ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ មណ្ឌលគិរី​,រតនគិរី,ស្ទឹងត្រែង និងក្រចេះ ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលទេសចរ
23, Sep 2022 , 2:39 pm        
រូបភាព
ដោយ:
តំបន់ភាគឦសាន ជាទីតាំងទេសចរណ៍ ពេញនិយមមួយសម្រាប់ទេសចរ ក្នុងពិធីបុណ្យទាននានា ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ដែលអំណោយផលដល់ភ្ញៀវទេសចរគយគន់ទេសភាពពណ៌បៃតង។ យ៉ាងណាមិញរដ្ឋបាលខេត្ត មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ។



មណ្ឌលគិរី ជាខេត្តទេសចរណ៍មួយ ដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិ ជាពិសេសតំបន់ភ្នំ និងទឹកធ្លាក់។ ជាមួយគ្នានេះ រដូវវស្សា ជាពេលវេលាសាកសមសម្រាប់ទេសចរទៅកម្សាន្តនៅខេត្តមណ្ឌលគិរី។ រាល់ពិធីបុណ្យទាន ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តមួយនេះ រហូតដល់ខ្វះកន្លែងស្នាក់នៅ។ 

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី ប្រាប់សារព័ត៌មានThmeyThmey25ថា ខេត្តមណ្ឌលគិរីនឹងមានទេសចរច្រើន ក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ តែមិនច្រើនដូចពិធីបុណ្យចូលឆ្នាំខ្មែរឡើយ។ យ៉ាងណាមិញលោក ងិន សុវិមាន អះអាងថា ខេត្តមណ្ឌលគិរីត្រៀមខ្លួនរួចហើយសម្រាប់ទទួលទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
 

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី
 
អភិបាលរងខេត្តរូបនេះបញ្ជាក់បន្ថែមដូច្នេះ៖ «ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទេសចរមិនច្រើនដូចចូលឆ្នាំទេ ព្រោះទេសចរអាចចេញទៅស្រុកកំណើត។ តែទេសចរនៅតែច្រើនជាងថ្ងៃធម្មតា ហើយជុំវិញសេវាកម្មស្នាក់នៅ ឆ្នាំនេះនឹងមិនមានការខ្វះខាតឡើយ»។
 
ចំណែកអភិបាលខេត្តរតនគិរី ក៏រំពឹងថាអាចទទួលបានទេសចរច្រើនដែរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បើទោះខេត្តរតនគិរីនៅឆ្ងាយពីរាជធានីភ្នំពេញក្ដី។ លើសពីនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើកឡើងថាអាជ្ញាធរខេត្តបានត្រៀមខ្លួនរួចរាល់ហើយទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានសម្រាប់ទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

លោក​ ញ៉ែម សំអឿន​ បន្ថែមថាក្រៅពីរក្សាសណ្ដាប់ធ្នាប់ បរិស្ថាន អាជ្ញាធរបានណែនាំដល់សេវាកម្មទេសចរណ៍ទាំងអស់មិនឱ្យដំឡើងថ្លៃផលិតផលក្នុងពិធីបុណ្យទាន។  «ម្ចាស់សេវាកម្មមិនត្រូវដំឡើងថ្លៃទំនិញទេ ព្រោះដើម្បីទាក់ទាញទេសចរ ពិធីបុណ្យមិនមែនមានតែម្ដងឡើយ ជាពិសេសនៅចុងឆ្នាំមានពិធីបុណ្យច្រើនណាស់»។ នេះជាការបន្ថែមរបស់អភិបាលខេត្តរតនគិរី។


លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ រូបភាព៖ រដ្ឋបាលខេត្តរតនគិរី
 
ក្រៅពីមណ្ឌលគិរី​ និងរតនគិរី ខេត្តនៅតំបន់ភាគឦសានចំនួន ២ទៀត គឺខេត្តក្រចេះ និងស្ទឹងត្រែង ក៏បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលទេសចរដែរ។ បច្ចុប្បន្នខេត្តស្ទឹងត្រែងមានកន្លែងកម្សាន្តជាច្រើន ដោយភាគច្រើនជាប្រភេទទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ជាពិសេសនៅតំបន់រ៉ាមសារ។
 
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ប្រាប់សារព័ត៌មានThmeyThmey25 ថាពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ខេត្តស្ទឹងត្រែងនឹងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំមុន ព្រោះឆ្នាំនេះតំបន់ទេសចរណ៍ទាំងអស់បានបើកឡើងវិញ​។ លើសពីនេះ ខេត្តស្ទឹងត្រែងក៏មានតំបន់ទេសចរណ៍ទាក់ទាញមួយចំនួនដូចជា អន្លង់ផ្សោតឈើទាល , សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, បុរីអូស្វាយ និងតំបន់ទេសចរណ៍កែច្នៃក្នុងក្រុងស្ទឹងត្រែង។
  

លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ រូបភាពពីហ្វេសប៊ុករបស់លោក។

«យើងបានរៀបចំតំបន់ទេសចរណ៍មួយចំនួនដើម្បីប្រកួតជាមួយតំបន់ទេសចរណ៍ផ្សេងក្នុងស្រុក ដើម្បីក្លាយជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើនក្នុងពិធីបុណ្យទានផ្សេងៗ ជាពិសេសបុណ្យភ្ជុំបិណ្ឌ»។ នេះជាការលើកឡើងរបស់លោក អ៊ុន ប៉ោសឿន។
 
ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក ចាន់ សុគន្ធី រំពឹងថាខេត្តក្រចេះក៏ទទួលបានភ្ញៀវទេសចរច្រើនដែរក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រោះក្រៅពីជួបជុំគ្រួសារពួកគេក៏អាចនឹងដើរកម្សាន្តតាមរមណីយដ្ឋាននានា ដូចជា វិហារសសរ១០០, អន្លង់ផ្សោតកាំពី, កោះទ្រង់ និងតំបន់ភ្នំជាដើម។ តាមរយៈការរំពឹងនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបបន្តថា គ្រប់សេវាកម្មទេសចរណ៍ក្នុងខេត្តបានរៀបចំ ផលិតផលរបស់ពួកគេសម្រាប់ភ្ញៀវទេសចរឆ្លងកាត់ និងសម្រាកកម្សាន្តក្នុងខេត្តរួចរាល់ហើយ៕


លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ។


រូបភាព៖ Cambodia Amazing Trip Planner


កន្លែងស្នាក់នៅក្នុងខេត្តមណ្ឌលគិរី។


អាហារដ្ឋាននៅរមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរី។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ
 

Tag:
 ThmeyThmey25
  មណ្ឌលគិរី
  ​ រតនគិរី
  ក្រចេះ
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com