះមានការរំខានផ្លូវកាយ ផ្លូវចិត្ត និងសិទ្ធិសេរីភាពរបស់លោកយ៉ាងណា ក៏លោក នៅតែស្មោះត្រង់ចំពោះប្រជាជាតិខ្មែរ មិននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ និងមិនបំផ្លិចបំផ្លាញធនធានទ្រព្យសម្បត្តិជាតិខ្មែរឡើយ។ 
 
សូមរម្លឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧មក ពីបទលួចពឹងពាក់បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការភ្នំពេញ កាត់ក្តីលើសំណុំរឿងរបស់លោក អស់៥៧លើករួចមកហើយ។ ការកាត់ក្តីនេះ ធ្វើឡើងតែ១ព្រឹកប៉ុណ្ណោះ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ព្រឹកថ្ងៃពុធ៕ 
 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com