ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ អាជ្ញាធរខេត្តព្រះសីហនុ នឹងពង្រឹងសុវត្ថិភាពតំបន់ឆ្នេរ ដើម្បីទទួលទេសចរ​​
23, Sep 2022 , 11:19 am        
រូបភាព
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
រដ្ឋបាលខេត្តព្រះសីហនុកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរបន្ថែមសម្រាប់ ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អាជ្ញាធរខេត្តនឹងពង្រឹងការការពារនៅតំបន់ឆ្នេរដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ខណៈពិធីបុណ្យភ្ជុំបិណ្ឌស្ថិតក្នុងរដូវវស្សា។


 
ជារៀងរាល់ចុងសប្តាហ៍ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរយ៉ាងច្រើន ដែលទៅកម្សាន្តនៅតំបន់ឆ្នេរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុក៏រំពឹងថា ថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី២៤ ដល់២៦កញ្ញា ទេសចរជាតិកាន់តែច្រើននឹងទៅលម្ហែនៅតាមឆ្នេរ និងកោះក្នុងខេត្តព្រះសីហនុ ទោះស្ថិតក្នុងរដូវវស្សា។


ទេសភាពឆ្នេរឡុងសិត ផ្នែកមួយនៃកោះរ៉ុង នាពេលព្រឹក។
 
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 តាមប្រព័ន្ធតេឡេក្រាមថា ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរ ជាពិសេសទេសចរជាតិ ដែលនិយមកម្សាន្តនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ។ អាជ្ញាធរខេត្តព្រះសីហនុ បានដាក់ក្រុមអ្នកល្បាត នៅតាមឆ្នេរដើម្បីត្រៀមសង្គ្រោះទេសចរ ពេលមានបញ្ហាណាមួយកើតឡើងជាយថាហេតុ។
 
លោក ឡុង ឌីម៉ង់ លើកឡើងថាដូច្នេះ៖ « ព្រះសីហនុជាខេត្តទេសចរណ៍ មិនថារដូវភ្ជុំធំទេ សូម្បីថ្ងៃចុងសប្តាហ៍ក៏មានភ្ញៀវទៅកម្សាន្តច្រើនដែរ។ តាំងពីយើងកែលម្អប្រព័ន្ធឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះមក យើងតែងរក្សាអនាម័យ បរិស្ថាន និងបន្ទប់ទឹកសាធារណៈសម្រាប់ភ្ញៀវទេសចរ។ យើងក៏បានដាក់ប៉មចំនួន១២ សម្រាប់ឆ្មាំការពារឆ្នេរជួយសង្គ្រោះទេសចរ ពេលមានអាកាសធាតុមិនល្អ។ យើងបានត្រៀមសម្រាប់ពិធីបុណ្យភ្ជុំនេះដូចគ្នា»។​


អាហាររដ្ឋាននៅលើឆ្នេរឡុងសិត នៃកោះរ៉ុង។​

ក្រៅពីការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាព  មន្ទីរទេសចរណ៍ក៏បានណែនាំឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ពង្រឹងផលិតផលរបស់ខ្លួនបន្ថែម។ លើសពីនេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុក៏បានណែនាំអាជីវកម្មទេសចរណ៍ មិនឱ្យដំឡើងថ្លៃសេវាកម្ម ឬទំនិញរបស់ពួកគេក្នុងពិធីបុណ្យទានផងដែរ។
 
សូមជម្រាបដែរថា  យោងតាមរបាយការណ៍លម្អិតពីទិន្នន័យភ្ញៀវទេសចរប្រចាំសប្តាហ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃសៅរ៌ និងថ្ងៃបិណ្ឌ១ ដែលត្រូវនឹងថ្ងៃអាទិត្យ ភ្ញៀវទេសចរបានចេញដើរកម្សាន្តនៅរមណីយដ្ឋាននានារហូតដល់ ២០៣ ៩២១នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន ១៨ ៥១៥នាក់។ ទោះចុងសប្តាហ៍កន្លងទៅស្ថិតក្នុងរដូវវស្សា តែខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរច្រើនជាងគេរហូតដល់ ២៧ ៥៩៤នាក់៕
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com